រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស៤៥០បើកបរដោយស្ត្រីជាអាណិកជននិយាយភាសាខ្មែរមិនសូវច្បាស់ម្នាក់មានធុំក្លិនស្រាផងបានរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវពេញទំហឹងបណ្តាលឲ្យបាក់ក្បាលនាគ និងរបាំងថ្មអស់៦កង់នៅទល់មុខមជ្ឈមណ្ឌលអប់រំវិជ្ជាជិវៈ មិត្តភាព កម្ពុជា ជប៉ុន ផ្លូវមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២២ ឧសភា ។
ប្រភពព័ត៌មានពីស្ត្រីជាអាណិកជនមានវ័យ៣០ឆ្នាំ ជាអ្នកបើករថយន្តឡិចស៊ីស៤៥០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២J ៤៣២៤ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុគាត់ទៅផឹកស៊ីជាមួយមិត្តភក្កិ នៅហាងមួយកន្លែងមិនជាស្រវឹងខ្លាំងទេ រួចហើយបានជូនមិត្តភក្កិត្រឡប់ទៅផ្ទះវិញ ដោយបានឈប់ចូលផ្សារទំនើបទិញស្រាបៀរដបមួយកេសដាក់ក្នុងគូទរថយន្តទុកផងដែរ ។
លុះពេលមកពីជូនមិត្តភក្តិវិញ គាត់បានបើករថយន្តត្រឡប់ទៅកន្លែងស្នាក់នៅដោយធ្វើដំណើរពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវពេញទំហឹង ធ្វើឲ្យបាក់ក្បាលនាគនិងរបាំងថ្មពុះចែកផ្លូវអស់៦កង់ ចំណែករថយន្តស្រុញមួយកំណាត់មុខ និងបែកដបស្រាដែលទើបនឹងទិញដាក់ក្នុងគូទរថយន្តនោះ ។
ក្រោយពេលកើតហេតុពេលដែលស្ត្រីជាអ្នកបើករថយន្តឃើញអ្នកយកព័ត៌មានទៅថតយករូបភាពបានប្រាប់ថា បើសិនជាថតកុំថតគាត់អី គាត់ខ្មាសគេណាស់ ថតតែរថយន្តបានហើយ ។ រថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទួចយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករួមជាមួយស្ត្រីជាអ្នកបើកបរត្រូវបានឃាត់យកទៅសួរនាំ ៕
ចែករំលែកព័តមាននេះ