ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សង្ស័យ​គ្រប់​ម៉ាក​១០២​គ្រឿង​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​នៅ​ទីតាំង​កុងស៊ីបញ្ចាំ​មួយ​កន្លែង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​រក​ឃើញ​ម៉ូតូ​សង្ស័យ​អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចំនួន​១០២​គ្រឿង បន្ទាប់​ពី​មាន​សកម្មភាព​ចោរលួច

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​រក​ឃើញ​ម៉ូតូ​សង្ស័យ​អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចំនួន​១០២​គ្រឿង បន្ទាប់​ពី​មាន​សកម្មភាព​ចោរលួច​ម៉ូតូ​១​គ្រឿង​កាលពី​២​ថ្ងៃមុន ហើយ​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​ដែល​បាត់​នោះ​នៅ​ក្នុង​ទីតាំង​កុងស៊ី បញ្ចាំ​ម៉ូតូ​មួយ​កន្លែង​ខាងលើ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១២ មិថុនា ដែល​ទីតាំង​កុង​ស៊ីខាងលើ​ស្ថិត​នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មានការ​ចូលរួម​ពី​លោក វង្ស​ប៊ុ​ន វិសុទ្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​ធ្វើការ​ដកហូត​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បន្ត​ទៀត ។ ម្ចាស់​ទីតាំង​កុង​ស៊ីខាងលើ​នេះ​ឈ្មោះ​ម៉េ​ង សៀ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ​ ។

 លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ទាំង​១០២​គ្រឿង​នោះ មាន​ម៉ាក​ចម្រុះ មាន​ចាស់​មាន​ថ្មី ហើយ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ផ្សេង​ៗ​ដូច​ជា លួច ប្លន់ ឬ​ម៉ូតូ​អត់​ពន្ធ​និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ជាដើម​។ មុន​នឹង​ឈាន​ដល់​ការ​រក​ឃើញ​ម៉ូតូ​ដ៏​ច្រើន​នោះ​គឺ​នេះ​២​ថ្ងៃមុន​មាន​ករណី​ចោរលួច​ម៉ូតូ​ម៉ាក​គុប​ជ្រុង​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​1BM-6648 ពណ៌​ទឹក​ប៊ិក ជា​កម្មសិទ្ធិ​របស់​បុរស​ឈ្មោះ សាំង ផល្លា  អាយុ​៤១​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។

លោក​អធិការ​បន្ត​ថា បន្ទាប់​មក​កម្លាំង​នគរបាល​ខណ្ឌ​របស់​លោក​បាន​សហការ​ជាមួយ​ម្ចាស់​ម៉ូតូ​ធ្វើការ​ស្រាវជ្រាវ រក​ឃើញ​ម៉ូតូ​ដែល​បាត់​នោះ​នៅ​ក្នុង​ទីតាំង​បញ្ចាំ​ខាងលើ​ក៏​បាន​សុំ​ការ​សម្រេច​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចូល​ធ្វើការ​ឆែកឆេរ​និង​ប្រទះ​ឃើញ​ម៉ូតូ​ចម្រុះ​នៅ​ក្នុង​នោះ​ចំនួន​រហូត​ដល់​១០២​គ្រឿង ។ ដោយ​មានការ​សង្ស័យ​ទើប​សុំ​គោលការណ៍​ដកហូត​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត​ទៀត ៕