រាជធានីភ្នំពេញ ៖ នារីម្នាក់អន់ចិត្តនិងមិត្តភក្តិចេញពីក្នុងក្លិបប៊សមកខាងក្រៅ និងដើរតាមផ្លូវ ត្រូវក្រុមចោរមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងស្ទាក់ប្លន់យកទូរស័ព្ទដៃអាយហ្វូន៥ តែនារីរងគ្រោះមិនព្រមឱ្យក៏ត្រូវក្រុមចោរវាយ និងកាប់បណ្ដាលឱ្យរងរបួសធ្ងន់ ហើយក្រុមចោរប្លន់យកទូរស័ព្ទគេចខ្លួនដោយសុវត្តិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ត្រង់ចំណុចស្ដុបផ្លូវ២០០៤ កែងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នារីរងគ្រោះដែលរងរបួសធ្ងន់កំពុងធ្វើការសង្គ្រោះបន្ទាន់ ត្រូវបានមិត្តភក្តិប្រាប់ឱ្យដឹងថាឈ្មោះ ម៉ាប់ អាយុប្រមាណ២០ឆ្នាំ ស្នាក់នៅម្ដុំផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមសម្ដីរបស់មិត្តភក្តិនារីរងគ្រោះដែលបាននាំនាងមកមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់បានឱ្យដឹងថា នៅមុនពេលកើតហេតុ គ្នារបស់គេប្រមាណ៤-៥នាក់បាននាំគ្នាចូលទៅរាំលេងកម្សាន្តនៅក្នុងក្លិបប៊ស លុះដល់យប់ជ្រៅបន្តិចក៏មានការទាស់សម្ដីគ្នាបន្តិចបន្តួច ធ្វើឱ្យនារីរងគ្រោះអន់ចិត្តក៏បានចេញមកក្រៅក្លិបមុន ហើយដើរតាមបណ្ដោយផ្លូវណតប្រ៊ីតឆ្ពោះទៅផ្លូវ២០០៤ ដោយដើរបណ្ដើរចុចទូរស័ព្ទអាយហ្វូន៥បណ្ដើរ ស្រាប់តែលេចមុខក្រុមចោរមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូស៊េរីទំនើប២គ្រឿងបានជិះមកក្បែរនារីរងគ្រោះ ហើយស្ទាក់បំរុងប្លន់យកទូរស័ព្ទ តែនារីរងគ្រោះមិនព្រមប្រគល់ទូរស័ព្ទឱ្យក៏ត្រូវក្រុមចោរវាយ និងកាប់បណ្ដាលឱ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាមក្បែរចញ្ចើមផ្លូវ ហើយក្រុមចោរក៏បានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព ។
បន្ទាប់ពីកើតហេតុ អ្នកធ្វើដំណើរតាមផ្លូវក៏បានឈប់មើលនារីរងគ្រោះ ហើយមិត្តភក្តិរបស់នាងក៏បានចេញក្រៅតាមរក ក៏ឃើញគេចោមរោមមើល ហើយក៏ដើរទៅមើលឃើញនារីរងគ្រោះដេកក្នុងថ្លុកឈាមរងរបួសធ្ងន់ ក៏ប្រញ៉ាប់ប្រញ៉ាល់ដឹកតាមម៉ូតូរ៉ឺម៉កកង់៣បញ្ជូនមកមន្ទីរពេទ្យព្រះកុសុមៈ(លោកសង្ឃ)ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ៕
ចែករំលែកព័តមាននេះ