រាជធានីភ្នំពេញ ៖ លំនៅឋានខ្មែរអ៊ិស្លាម នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ត្រូវក្រុមចោរគាស់ចម្រឹងបង្អួចចូលទៅគាស់ទូរើកកកាយយកគ្រឿងអលង្គារ និងប្រាក់សរុបប្រមាណជិត២ម៉ឺនដុល្លារអាមេរិក ខណះដែលម្ចាស់ចាក់សោចាកចេញទៅលក់ដូរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅផ្ទះលេខ៣៦៣ ផ្លូវបេតុង ភូមិ«ខ២» សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
ម្ចាស់ផ្ទះ ឈ្មោះ លី ម៉ាលេច ភេទប្រុស អាយុ២៦ឆ្នាំ ជាអាជីវករលក់គ្រឿងទេសបោះដុំនៅផ្សារទួលសង្កែ និយាយថា កាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា គាត់និងបងស្រីបានចេញទៅលក់ដូរ ហើយបងប្អូនក៏បានទៅរៀនអស់ ដោយផ្ទះចាក់សោទុកចោល ។ លុះនៅម៉ោង១និង៣០នាទីរសៀល ប្អូនស្រីឈ្មោះ លី ស្រីទូច អាយុ២០ឆ្នាំ ពេលត្រឡប់មកពីរៀនវិញ ស្រាប់តែមានការភ្ញាក់ផ្អើលដោយសារតែនៅក្នុងបន្ទប់ត្រូវចោរគាស់ទូរើកកាយយកប្រាក់ និងទ្រព្យសម្បត្តិមានតម្លៃអស់ បន្សល់ទុកតែម៉ូតូមួយគ្រឿង ដោយចោរយកទៅពុំបានព្រោះជាប់សោខាងមុខ ។ ក្រុមចោរបានយកកំណាត់ដែកប្រមាណ២ម៉ែត្រ គាស់បំបាក់ចម្រឹងបង្អួចខាងក្រោយ រួចចូលទៅគាស់ទូតែម្តង ។
ម្ចាស់បានឱ្យដឹងទៀតថា សម្ភារដែលចោរគាស់លួចយកទៅនោះ រួមមាន ប្រាក់អាមេរិក៣ពាន់ដុល្លារ គ្រឿងអលង្ការខ្សែ.កបណ្តោងពេជ្រ ចិញ្ចៀនដាំពេជ្រ ខ្សែ.កមាស ប្លាកទីន កងដៃ និងខ្សែដៃ សរុបជាទឹកប្រាក់ប្រមាណ១.៦០០០ដុល្លារ ។ ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះក៍បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ដើម្បីឱ្យជួយស្រាវជ្រាយរក ។
ទោះបីជាយ៉ាងណាក្តី គេហាក់ដូចជាគ្មានសង្ឃឹមនោះទេ ព្រោះនៅខណ្ឌឫស្សីកែវ មានករណីចោរគាស់ផ្ទះជាច្រើនលើកមកហើយ ពុំដែលឃើញសមត្ថកិច្ចស្រាវជ្រាវចាប់បានឡើយ ដូចជានៅសង្កាត់ស្វាយប៉ាក ផ្ទះមួយត្រូវចោរគាស់ផ្ទះរហូតដល់៥លើក ផ្ទះលោកទីប្រឹក្សា និងផ្ទះអ្នកគួកជេរ នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ជាដើម ត្រូវចោរគាស់យកហ្មត់អស់ រហូតដល់ពេលនេះសមត្ថកិច្ចនៅតែពុំទាន់ឃាត់ខ្លួនជនសង្ស័យណាម្នាក់បានឡើយ ៕
ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ