ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ដើរ​លេង​អស់​លុយ​អស់​ម៉ូតូ​ ​​ប្រឌិត​រឿង​ថា ​ចោរ​​ប្រដាប់​អាវុធ​ភ្ជង់​ប្លន់​បំប៉ោង​សភាពការណ៍

9 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​សម្ដែង​​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​យុវជន​២​នាក់ ដែល​បាន​ដើរ​លេង​​ពេល​យប់ឡុ​ងចុង​​ អស់​លុយ​​​​កាក់​ និង​​អស់​ម៉ូតូ​

​រាជ​ធានីភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​សម្ដែង​​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​យុវជន​២​នាក់ ដែល​បាន​ដើរ​លេង​​ពេល​យប់ឡុ​ងចុង​​ អស់​លុយ​​​​កាក់​ និង​​អស់​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ស៊េរី​ឆ្នាំ​២០១០ ​ព​ណ៌​ខ្មៅ ១​គ្រឿង មិន​ហ៊ាន​ចូល​ផ្ទះ​ ព្រោះ​ខ្លាច​ក្រុម​គ្រួសារ​ស្ដីបន្ទោស​​​ បែរ​ជា​​ប្រឌិត​រឿង​ថា មាន​ក្រុម​​ចោរប្លន់​ប្រដាប់​អាវុធ មាន​គ្នា​២​នាក់​ធ្វើ​សកម្ម​​ភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​កាល​ពី​ទៀប​ភ្លឺ និង​បាន​ប្ដឹង​​នគរ​បាល​ខណ្ឌឱ្យ​​ជួយ​អន្តរាគមន៍ ពួនស្ទាក់​ចាប់​ជនសង្ស័យ ប៉ុន្តែ​ក្រោយពេល​​​សមត្ថកិច្ច​​ធ្វើ​ការ​​ស្រាវ​ជ្រាវ ទើប​ដឹង​ថា​ ជា​រឿងប្រឌិត​របស់​​​ជន​ទាំង​ពីរនាក់​ខាង​លើ ។

ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៥ ដែល​យុវជន​ទាំង​​២នាក់​ខាងលើ​ ​បាន​ប្រាប់ប៉ូលិស​ថា​ ត្រូវ​ក្រុម​ចោរ​ភ្ជង់​ប្លន់​ម៉ូតូនៅ​​សិប្បកម្ម​ផលិតទ្វារ បង្អួច​ដែក ស្ថិត​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ​។ យុវជន​ទាំង​២នាក់​​​​នេះ ម្នាក់ ​ឈ្មោះ ចាន់ ឡា ​អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត ​ឈ្មោះ សុខ ម៉​ង់ អាយុ​១៩​ឆ្នាំ ​​ជា​កម្មករ​នៅ​ក្នុង​សិប្បកម្ម​​​ និង​ស្នាក់​នៅ​ន្លែ​ង​កើតហេតុ​​ ។

លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​សម្ដែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​​ខាង​លើ​ ដោយ​លោក​​អធិការ​បាន​​​ប្រាប់កោះសន្តិភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ​ថា​ នៅថ្ងៃ​កើតហេតុ​ លោក​​​ទទួល​បាន​ព័ត៌មាន​​ពី​ប្រជាពលរដ្ឋ​ថា​ មាន​យុវជន​ពីរ​នាក់ត្រូវ​​ក្រុម​ចោរប្លន់ប្រដាប់​អាវុធ​២​នាក់ ​​ភ្ជង់​ប្លន់​យក​ម៉ូតូ​១​គ្រឿង ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ។

បន្ទាប់​ពី​ទទួល​បានព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ មិន​បាន​ព្រងើយកន្តើយ​នោះ​ឡើយ ខណៈ​​ទៅ​ដល់ក៏​ធ្វើការ​តាម​ជំនាញ​ ​ដូចជា​ការ​សាកសួរ​សាក្សី​នៅ​កន្លែង​កើតហេតុ ការ​ត្រួត​ពិ​និ​ត្យ​​តាម​កាមេរ៉ា​សុវត្ថិភាព និង​ការងារ​ជា​ច្រើន​ទៀត មិន​បាន​ប្រទះ​ឃើញភស្តុ​តាង​​ណាមួយ​បញ្ជាក់​ពី​សកម្មភាព​ប្លន់ ​ប្រដាប់​អាវុធ​កើតឡើង​នោះ​ឡើយ​ ។

លោក​អធិការ​​​​នគ​រ​បាល​ខណ្ឌ​​ដង្កោ បាន​បន្ត​ថា បន្ទាប់​មក​ លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​នាំ​ខ្លួន​យុវជន​ទាំង​ពីរ​នាក់​នេះ​ទៅ​​សាកសួរ​តាម​ជំនាញ​នៅអធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​​ ​​ក្រោយ​ពេល​​​​ស្រាវជ្រាវអស់ចិត្ត ​ទើប​ដឹង​ថា​ ករណីនេះ​មិនមែន​ជា​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នោះ​ឡើយ​ ។ ជា​រឿងប្រឌិត​​​របស់​យុវជន​ទាំង​២​នាក់​នេះ ដោយ​​សារ​តែ​​ខ្លួន​​ដើរ លេង​​​រហូត​អស់​លុយ​កាក់ និង​​ម៉ូតូ​ ​មិន​ហ៊ាន​ចូលផ្ទះ​​ខ្លាច​ក្រុម​គ្រួសារ​ស្ដីបន្ទោស​​ក៏​បាន​ប្រឌិត​រឿង​​នេះឡើង ។

លោក​​អធិការ​នគរ​បាល​​ខណ្ឌ​ ជឹ​ម ស៊ី​ថា ​បាន​​បញ្ជាក់​ថា ប៉ូលិស​ធ្វើការ​ដើម្បី​ប​ម្រើ​ប្រជាពលរដ្ឋ ឲ្យ​តែ​​​ពលរដ្ឋ​មាន​បញ្ហា​​អ្វី​កើត​ឡើង​​ហើយ​មក​ប្តឹង​ប៉ូលិស​នោះ​​ ​គឺ​​​ប៉ូលិស​មិន​នៅស្ងៀមទេ គឺខិត​​ខំ​​​​​ធ្វើ​ការ​​ស្រាវ​ជ្រាវ​​វែក​មុខ​ក្រុម​ជន​សង្ស័យ​​​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ប៉ុន្តែ​​សូម​​និយាយ​ប្រាប់​ការ​​ពិត​ដល់​ប៉ូលិស បើ​ប្លន់​ប្រាប់​ថា​ប្លន់ បើ​លួច​ប្រាប់​ថា​លួច កុំ​ចាញ់ល្បែង ឬ​ដើរ​លេង​អស់​លុយ ​ហើយ​ប្រឌិត​រឿង​​ប្រាប់​ថា ​ត្រូវចោរប្លន់​​ដូច​ករណី​ខាង​លើ​នេះឱ្យ​សោះ ​៕