ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​ក្រុម​ចោរឆក់​ប្លន់​បាន​៥​នាក់​រួម​ទាំង​មេ​ខ្លោងនៅកំពង់ចាម

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្រោម​កិច្ចសហការ​ល្អ​រវាង​កម្លាំង​កងរាជអាវុធហត្ថ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ​តាម​ប្រមាញ់​បក្ខពួក​ក្រុម​ចោរលួច ចោរប្លន់​ប្រដាប់​អាវុធ​ឡើង​រញ្ជួយខេត្តកំពង់ចាម និង​ត្បូងឃ្មុំ

ខេត្តកំពង់ចាម ៖ ក្រោម​កិច្ចសហការ​ល្អ​រវាង​កម្លាំង​កងរាជអាវុធហត្ថ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ​តាម​ប្រមាញ់​បក្ខពួក​ក្រុម​ចោរលួច ចោរប្លន់​ប្រដាប់​អាវុធ​ឡើង​រញ្ជួយខេត្តកំពង់ចាម និង​ត្បូងឃ្មុំ ដែល​គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់​ចំនួន​៥​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ និង​សុំ​ដីកា​តាម​ចាប់​បក្ខពួក​ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៀត ។

លោក​ឧត្តមសេនីយ៍ត្រី​សោ សា​វឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រូប​លោក និង​លោក​ឧត្តម​សេនីយ៍​ត្រីបែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ក៏​ដូច​ជាតា​មការ​ណែនាំ​របស់លោក​លន់ លឹ​ម​ថៃ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ជម្រុញ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ។

លោក​ឧត្តមសេនីយ៍ត្រី​សោ សា​វឿ​ន បាន​មាន​ប្រសាសន៍​បន្ត​ថា ប្រតិបត្តិការ​ពិសេស​នេះ​ធ្វើ​ឡើង​រួម​គ្នា​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​ចាប់​បាន​ក្រុម​ចោរលួច ប្លន់​ចំនួន​៤​នាក់ ក្នុង​នោះ​មាន ១-​ឈ្មោះ​ច​ន ចាន់​ដង ហៅ​ដង់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជយោ  ឃុំ​ជយោ ស្រុក​ចំការលើ ២-​ឈ្មោះ​ឡា​ច ហ៊ាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ប្រិ​យ៍ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ៣-​ឈ្មោះ​ធឿ ស៊ី​អ៊ី ភេទ​ស្រី ជា​ប្រពន្ធ​របស់​ឈ្មោះ​ហ៊ាន ៤-​ឈ្មោះ​ជឿន វ​ណ្ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំការលើ ដែល​អ្នក​ទាំង​៤​នាក់​នេះ​ត្រូវ​បាន​ធ្វើ​ស​ន្និ​សិទ្ធ​កាសែត​បង្ហាញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា កន្លង​ទៅ ។

ក្រោយ​ពី​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ក៏​ឈាន​ទៅ​ចាប់​បក្ខពួក​មេខ្លោង​ចោរប្លន់​ម្នាក់​ទៀត​ឈ្មោះ​ខៃ លី​ហូ ហៅ​រៀម ហៅ​យា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៥ ព្រមទាំង​បាន​ឆែកឆេរឃើញ​មាន​អាវុធ​ខ្លី​១​ដើម ម៉ាក​កា​៥៤ កប់​ក្នុង​ដី​ខាងក្រោយ​ផ្ទះ មាន​បង់​១ និង​គ្រាប់​១​គ្រាប់​ផង​ដែរ ។   

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជាក់​ថា មេខ្លោង​ឈ្មោះ រៀម នេះ នា​ពេល​កន្លង​មក​រួម​ជាមួយនឹង​បក្ខពួក​៤​នាក់​បាន​ធ្វើ​សកម្មភាព​ចេញ​ឆក់ ប្លន់​ប្រដាប់​អាវុធ​ជា​មួយ​នឹង​ឈ្មោះ​ហ៊ាន​ឡើង​កក្រើក​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ។

ទោះបីជា​យ៉ាងណា​ក្តី​ ក្រោម​កិច្ចសហការ​ពិសេស​របស់​អាវុធហត្ថ និង​នគរបាល​ខេត្ត ដែល​មិន​ធ្លាប់​មាន​នោះ បាន​តាម​ក្រសោប​ទាំង​សំបុក​ដូច​សម្ល​កំ​ពិស​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ មិថុនា​នេះ គឺ​សរុប​ចំនួន​៥​នាក់​ហើយ ។ ដូច្នេះ​រូប​លោក​នៅ​តែ​បន្ត​កិច្ចសហការ​ជាមួយនឹង​ឧត្តមសេនីយ៍​បែន រ័​ត្ន បន្ត​ទៀត ដើម្បី​តាម​ប្រមាញ់​បក្ខពួក​ដែល​នៅ​សេសសល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕