ខេត្តសៀមរាប ៖ រថយន្តមួយគ្រឿងម៉ាកហាយប្រ៊ីតបើកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនដូចហោះទំនងជាបែកកង់បានក្រឡាប់ផ្ងារជើងជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗទាំង៣នាក់នៅនឹងកន្លែង រីឯអ្នកបើកបររថយន្តបង្កត្រូវបានកម្លាំងនគរបាលស្រុកពួកឃាត់ខ្លួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១ មិថុនា ២០១៥ ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិទួលល្វៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានប្រាប់នៅរសៀលថ្ងៃទី១ មិថុនា ថា ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅត្រួតពិនិត្យជាក់ស្តែង រួចក៏ធ្វើការវាស់វែង និងឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ព្រមទាំងប្រមូលវត្ថុតាងមកកាន់អធិការនគរបាលស្រុកពួកដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
លោកបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តហាយប្រ៊ីតនេះ ទំនងជាបែកកង់ ទើបរេចង្កូតទៅបុកម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូមានគ្នា៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
លោកបន្តទៀតថា ជនបើកបររថយន្តបង្កដែលកម្លាំងនគរបាលឃាត់ខ្លួននោះមានឈ្មោះ តាំង ចាន់លុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ជិះរថយន្តម៉ាកហាយប្រ៊ីត ពណ៌ស(គ្មានស្លាកលេខ)រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប រីឯជនរងគ្រោះដែលស្លាប់ទាំងបីនាក់មាន ១-ឈ្មោះ ឈង់ សល់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ្រាយ ឃុំពោទ្រាយ ស្រុកពួក(ជាអ្នកឌុប)ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយជ័យ ១.B ៣៨០២ ២-ឈ្មោះ គង់ ធារី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ និង៣-ឈ្មោះ ភាព សុកូឡា ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូនរបស់ស្ត្រីខាងលើ៕
ចែករំលែកព័តមាននេះ