ខេត្តស្វាយរៀង ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានរងបួសធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែងដោយសារតែឪពុកបោះពូថៅពីលើដើមកកោះ ធ្លាក់ចំក្បាលបណ្តាលឲ្យផ្លែពូថៅមុតក្បាលដូចគេកាប់ក្បាលមួយពូថៅផុងលលាដ៍សន្លប់ក្នុងថ្លុកឈាមគួរឲ្យសង្វេក ។ ករណីដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ មិថុនា ២០១៥ នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ។
បើតាមឪពុកឈ្មោះហែម ឈន អាយុ៣២ឆ្នាំ បានឲ្យដឹងថា កូនស្រីរងគ្រោះឈ្មោះហែម សុខណា ភេទស្រី អាយុ១២ឆ្នាំ រងរបួសក្បាលធ្ងន់ធ្ងរដូចគេកាប់ក្បាលមួយពូថៅផុងលលាដ៍ ដួលសន្លប់ក្នុងថ្លុកឈាម ។ បុរសជាឪពុកបន្តទៀតថា មុនពេលកើតហេតុ កូនៗឃ្លានចំណី ហើយក៏គ្មានអ្វីឲ្យកូនៗហូប ក៏បណ្តើរកូនៗទៅបេះផ្លែកកោះនៅក្រោយផ្ទះចម្ងាយ១០០ម៉ែត្រ ពេលទៅដល់ដើមកកោះខ្ជិលបេះ និងទម្ពក់ក៏យកពូថៅឡើងកាប់មែកកកោះយកផ្លែ និងយកមែកធ្វើអុសដុតផង ហើយដើមកកោះកម្ពស់ប្រមាណ៤ម៉ែត្រ ។ ពេលកាប់មែកកកោះធ្លាក់ដល់ដី កូនៗ៣នាក់ចូលបេះផ្លែកកោះហូប រីឯគាត់ជាឪពុកក៏មើលទៅខាងលិចដើមកកោះពុំមានឃើញកូនណាទេ ឃើញកូនៗនៅខាងកើតដើមទាំងអស់ក៏បោះពូថៅទម្លាក់មកដីចម្ងាយប្រមាណជា៥ម៉ែត្រពីដើម ស្រាប់តែមានកូនស្រីម្នាក់អង្គុយក្នុងគម្ពោធព្រៃរត់ចេញមកសំដៅចូលបេះផ្លែកកោះដែរ ក៏ធ្លាក់ពូថៅចំក្បាលដូចគេកាប់ពុះពីលើក្បាលមុតផុងលលាដ៍ហូរឈាមស្រោចផ្ទៃមុខ ដួលសន្លប់នៅក្នុងថ្លុកឈាម ។
ខណៈនោះ គាត់ក៏បីកូនរត់មកផ្ទះរួចហៅរថយន្តសាមុយដឹកមកមណ្ឌលសុខភាព ប៉ុន្តែដោយរបួសធ្ងន់ធ្ងរ គ្រូពេទ្យក៏បញ្ជូនមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ បន្ទាប់មកគ្រូពេទ្យក៏បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញដើម្បីសង្គ្រោះបន្តទៀត ។
នេះគឺមកពីការធ្វេសប្រហែសរបស់ឪពុក មិនដឹងថា វាសនាក្មេងស្រីរងគ្រោះទៅជាយ៉ាងណាទេ ។
ចែករំលែកព័តមាននេះ