ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េន ឌី​ណា និង​សែន រ៉ា​ឌី ផ្តល់​មេរៀន​ជូរ​ចត់​ដល់​កីឡាករ​ថៃ​ដូច​គ្នា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ឧសភា កន្លង​មកនេះ យ៉េន ឌី​ណា មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ បាន​ប្រើ​ស្នៀត​កែង

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ឧសភា កន្លង​មកនេះ យ៉េន ឌី​ណា មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ បាន​ប្រើ​ស្នៀត​កែង​វាយ​ផ្តួល​កីឡាករ​ថៃ Yorkphit Sorvichha ឱ្យ​សន្លប់​នៅ​ទឹក​ទី​៣ ចំណែក សែន រ៉ា​ឌី មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ​ដូច​គ្នា ប្រើ​ពេល​មិន​ដល់​មួយ​ទឹក​ស្រួលបួល​ផង​ផ្តួល​កីឡាករ​ថៃ Dennorng Phlourngpor.Chhertchhai ឱ្យ​សន្លប់​ក្រោក​លែង​រួច​តាម​រយៈ​ការ​ប្រើ​ស្នៀត​ជង្គង់​បុក​ចូល​ពោះ​ទឹក​ផ្ទួន​ៗ ។

នៅ​មុន​ពេល​ប្រកួត Yorkphit Sorvichha បាន​ប្រាប់​លោក​ម៉ា សេរី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ថា កាលពី​ជាង​មួយ​ខែ​មុន យ៉េន ឌី​ណា មានឱកាស​ដណ្តើម​បាន​ខ្សែក្រវាត់​ពី​ការ​ប្រកួត​នៅ​ក្រុង​ឈៀង ម៉ៃ ប្រទេស​ថៃ ខណៈ​រូបគេ​មិន​នៅ​ជាប់រវល់​ទៅ​ប្រកួត​នៅ​ក្រុង​បាងកក បើសិនជា​គេ​នៅ​វិញ​នោះ យ៉េន ឌី​ណា គ្មាន​ឱកាសល្អ​បែប​នេះ​ទេ​។ បុ​៉​ន្តែ​ទីបំផុត​ភាព​ក្អេងក្អាង​នេះ​មិន​ដូច​ការ​គិត​ឡើយ គេ​បែរជា​ត្រូវ យ៉េន ឌី​ណា ផ្តល់​មេរៀន​យ៉ាង​ជូរ​ចត់​បំផុត ។ ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​១ និង​ទី​២ យ៉េន ឌី​ណា ត្រូវ Yorkphit Sorvichha វាយ​សង្គ្រុប​ជាប់​រហូត និង​បង្ខំ​ឱ្យ​ដកថយ​អែប​ខ្សែ​រេញ​ជា​ញឹកញាប់​ទៀត​ផង​។ ទោះបីជា​យ៉ាងណា យ៉េន ឌី​ណា នៅ​មានឱកាស​វាយ​តបត​បាន​ខ្លះ​ៗ​ដែរ ជា​ពិសេស​នៅ​ពាក់កណ្តាល​ទឹក​ទី​២ តែ​ម្តង គេ​បាន​បុក​មួយ​ជង្គង់​ចូល​ពោះ​ទឹក​កីឡាករ​ថៃ​យ៉ាង​ពេញ​ណែន ធ្វើ​ឱ្យ​អាជ្ញាកណ្តាល​លោក​រៀម កុសល រាប់​៨​ម្តង ។ ចូល​ដល់​ទឹក​ទី​៣ Yorkphit Sorvichha លែង​ហ៊ាន​សម្រុកចូល​កៀក​ផ្តេសផ្តាស​ដូច​មុន​ទៀត​ហើយ​ធ្វើ​ឱ្យ យ៉េន ឌី​ណា មានឱកាស​ចូល​វាយ​សម្រុក​តាម​អំពើ​ចិត្ត ។ ឆ្លៀតពេល​ដែល​គូ​ប្រ​កូត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិនសូវ​ល្អ យ៉េន ឌី​ណា ស្ទុះ​ចូល​វាយ​មួយ​ជង្គង់​ចូល​ពោះ​ទឹក​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​កីឡាករ​ថៃ​រូប​នេះ​ដួល​សន្លប់​ក្រោក​លែង​រួច​តែ​ម្តង ។

ចំណែក សែន រ៉ា​ឌី វិញ​នោះ​ចំណាយ​កម្លាំង​មិន​ដល់​មួយ​ទឹក​ស្រួលបួល​ផង ក៏​អាច​ផ្តួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​ក្រោក​លែង​រួច ។ តាម​ពិត Denn Phlourngpor Chhertchhai គឺជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ប្រទេស​ថៃ ធ្លាប់​យកឈ្នះ សៀវ ងុ​៉​យ ដោយ​ពិន្ទុ​នៅ​លើ​សង្វៀន​ខេត្តសៀមរាប បុ​៉​ន្តែ​ពេល​មក​ជួប សែន រ៉ា​ឌី លើក​នេះ​គេ​គ្មាន​សំណាង​ដូច​មុន​ទៀត​ឡើយ ។ នៅ​ទឹក​ទី​១ កីឡាក​ថៃ​បាន​សម្រុកចូល​វាយ​ទៅ​លើ សែន រ៉ា​ឌី យ៉ាង​សន្ធាប់ ខណៈ សែន រ៉ា​ឌី បាន​ត្រឹមតែ​ដកថយ​ធ្វើការ​ស្ទាបស្ទង់​សិន​បុ​៉​ណ្ណោះ ។ នៅ​ពាក់កណ្តាល​ទឹក​ទី​១ ដោយសារ​កីឡាករ​ថៃ​ដើរ​ចូល​វាយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ សែន រ៉ា​ឌី បុក​មួយ​ជង្គង់​ចូល​ពោះ​ទឹក​យ៉ាង​ពេញ​ណែន​បណ្តាល​ឱ្យ​ចុក​រមួល បើ​ទោះជា​លោក​អាជ្ញាកណ្តាល លោក​ផា​ន់ ផា​ណាត រាប់​ដល់​១០ ទៅ​ហើយ​ក្តី ក៏​គេ​នៅ​តែ​មិន​អាច​ក្រោក​រួច​ដែរ ។

ដោយឡែក​លទ្ធផល​គូ​ផ្សេង​កីឡាករ​ស្រិល ទ្រី មក​ពី​ក្លិប​គជសារ​កីឡា បាន​យកឈ្នះ​កីឡាករ​ព្រំ វី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ និង​កីឡាករ​ញ៉េ សិទ្ធ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា បាន​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ចាស់វស្សា ផា​ន់ សា​រ៉ែ​ម មក​ពី​ក្លិប​គជសារ​កីឡា​ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ៕