ខេត្តព្រះសីហនុ ៖ ឈ្មោះលោកឧត្តមសេនីយ៍ឯកយោធាមួយរូបត្រូវបានស្ត្រីម្នាក់យកមកអួតអាងនៅកណ្តាលទីប្រជុំជន បន្ទាប់ពីរថយន្តរបស់ស្ត្រីរូបនោះបានបុកគ្នាជាមួយរថយន្តមួយគ្រឿងផ្សេងទៀតនៅចំណុចផ្លូវបំបែកសួនច្បារអតីតមហោស្រព ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៧ មិថុនា ២០១៥។
ជុំវិញករណីនេះសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា ពុំបានធ្វើរបាយការណ៍នោះទេ ប៉ុន្តែបើទោះបីជាសមត្ថកិច្ចពុំបានបង្ហាញពីរបាយការណ៍យ៉ាងណាក៏ដោយ យោងតាមប្រភពពីកូនមន្ត្រីប៉ូលិសបានលួចបង្ហើបថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកមីតស៊ុយប៊ីស៊ីដ្រាយស្តុន ពណ៌ស គ្មានស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូងបើកបរដោយស្ត្រីម្នាក់ឈ្មោះ ហាក់ ស៊ីថា អាយុ៤៥ឆ្នាំ មានទីលំនៅទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបុកជាមួយរថយន្តមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរពីមុខម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q9142 ក្នុងទិសដៅពីលិចទៅកើតហើយបានស្រែកឡូឡានៅកន្លែងកើតហេតុថា ខ្លួនគាត់ស្គាល់អ្នកធំ ជាមន្ត្រីយោធាថ្នាក់ផ្កាយ៣ និងជាថៅកែសណ្ឋាគារនៅក្រុងព្រះសីហនុ រូបគាត់មិនខ្លាចនរណាជាដាច់ខាត ហើយគ្មាននរណាម្នាក់អាចធ្វើអ្វីគាត់បាននោះទេ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្តាលឱ្យរងគ្រោះដល់មនុស្ស ឬខូចខាតធ្ងន់ធ្ងរនោះទេ តែដោយសារតែអាងខ្នង អាងសែ ទើបរឿងនេះមិនអាចបញ្ចប់បាន គឺរង់ចាំបញ្ជូនទៅកាន់តុលាការជាអ្នកសម្រេច។
ទាក់ទិនទៅនឹងករណីនេះដែរ អ្នកឃើញហេតុការណ៍មានការហួសចិត្តយ៉ាងខ្លាំងទៅនឹងទង្វើរបស់ស្ត្រីជិះរថយន្តម៉ាកមីតស៊ុយប៊ីស៊ីដ្រាយស្តុន ពណ៌ស គ្មានស្លាកលេខនោះយ៉ាងខ្លាំង ព្រោះតែបើកបុករថយន្តគេហើយទាមទារឱ្យគេសងទៀតផង មិនត្រឹមតែប៉ុណ្ណោះយកឈ្មោះឯកឧត្តមនេះ ឯកឧត្តមនោះមកអួតអាងនៅកណ្តាលទីប្រជុំជន គំរាមគួភាគីម្ខាងទៀត ខណៈពេលឯកឧត្តមដែលត្រូវគេយកឈ្មោះមកអួតអាងពុំបានដឹងរឿងអ្វីទាំងអស់។
ដោយឡែក លោកឧត្តមសេនីយ៍ឯកយោធាដែលត្រូវគេយកឈ្មោះប្រើប្រាស់បានធ្វើការបដិសេធភ្លាមៗក្រោយទទួលដំណឹងថា មានគេយកឈ្មោះរបស់លោកទៅអួតអាងតាមទីសារធារណៈ ដោយលោកឧត្តមសេនីយ៍បញ្ជាក់ថា ស្ត្រីរូបនោះ គឺរូបគាត់បានស្គាល់គ្នាមែន ប៉ុន្តែពុំមានអ្វីពាក់ព័ន្ធនោះទេ អ្នកណាសាង អ្នកនោះទទួល ទុកឱ្យច្បាប់ជាអ្នកកំណត់ថា អ្នកណាខុស អ្នកណាត្រូវ មិនអាចធ្វើអ្វីរំលោភច្បាប់បានទេ៕
ចែករំលែកព័តមាននេះ