ខេត្តស្វាយរៀង ៖ បុរសម្នាក់រៀបការទើបតែបានបីខែ សង្ស័យខឹងប្រពន្ធមិនព្រមរួមដំណេក ក៏គិតខ្លីបានដាច់ចិត្តសម្លាប់ខ្លួនដោយយកខ្សែគោចង.កនៅលើដើមអាកាស្យាខាងក្រោយផ្ទះស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ មិថុនា ២០១៥ ស្ថិតក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាបបានឱ្យដឹងថា បុរសគិតខ្លីមានឈ្មោះប្រាក់ មករា អាយុ២០ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះម៉ន ស្រីសរ អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ដោយអ្នកទាំងពីរទើបតែរៀបការបានរយៈពេល៣ខែប៉ុណ្ណោះ ។
បើតាមស្ត្រីជាប្រពន្ធឈ្មោះម៉ន ស្រីសរ បានប្រាប់សមត្ថកិច្ចនគបាលថា នៅយប់មុនថ្ងៃកើតហេតុ ប្តីគាត់បានទៅចូលរួមពិធីមង្គលការរបស់អ្នកភូមិរហូតដល់ម៉ោង៧យប់ទើបត្រឡប់មកវិញ និងបានពិសារបាយជាមួយក្រុមគ្រួសារ ។ បន្ទាប់ពីឡើងដេកលើផ្ទះ ប្ដីក៏បានខ្សិបដាក់ត្រចៀកថា(បងចង់) ប៉ុន្តែរូបគាត់(ប្រពន្ធ)បានប្រាប់ថា អូនមិនស្រួលខ្លួនទេ ណាមួយមានផ្ទៃពោះបីខែហើយ ។ ក្រោយមកស្រាប់តែប្តីបានឆ្លើយតបថា អូនឯងមិនស្រលាញ់បងទេអី ហើយរូបគាត់បាននិយាយថា បើមិនស្រលាញ់នោះរៀបការរួមរស់ជាមួយគ្នាធ្វើអ្វី ។ មួយសន្ទុះក្រោយមក ប្តីគាត់ក៏ចុះពីលើផ្ទះមិនហាស្ដីមួយម៉ាត់ សង្ស័យខឹងរូបគាត់ជាប្រពន្ធ ។
លុះព្រឹកឡើង ម៉ោង៦ ថ្ងៃទី២៨ មិថុនា ២០១៥ ក៏មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋក្នុងភូមិប្រទះឃើញប្តីរបស់នាងបានចង.កសម្លាប់ខ្លួនក្រោមដើមអាកាស្យារបាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំសំបួរ និងនគបាលជំនាញខេត្ត ក៏មកពិនិត្យស្លាកស្នាមសាកសព និងនៅជាប់ខ្លួនដោយបន្សល់ទុកនូវសំបុត្រមួយច្បាប់ ដែលមានន័យថា (ខ្ញុំបាទឈ្មោះប្រាក់ មករា ជួនចំពោះអូន ស ក្នុងបេះដួងបង សូមឱ្យអូនរស់នៅបានសេចក្តីសុខចុះ បងលាហើយណាអូនសំលាញ់) ។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យថា មិនមានស្លាកស្នាមអ្វីជាអំពើឃាដកម្ម សមត្ថកិច្ចក៏សន្និដ្ឋានថាជាការធ្វើអត្តឃាត ហើយបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ