ខេត្តកំពង់ស្ពឺ ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបានបុកដើមអំពិលកាលពីវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី២៩ មិថុនា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ ក្នុងភូមិសាស្ត្រភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៥នាក់ និងរថយន្តខូចខាតស្ទើរតែស្រុង ។
សមត្ថកិច្ចដែលបានទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា រថយន្តដែលបុកដើមអំពិលនោះម៉ាកកាមរីឆ្លាម ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2U-2516 អ្នកបើកឈ្មោះឆាយ សុធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយនៅក្នុងរថយន្តនោះមានជិះគ្នា៥នាក់ ។
សមត្ថកិច្ចបន្តថា ជនរងទាំង៥នាក់ មាន ១-ឈ្មោះឆាយ សុធារ៉ា (អ្នកបើកបរ) របួសធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅរាជធានីភ្នំពេញ, ២-ឈ្មោះឡេង មករា ភេទស្រី អាយុ១៨ឆ្នាំ របួសស្រាល រស់នៅម្តុំបឹងត្របែក រាជធានីភ្នំពេញ, ៣-ឈ្មោះឡាយ សេងគៀង ភេទស្រី អាយុ១៩ឆ្នាំ របួសស្រាល រស់នៅម្តុំបឹងត្របែក រាជធានីភ្នំពេញ, ៤-ឈ្មោះពេជ្រ ច័ន្ទផានិត ភេទស្រី អាយុ២០ឆ្នាំ របួសធ្ងន់ រស់នៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង៥-ឈ្មោះពៅ លីន ភេទស្រី អាយុ២៥ឆ្នាំ របួសស្រាល រស់នៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រភពបានឱ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តនេះធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកដើមអំពិលបណ្តាលឱ្យរថយន្តក្រឡាប់ខូចខាតធ្ងន់ធ្ងរ ចំណែកមនុស្សនៅក្នុងរថយន្តទាំងអស់សុទ្ធតែរងរបួស ។
បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសំរោងទងដើម្បីដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ