រាជធានីភ្នំពេញ ៖ យុវសិស្សម្នាក់បានបើករថយន្តទំនើបមួយគ្រឿងម៉ាក MINI COOPER ដេញបុកម៉ូតូមួយគ្រឿងដួលផ្ទប់ទៅនឹងហាងជួសជុលម៉ូតូមួយកន្លែង បណ្តាលឱ្យយុវសិស្សពីរនាក់រងរបួសធ្ងន់ និងស្រាល និងបណ្តាលឱ្យម៉ូតូចំនួន៤គ្រឿងទៀតរងការខូចខាត ក្រោយពីរូបគេខឹងនឹងយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងយកដុំថ្ម គប់បែកកញ្ចក់រថយន្តផ្នែកខាងក្រោយរបស់គេរួចមក។
ករណីនេះ បានបង្កឱ្យមានគារភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៣០ មិថុនា ២០១៥ នៅខាងមុខហាងជួសជុលម៉ូតូដែលមានយីហោ១៦៨ ជាងសរ ផ្ទះលេខ៤៣B ផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
តាម ប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា យុវសិស្សដែលរងគ្រោះមានឈ្មោះយុទ្ធ បរម៉ី អាយុ១៧ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យផ្សារដើមថ្កូវ រងរបួសធ្ងន់ និងម្នាក់ទៀតមានឈ្មោះស៊ុន ណារិទ្ធ អាយុ១៥ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យទួលទំពូង បានរងរបួសស្រាល ជិះម៉ូតូម៉ាក Let’s ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ១DC-១៥០៩ ។
យុវសិស្ស បង្កមានឈ្មោះចែវុន ភារុណ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១០C មានទីលំនៅផ្ទះលេខ៥៤ ផ្លូវមាត់ទន្លេ ក្រុងតាខ្មៅ បានបើករថយន្តទំនើបមួយគ្រឿងម៉ាក MINI COOPER ព៌ណកាប់ស្តាំង គ្មានស្លាកលេខ។
តាមប្រភពបានប្រាប់បន្តទៀតថា មុនពេលកើតហេតុយុវសិស្សបង្កបានបើករថយន្តរបស់ខ្លួនតាមផ្លូវក្នុង ទិសដៅពីលិចទៅកើត លុះជិតដល់កន្លែងកើតហេតុក៏មានជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូ មួយគ្រឿងមកក្បែរហើយយកដុំថ្មគប់ទៅលើរថយន្តរបស់ខ្លួនបណ្តាលឱ្យ បែកកញ្ចក់ខាងក្រោយ ស្របពេលនោះគេក៏បានឃើញម៉ូតូរបស់យុវសិស្សរងគ្រោះទាំងពីរនាក់ ជិះវ៉ា ហើយក៏បានបើកដេញតាមទាន់នឹងបុកផ្តួលតែម្តង។
ក្រោយ ពេលកើតហេតុយុវសិស្សដែលរងរបួសធ្ងន់ត្រូវបានមិត្តភក្តិបញ្ជូនតាម ម៉ូតូទៅកាន់មន្ទីរពេទ្យ តែក្នុងករណីនេះត្រូវបានពួកគេបដិសេធថា មិនបានធ្វើសកម្មភាពគប់ដុំថ្មទៅលើរថយន្តរបស់យុវសិស្សនោះឡើយ។ ម៉ូតូដែលរងការខូចខាតទាំង៤គ្រឿង ត្រូវបានធ្វើការដោះស្រាយបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តបង្ក និងម៉ូតូរបស់យុសិស្សរងគ្រោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕
ចែករំលែកព័តមាននេះ