ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់សប្តិ​មាន​គេ​ប្រាប់​ថា មាន​គេ​ចង់​ដុត​ផ្ទះ ព្រឹក​ឡើង​គេ​លួច​ដុត​ផ្ទះ​ឆេះ​អស់​មែន

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​២​ខ្នង​, ម៉ាស៊ីនភ្លើង​១​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ឆេះ​គ្មាន​សល់ ខណៈ​ម្ចាស់​រវល់​ទៅ​ភ្នំពេញ​ព្យាបាល​ជម្ងឺ ។

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​២​ខ្នង​, ម៉ាស៊ីនភ្លើង​១​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ឆេះ​គ្មាន​សល់ ខណៈ​ម្ចាស់​រវល់​ទៅ​ភ្នំពេញ​ព្យាបាល​ជម្ងឺ ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អ្រ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ នៅ​ចំណុច​ភូមិ​ស្រែ​ជើង​រាស្ត្រ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មានឈ្មោះ​ផល ចាន់​លី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ។

តាម​ការ​អះអាង​ពី​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​បានឱ្យ​ដឹង​ថា មួយ​រយ​នេះ​ក្រុម​គ្រួសារ​គាត់​មិនសូវ​បាន​ស្នាក់​នៅផ្ទះ​កើតហេតុ​នេះ​ទេ គឺ​ទៅ​ព្យាបាល​ជំងឺ​នៅ​ភ្នំពេញ ។ ម្ចាស់ផ្ទះ​បន្ត​ថា នៅ​យប់​កើតហេតុ​មានព្រលឹង​មួយ​មក​ពន្យល់​ស​ប្តិ​រូប​គាត់​ឱ្យ​នាំ​ក្រុម​គ្រួសារ​ត្រឡប់​ទៅ​ផ្ទះ​វិញ​(​កន្លែង​កើតហេតុ​)​ឱ្យ​លឿន​បំផុត ព្រោះ​មាន​មនុស្ស​មិនល្អ​ចង់​ដុត​បំផ្លាញ​ផ្ទះ និង​ត្រាក់ទ័រ​របស់​គាត់​ចោល​ហើយ និយាយ​ចប់​ព្រលឹង​នោះ​ក៏​រលាយ​បាត់​ទៅ ។

លុះ​ភ្លឺ​ឡើង​ថ្ងៃខែ​ឆ្នាំ​ដដែល អ្នកស្រុក​ក៏​បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា មាន​ជន​មិន​ស្គាល់​មុខ​មក​លួច​ដុត​ផ្ទះ​របស់​គាត់ និង​ត្រាក់ទ័រ​ឆេះ​ខេ្ទ​ច​អស់ហើយ ។ គ្រាន់តែ​លឺ​អ្នកស្រុក​និយាយ​បែប​នេះ ធ្វើ​ឱ្យ​គាត់​ព្រមទាំង​ក្រុម​គ្រួសារ​មានការ​ក្តុកក្តួល​យ៉ាង​ខ្លាំង ម្នាក់​ៗ​និយាយ​លែង​ចេញ បាន​ត្រឹមតែ​សម្លឹង​មើល​មុខ​គ្នា​ទាំង​ក្តី​អស់សង្ឃឹម ។

ផ្ទះ​ដែល​គេ​លួច​ដុត​នោះ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ ១​ខ្នង និង​១​ខ្នង​ទៀត​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ ដែល​មាន​ចំងាយ​ពី​គ្នា​១០​ម៉ែត្រ ត្រូវ​គេ​លួច​ដុត​ឆេះ​ខ្ទេច​គ្មាន​សល់​អ្វី​ឡើយ ។ ការ​ឆេះ​នោះ​ខូចខាត​អស់​ផ្ទះ​២​ខ្នង ខ្ចូ​ស​សំរាប់​អង្គុយ​ហូប​បាយ​១​កន្លែង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ​(​មិន​មាន​មាសប្រាក់​ទេ​) តែ​អ្វី​ដែល​ខូចខាត​ធ្ងន់​គឺ​ត្រាក់ទ័រ​១​គ្រឿង​ដែល​មាន​តម្លៃ​ជិត​៤០.០០០​ដុល្លារ និង​ម៉ាស៊ីនភ្លើង​១​គ្រឿង ។

អ្វី​ដែល​គាត់​ជឿ​ថា​មាន​អ្នក​លួច​ដុត ព្រោះ​រយៈពេល​កន្លង​មក​មាន​មនុស្ស​គំរាម​កូនក្មួយ និង​អ្នក​ចាំផ្ទះ​គាត់​ថា បើ​ហ៊ាន​នៅ​ទី​នេះ​ទៀត​ប្រយ័ត្ន​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។ ក្រោយ​ពី​នោះ​កូនក្មួយ​គាត់​មិន​បាន​នៅផ្ទះ​ដូច​សព្វ​ដងនោះ​ទេ គឺ​បាន​បែក​គ្នា​ទៅ​រកស៊ី​រៀងខ្លួន ដោយ​ទុក​ផ្ទះ​នោះ​ឱ្យ​នៅ​ទំនេរ​ចោល ។ រឿង​នេះ​កូនក្មួយ​គាត់​ក៏​បាន​ប្រាប់​គាត់​ពី​បញ្ហា​នេះ​ដែរ តែ​គាត់​បាន​ប្រាប់​វិញ​ថា កុំ​យកចិត្តទុកដាក់​ធ្វើ​អី អ្នក​ភូមិ​ជាមួយ​គ្នា មិន​អាច​ធ្វើ​រឿង​នេះ​កើត​ទេ ។

ម្យ៉ាងទៀត​បានជា​គាត់​ហ៊ាន​អះអាង​ថា​មាន​គេ​លួច​ដុត​បែប​នេះ ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃនេះ​មេឃ​ភ្លៀង​ជាប់​គ្នា​ទើបតែ​រាំង​មុន​ពេល​ភ្លើង ឆេះ​មួយ​ថ្ងៃ ណាមួយ​ផ្ទះ​គ្មាន​មនុស្ស​នៅ គឺ​មិន​មាន​ប្រើប្រាស់​ភ្លើងចង្ក្រាន ឬ​ក៏​ភ្លើង​អ្វី​ទៀត​ឡើយ ។

ម្ចាស់ផ្ទះ​បាន​បន្ត​ទៀត​ថា ទើបតែ​មាន​អ្នកស្រុក​ទូរស័ព្ទ​ប្រាប់​គាត់​ថា​ផ្ទះ​ឆេះ​អស់ហើយ ទើប​គាត់​នឹក​ដល់​រឿង​ដែល​កូន​ក្នួ​យ​និយាយ​ប្រាប់ ។ ពេល​នេះ​គាត់​កំពុង​តែ​រៀបចំ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ឱ្យ​ជួយ​ស្រាវជ្រាវ​រកមុខ​ជន​ដែល​លួច​ដុត​ផ្ទះ​របស់​គាត់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕