ខេត្តប៉ៃលិន ៖ បុរសម្នាក់បានខ្ចីរថយន្តពីមិត្តភក្តិរបស់ខ្លួនបើកបរល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកផ្ទះអាជីវករលក់ចាប់ហួយមួយកន្លែង បណ្តាលឱ្យធ្លាយទ្វារចូលទៅដេកក្នុងផ្ទះ ហើយអ្នកបើកបរបានបើកដំបូលរថយន្តរត់គេចខ្លួនបាត់ ។ ចំណែកឯម្ចាស់ផ្ទះរងគ្រោះ សំណាងល្អបាននាំគ្នាទៅអង្គុយហូបបាយខាងក្រោយផ្ទះ មិនមានគ្រោះថ្នាក់នោះឡើយ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៥ មិថុនា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវកោងក្បែរវត្តអូរច្រា ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពពីម្ចាស់ផ្ទះរងគ្រោះឈ្មោះប៉ែត ធូ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិខាងលើបានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមគ្រួសាររបស់គាត់ តែងតែមកអង្គុយហូបបាយនៅកន្លែងកើតហេតុ តែដោយល្ងាចនោះ មានសត្វមេភ្លៀងហើរចូលផ្ទះរោមអំពូលភ្លើងច្រើនពេក ព្រោះមានភ្លៀងខ្លាំងកាលពីល្ងាច ទើបពួកគាត់នាំគ្នាចេញទៅនៅខាងក្នុងផ្ទះបាយវិញ កុំអីមិនដឹងជាគ្រោះថ្នាក់ដល់អាយុជីវិតទាំងអស់គ្នា ឬយ៉ាងណានោះទេ ។
គាត់បន្តទៀតថា ខណៈកំពុងតែហូបបាយសុខៗ ស្រាប់តែមានរថយន្តឡិចស៊ីសមកបុកទ្វារផ្ទះរបស់គាត់ បណ្តាលឱ្យលាន់ដូចរន្ទះ ស្រាប់តែឃើញរថយន្តបានដេកផ្ងារជើងនៅទីនោះតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ