ខេត្ដសៀមរាប ៖ នារីម្នាក់លង់ទឹកស្លាប់នៅកណ្តាលបឹង រមណីយដ្ឋាន ត្រាវកុតជិតយោធិនពិការគូលេន៣១៧ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ដែលមានចម្ងាយពីទីរួមខេត្តប្រមាណជាង៣០គីឡូម៉ែត្រ ខណៈចុះទៅងូតទឹកក្នុងបឹងតែម្នាក់ឯង។
ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០៨ មិថុនា ។
សាក្សីបានឲ្យដឹងនៅកន្លែងកើតហេតុថា ពួកគេមកដើរលេងនៅរមណីយដ្ឋាននេះដែរ ហើយបានក្រឡេកទៅឃើញនារីរងគ្រោះកាន់កាបូប និងកំពុងទូរស័ព្ទដើរចុះទៅក្នុងបឹង តែពួកខ្ញុំមិនដឹងថា គាត់ទូរស័ព្ទទៅណាទេ រួចក៏ចុះទៅឆ្ងាយទៅៗ។
សាក្សីបានបន្តថា ពេលឃើញសកម្មភាពរបស់នារីរងគ្រោះហាក់ដូចជាមិនស្រួលពួកគេក៏ទៅប្រាប់សន្តិសុខប្រចាំទៅទីនោះឲ្យជួយហៅសមត្ថកិច្ចមកមើល ស្រាប់តែមួយសន្ទុះក៏បាត់ស្រមោលនារីនោះតែម្តង។
លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគងបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី០៩ មិថុនា ២០១៥នេះថា ក្រោយពេលកើតហេតុមានពលរដ្ឋរាយការណ៍មកថា មានករណីក្មេងស្រីម្នាក់លង់ទឹកបឹងនៅត្រាវកុត ពេលនោះលោកក៏បានដាក់កម្លាំងឲ្យចុះទៅពិនិត្យនៅកន្លែងកើតហេតុជាក់ស្តែង។
លោកបន្តថា កម្លាំងជំនាញបានចុះទៅដល់រួចធ្វើការជាមួយពលរដ្ឋដែលទៅលេងនៅទីនោះដើម្បីសួរនាំព័ត៌មានខ្លះពីករណីក្មេងស្រីលង់ទឹកស្លាប់នេះ ពលរដ្ឋបានប្រាប់ថា ក្មេងស្រីមកលេងមានគ្នាបីនាក់ប្រុស២នាក់តែជិះម៉ូតូត្រឡប់ទៅវិញហើយ នៅសល់តែនារីនេះចុះងូតទឹកតែម្នាក់ប៉ុណ្ណោះ។
លោកបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ញឹម ផល្លី ភេទស្រី អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បច្ចុប្បន្នសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារទាំងយប់ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះមិនមានជារឿងឃាតកម្មគិតទុកជាមុនទេ៕
ចែករំលែកព័តមាននេះ