ខេត្តកំពង់ស្ពឺ ៖ កម្មកររោងចក្រកាត់ដេរប្រមាណ៤០នាក់ បានរងរបួសធ្ងន់-ស្រាល ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកថ្នល់ទទឹងភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណៈរថយន្តតាកូម៉ាមួយគ្រឿង ដែលសង្ស័យអ្នកបើកបរស្រវឹងបើករេពេញផ្លូវ ក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកកម្មករ បណ្តាលឱ្យក្រឡាប់តែម្តង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាចថ្ងៃទី២៩ ឧសភា ២០១៥ នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ក្នុងភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា កម្មករដែលរងរបួសទាំង៤០នាក់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានរបួសចំនួន២១នាក់ និងស្រាល១៩នាក់ ។ ចំណែករថយន្តដឹកកម្មករជាប្រភេទកូរ៉េចំណុះ១តោន ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខសៀមរាប 2A-4413 បើកបរដោយឈ្មោះសាន់ សេន អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ រីឯរថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-3710 បើកបរដោយឈ្មោះវ៉ិច ណុប ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិតាមេម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ