ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារផ្ទុះមីនពេលកំពុងភ្ជួរស្រែ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២០ មិថុនា២០១៥ នៅចំណុចវាលស្រែបឹងអំពិល ស្ថិតក្នុងភូមិបឹងតាស្រី ឃុំគោករមៀតស្រុកថ្មពួក ។
សាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះស៊ិន រាំ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថថ្មពួក ខេត្តបន្ទាយមានជ័យ ។
សាច់ញាតិជនរងគ្រោះបន្តទៀតថា ជនរងគ្រោះបានប្រើគោយន្តកន្ត្រៃទៅភ្ជួរដាស់ដីស្រែ និងដំបូក ខណៈពេលកំពុងភ្ជួរស្រែជិតរួចហើយនោះ និងដោយមានភ្លៀងធ្លាក់ជោគជាំផង ក៏ភ្ជួរចំមីនផ្ទុះបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ដាច់ប្រអប់ដៃខាងឆ្វេង បាក់ភ្លៅខាងឆ្វេង និងត្រូវអំបែងសុះពេញខ្លួន ហើយត្រូវបានកម្លាំងអង្គការហាឡូត្រាស់ដោះមីនដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក ។
កម្លាំងអង្គការហាឡូត្រាស់បានប្រាប់ថា ចំណុចដែលប្រជាពលរដ្ឋរងគ្រោះដោយសារគ្រាប់មីន គឺកម្លាំងអង្គការហាឡូត្រាស់មិនទាន់បានដោះមីននៅឡើយ តែប្រជាពលរដ្ឋបានរានព្រៃធ្វើស្រែ ទើបបណ្តាលឱ្យរងគ្រោះថ្នាក់ដោយសារគ្រាប់មីនបែបនេះ ។
អង្គការហហាឡូត្រាស់សូមអំពាវនាវបញ្ឈប់ឱ្យប្រជាពលរដ្ឋរាន និងចូលដែនហាមឃាត់ដែលមានផ្លាកសញ្ញាគ្រាប់មីន ព្រោះជាកន្លែងមិនទាន់ដោះមីននៅឡើយ៕
ចែករំលែកព័តមាននេះ