ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មាន​ម៉ាត់​យ៉ាង​ខ្លី វៀតណាម​ថា​កំពុង​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​របាយការណ៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​តំបន់​ព្រំដែន និង​ធ្វើ​របាយការណ៍​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ឆ្លើយ​តប​នឹង​កំណត់​ទូត​របស់​កម្ពុជា ដែល​លើក​ឡើង​ថា

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​តំបន់​ព្រំដែន និង​ធ្វើ​របាយការណ៍​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ឆ្លើយ​តប​នឹង​កំណត់​ទូត​របស់​កម្ពុជា ដែល​លើក​ឡើង​ថា វៀតណាម​បាន​រំលោភ​ដី​កម្ពុជា ក្នុង​ខេត្ត​រតនគីរី និង​ខេត្តកណ្តាល ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៤ មិថុនា បានឱ្យ​ដឹង​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ជួប​ជាមួយ​លោក Le Hoai Trung អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ដែល​បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ «​វេទិកា​អាស៊ាន​-​ជប៉ុន​» នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ មិថុនា ។

ក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​រំឭក​ពី​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្នើ​កុំ​ឲ្យ​វៀតណាម​ធ្វើ​អ្វី​នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​បាន​បោះបង្គោល​ព្រំដែន ។ សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា លោក​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើ​យ៉ាង​ទទូច​ជា​ថ្មី​ម្តងទៀត​ឲ្យ​ភាគី​វៀតណាម​គោរព​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​១៩៩៥ រវាង​កម្ពុជា និង​វៀតណាម ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា «​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​ករណី​វៀតណាម​ជីក​ស្រះ​នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី និង​ករណី​សាងសង់​ប៉ុស្តិ៍​យាម​នៅ​ជាប់​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។ លោក​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​ការ​សាងសង់​នេះ ទោះបីជា​ក្នុង​ករណី​ជា​ការ​ជួសជុល​ប៉ុស្តិ៍​យាម​ចាស់​ក៏​ដោយ ដែល​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​បាន​លើក​ឡើង​ថា គ្រាន់តែ​ជា​ការ​ជួសជុល​ទេ​» ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ថា លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម បាន​លើក​ឡើង​ថា ភាគី​វៀតណាម​បាន​ទទួល​កំណត់​ទូត​របស់​កម្ពុជា ហើយ​ថ្នាក់ដឹកនាំ​វៀតណាម​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​វៀតណាម និង​បច្ចុប្បន្ន​កំពុង​រង់ចាំ​របាយការណ៍​នេះ ។ 

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​លោក ជុំ ស​ន្ទ​រី ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​វិទ្យុ VOD កាលពី​ថ្ងៃ​អង្គារ ទី​២៣ មិថុនា​ថា កម្ពុជា​កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​តាម​យន្តការ​ទ្វេភាគី ដែល​លោក​ថា ការងារ​នេះ​ត្រូវ​ចំណាយ​ពេលវេលា​យូរ ។ លោក​បន្ដ​ថា យន្តការ​ទ្វេភាគី​នេះ​ជា​ដំណោះស្រាយ​ជំហាន​ដំបូង ដោយ​ឲ្យ​អាជ្ញាធរ​ខេត្ដ​នៅតាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ជួប​ប្រជុំ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ហើយ​ក្រៅពី​នេះ​ក៏​មាន​បើក​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ លោក​មាន​ប្រសាសន៍​ថា «​បច្ចុប្បន្ន គឺ​យើង​ធ្វើការ​ប្រមូលផ្ដុំ​ការ​តវ៉ា​តាម​ការទូត ហើយ​ដែល​យើង​ធ្វើ​កន្លង​មករ​ហូត​ដល់​ពេល​នេះ គេ​ហៅ​ថា​យន្តការ​ទ្វេភាគី ដូច​ជាតា​មរយៈ​ទំនាក់ទំនង​គ្នា​រវាង​អាជ្ញាធរ​ដែនដី រវាង​អាជ្ញាធរ​ខេត្ត​និង​ខេត្ត ខេត្ត​កម្ពុជា​និង​ខេត្ត​វៀតណាម ឬ​ក៏​តាម​រយៈ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ ហើយ​និង​ការ​តវ៉ា​តាម​ផ្លូវ​ការទូត​» ។

គួរ​រំលឹក​ថា កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ មិថុនា ដែល​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដឹង​ថា ក្រុមបច្ចេកទេស​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​ខេត្តរតនគិរី បាន​រក​ឃើញ​ស្រះ​ចំនួន​៣​បន្ថែម​ទៀត​នៅ​ក្នុង​ព្រៃ​ជ្រៅ​បន្ទាប់​ពី​ការ​រក​ឃើញ​មុន​នេះ​ចំនួន​៥ ដែល​វៀតណាម​បាន​ជីក​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០ និង​លេខ​៤០ ក្នុងភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ដែល​កន្លែង​នោះ​មិន​ទាន់​បាន​កំណត់ព្រំដែន​ច្បាស់លាស់​នៅឡើយ ។ កំណត់​ទូត​បញ្ជាក់​ថា ស្រះ​ទឹក​ទី​១​មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​១៨​ម៉ែត្រ ស្រះ​ទឹក​ទី​២​មាន​ទំហំ​១៤,៥​ម៉ែត្រ​គុណ​នឹង​១៧​ម៉ែត្រ និង​ស្រះ​ទឹក​ទី​៣ មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​២៤,៥​ម៉ែត្រ ។

ចំណែក​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ មិថុនា លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​៨ មិថុនា ក្រសួង​បាន​ផ្ញើ​កំណត់​ទូត​មួយ​ទៅ​ប្រទេស​វៀតណាម ស្នើ​ឲ្យ​បញ្ឈប់​ការ​ជីកដី​ធ្វើ​គ្រឹះ​សម្រាប់​សាងសង់​ប៉ុស្តិ៍​យោធា ត្រង់​ចំណុច​និយាម​ការ WT-06065-07703 នៅ​ជាប់​ភូមិ​ព្រែក​ស្បូវ ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល របស់​ប្រទេស​កម្ពុជា ។

បើ​តាម​អះអាង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ដែល​បាន​ផ្ញើ​លិខិត​ទៅ​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ថា ក្រសួងការបរទេស​កម្ពុជា និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហាណូយ បាន​ធ្វើ​កំណត់​ទូ​តទៅ​រដ្ឋាភិបាល​វៀតណាម​អំពី​ការ​រំលោភ​បំពាន​លើ​ទឹកដី​កម្ពុជា​នៅ​តំបន់​ផ្សេង​ៗ ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥​នេះ ចំនួន​១១​ដង​រួច​មក​ហើយ ។

គួរ​កត់​សម្គាល់ថា ភាគី​កម្ពុជា​បាន​ផ្ញើ​របាយការណ៍​ច្រើន​ដង​ហើយ មាន​ន័យ​ថា និយាយ​ច្រើន​ណាស់​ហើយ​ជម្រាប​ទៅ​ភាគី​វៀតណាម ។ ប៉ុ​ន្តែ​ភាគី​វៀតណាម​បាន​ឆ្លើយ​តប​វិញ «​ប៉ុន្មា​ន​ម៉ាត់​យ៉ាង​ខ្លី​» តែ​ប៉ុ​ណ្ណោះ មិន​គួរ​ឱ្យ​ទុកចិត្ត​មែន !!