រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសជាប្តីរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាឡើងចំណោតឆ្លងឡើងទៅផ្លូវ៣៧១ ហើយត្រូវរថយន្តដឹកដីធុនធំបើកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនស៊ីជ្រុលបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង០២ និង៣៥នាទីរសៀលថ្ងៃទី១៨ មិថុនា ២០១៥ នេះ ស្ថិតនៅចំណុចទល់មុខផ្លូវច្រកចូលផ្សារប៉េសេចាស់ តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះសាន ណារីន អាយុ៥០ឆ្នាំ ស្នាក់នៅភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាអ្នកលក់បាយ ។ ចំណែកអ្នកបើករថយន្តឈ្មោះហឹម សារិន ភេទប្រុស អាយុ២២ឆ្នាំ ស៊ីឈ្នួលបើករថយន្តដឹកខ្សាច់ ស្នាក់នៅភូមិការខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ប្រភពពីសាក្សីបានរៀបរាប់ថា នៅមុនពេលកើតហេតុ គេសង្កេតឃើញប្តី-ប្រពន្ធរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកស្គូពី ពណ៌ឈាមជ្រូក ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CR-2760 ជិះឌុបគ្នាឡើងចំណោទ ដោយគោលដៅឆ្ពោះឡើងទៅផ្លូវលេខ៣៧១ ។ លុះឡើងទៅដល់ផ្លូវធំទៅហើយ ស្រាប់តែមានរថយន្តដឹកដីធុនធំមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 3A–4689 បើកយ៉ាងលឿនចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលបុកចំពីមុខពេញទំហឹង បណ្តាលឱ្យប្តី-ប្រពន្ធទាំង២នាក់ដួលបោកខ្លួនផ្ទប់ទៅនឹងថ្នល់ស្លាប់ស្ត្រីជាប្រពន្ធ និងប្តីត្រូវរងរបួសស្រាល ចំណែកម៉ូតូត្រូវរងការខូចខាត ។ រីឯអ្នកបើករថយន្តបង្ក ត្រូវប្រជាពលរដ្ឋចាប់បានភ្លាមៗតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ