រាជធានីភ្នំពេញ ៖ បន្ទាប់ពីថ្មម៉ាបធ្លាក់សង្កត់ស្លាប់កម្មករ៣នាក់នៅរោងសិប្បកម្មស៊ីនយ៉ុងថៃ សមត្ថកិច្ចបានហៅថៅកែសិប្បកម្មស៊ីនយ៉ុងថៃ ដែលជាជនជាតិចិនម្នាក់ឈ្មោះឈឹង ទឿងភីញ ភេទប្រុស អាយុ៤៦ឆ្នាំ និងមេការស្រីម្នាក់ទៅសាកសួរ និងឃាត់ខ្លួនជាបណ្តោះអាសន្នពាក់ព័ន្ធនឹងករណីស្លាប់កម្មករទាំង៣នាក់ខាងលើ ។
លោកលី សាវេត អភិបាលខណ្ឌសែនសុខ បានឧបត្ថម្ភគ្រួសារសពកម្មកររងគ្រោះ៥០ម៉ឺនរៀលក្នុង១គ្រួសារ សរុបទាំងអស់១លាន៥សែនរៀល ខណៈពេលដែលលោក និងលោកម៉ក់ ហុង អធិការនគរបាលខណ្ឌ ចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗដោយផ្ទាល់ ។
ជនរងគ្រោះទាំង៣នាក់ដែលបានស្លាប់ក្នុងហេតុការណ៍នេះ ១-ឈ្មោះសៅ ប៊ុនណា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារដើមថ្កូវ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ២-ឈ្មោះហាក់ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំជម្ពូរវ័ន្ត មានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង និង៣-ឈ្មោះថោង បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំទឹកថ្លា មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ។
សពកម្មកររងគ្រោះទាំង៣នាក់ត្រូវបានដឹកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី២៣ មិថុនា ២០១៥ កម្មកររោងសិប្បកម្មស៊ីនយ៉ុងថៃ៣នាក់បានស្លាប់ភ្លាមៗ ខណៈពេលពួកគេកំពុងលើកថ្មម៉ាបចេញពីកុងតឺន័រ ហើយខុសបច្ចេកទេស ត្រូវថ្មម៉ាបធ្លាក់សង្កត់ពីលើ ។
រោងសិប្បកម្មស៊ីនយ៉ុងថៃ មានទីតាំងផ្ទះលេខ១០៦៥ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់របងគណបក្សប្រជាជនកម្ពុជាក្រុង ចម្ងាយប្រមាណ១០០០ម៉ែត្រពីសាលារៀនណតប្រ៊ីត ៕
ចែករំលែកព័តមាននេះ