ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​4​រូប​ចាញ់​មិន​បាន​នៅ​ថ្ងៃ​សៅរ៍​ស្អែក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះជា​គ្មាន​អ្នក​ណា​មក​ប្រកួត​ឱ្យ​ត្រូវ​ប្រឹង ក៏​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​៤​រូប រួម​មាន​កីឡាករ​មាស ច័ន្ទ​មាន កីឡាករ​លាស់ យី​ន កីឡាករ​ថុ​ល មក​រា និង​កីឡាករ​ផ​ន

រាជធានី​ភ្នំពេញ ៖ ទោះជា​គ្មាន​អ្នក​ណា​មក​ប្រកួត​ឱ្យ​ត្រូវ​ប្រឹង ក៏​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​៤​រូប រួម​មាន​កីឡាករ​មាស ច័ន្ទ​មាន កីឡាករ​លាស់ យី​ន កីឡាករ​ថុ​ល មក​រា និង​កីឡាករ​ផ​ន ប៊ុ​ន​ម៉ៅ សុទ្ធតែ​ត្រូវ​គេ​មើលឃើញ​ថា ត្រូវការ​ឈ្នះ​ដាច់ខាត​សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៣ ឧសភា​នេះ ។ អ្នក​ទាំង​៤ នឹង​ដើរ​លើ​ផ្លូវ​ដ៏​តានតឹង​បំផុត ដោយសារ​តែបើ​ភ្លាត់​ចាញ់ គឺ​សុទ្ធតែ​មាន​លទ្ធផល​អាក្រក់​រក​លេខ​ដាក់​គ្មាន​ដូច​គ្នា ។

ភាព​តានតឹង​នេះ​កើតឡើង​ខ្លាំង​ជាងគេ​សម្រាប់​កីឡាករ​៣​រូប​ដំបូង ដោយសារ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់ K-Cement នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​ចូល​ដល់​ជុំ​ត្រូវ​ទម្លាក់​ចោល​២​នាក់​ដោយ​ស្វ័យប្រវត្តិ​។ កីឡាករ​មាស ច័ន្ទ​មាន ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ធ្លាប់​ល្បី​នឹង​ឈ្មោះ សា​រឹម ង៉ា កីឡាករ​លាស់ យី​ន និង ថុ​ល មក​រា សុទ្ធតែ​ខ្វះ​ភាព​នឹងនរ បើ​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​ថ្ងៃស្អែក​នេះ ។ អ្នក​ទាំង​៣ បើ​បាន​ប្រកួត​ឈ្នះ​នឹង​មាន​វាសនា​គេច​រួច​ពី​ធ្លាក់ ប៉ុន្តែ​បើ​ចាញ់ គឺ​បាយ​ៗ​ហើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ប្រាក់​លាន និង​ខ្សែក្រវាត់​ដែល​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​នេះ ។ រវាង​កីឡាករ​មាស ច័ន្ទ​មាន និង​ថុ​ល មក​រា បើ​ទោះ​ឈ្នះ​លើក​នេះ ក៏​នៅ​មិន​ទាន់​ប្រាកដ​១០០% ថា ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅឡើយ​ទេ ប៉ុន្តែ​គឺជា​ជំហាន​ដែល​ជួយ​ឱ្យ​ក្ដី​សង្ឃឹម​មាន​ខ្ពស់​បំផុត ។ កីឡាករ​មាស ច័ន្ទ​មាន ឡើង​ប្រកួត​៣​លើក​កន្លង​មក ទើបតែ​មាន​៣​ពិន្ទុ​ប៉ុណ្ណោះ​ស្ថិត​នៅ​បាត​តារាង ហើយ​បើ​ចាញ់​សម្រាប់​ថ្ងៃ​សៅរ៍​នេះ គឺ​ស្មើនឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង ។ គេ​ត្រូវការ​ឈ្នះ​មិន​អាច​ចាញ់​បាន​ទេ​ក្នុង​ជំនួប​ដែល​ត្រូវ​ប៉ះ​ជាមួយ​សិស្ស​ប្អូន ថុ​ល មក​រា ក្នុង​ជុំ​ទី​៤​នេះ ដ្បិត​ក្នុង​ជុំ​ចុង​ក្រោយ មាស ច័ន្ទ​មាន ពិតជា​ឈ្នះ ឱម សំរេច ដែល​មាន​ពិន្ទុ​នៅ​បាត​តារាង​ដោយ​មិនបាច់​ប្រឹង ។ បើ​ទោះជា​ការ​ប្រកួត​ក្នុង​ជុំ​ចុង​ក្រោយ កីឡាករ​ថុ​ល មក​រា ត្រូវ​បាន ឃី​ម បូ​រ៉ា បន្ធូរ​ដៃ​ឲ្យ​ឈ្នះ ក៏ មាស ច័ន្ទ​មាន នឹង​បាន​ឡើង​នោះ​ដែរ ដោយសារ​តែ​កីឡាករ​រូប​នេះ​មាន​ក្រេ​ឌី​ត​ល្អ​ជាង​ក្នុង​ការ​ប្រកួត​កន្លង​មក ។ លើកលែងតែ​ឃី​ម បូ​រ៉ា បើកដៃ​ឱ្យ ថុ​ល មក​រា វាយ​ខ្លួន​ឱ្យ​សន្លប់​ក្នុង​ទឹក​ណាមួយ​នៅ​ជុំ​ចុង​ក្រោយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ មាស ច័ន្ទ​មាន ដែល​មាន​ពិន្ទុ​តែ​៩​តាម​ការ​ប៉ាន់ស្មាន​នឹង​ធ្លាក់​ទៅ​តាម ឱម សំរេច ។ ស្រួល​មិន​ស្រួល កីឡាករ​មាស ច័ន្ទ​មាន នឹង​ត្រូវ​ប្រឹង​ប្រកួត​យកឈ្នះ​ដោយ​ការ​ផ្តួល​កីឡាករ​ថុ​ល មក​រា ឱ្យ​សន្លប់​ក្នុង​ទឹក​ណាមួយ​នោះ​ផង​ដើម្បី​ការពារ​ខ្លាច​កីឡាករ​ឃី​ម បូ​រ៉ា ប្រើ​ល្បិច​ធ្វើ​ជា​សន្លប់​ក្នុង​ទឹក​ណាមួយ ដើម្បី​បើកដៃ​ឱ្យ ថុ​ល មក​រា បាន​ឡើង​ហើយ​ទម្លាក់​ខ្លួន​ចោល ។ ទោះបី​យ៉ាងណា កីឡាករ​ថុ​ល មក​រា ដែល​ការ​ប្រកួត​កន្លង​មក​បាន​ឈ្នះ​មួយ​លើក​រួច​ហើយ និង​មាន​ពិន្ទុ​ខ្ពស់​ជាង មាស ច័ន្ទ​មាន មិន​អាច​បណ្ដោយ​ឱ្យ​កីឡាករ​រូប​នេះ​យកឈ្នះ​ដោយ​ស្រួល​នោះ​ទេ គឺ​ពិតជា​ប្រឹង​ប្រកួត​យកឈ្នះ​ដូច​គ្នា ។ បើ ថុ​ល មក​រា ឈ្នះ​នៅ​ថ្ងៃ​សៅរ៍​នេះ​មាន​ន័យ​ថា គេ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ហើយ មាស ច័ន្ទ​មាន ធ្លាក់ ប៉ុន្តែ​បើ​មាស ច័ន្ទ​មាន​ឈ្នះ​មាន​ន័យ​ថា ថុ​ល មក​រា ត្រូវ​ចាំ​អ៊ុត​មើល ឃី​ម បូ​រ៉ា បើកដៃ​ឱ្យ​ឈ្នះ​ក្នុង​ទឹក​ទី​ប៉ុន្មាន​សិន​ទើប​អាច​ដឹង ។ អ្នក​តាមដាន​គ្រប់​គ្នា​សុទ្ធតែ​មើលឃើញ​ថា កីឡាករ​មាស ច័ន្ទ​មាន និង​ថុ​ល មក​រា មិន​អា​ចប​ន្ធួ​រ​ដៃ​ឱ្យ​គ្នា​ដាច់ខាត​ដែល​មាន​ន័យ​ថា អ្នក​ឈ្នះ​សម្រាប់​គូ​នេះ​ពិតជា​ត្រូវ​ប្ដូរ​ដោយ​សាច់​ស្រស់ ឈាម​ស្រស់ មិន​ខុស​នោះ​ទេ ។ ថុ​ល មក​រា មិន​អាច​បណ្ដោយ​ឱ្យ មាស ច័ន្ទ​មាន ឈ្នះ​ទេ ព្រោះ​ដឹង​ថា​នៅ​ជុំ​ចុង​ក្រោយ​កីឡាករ ឱម សំរេច ដែល​ឈរ​នៅ​បាត​តារាង ក៏​បណ្ដោយ​ឱ្យ​កីឡាករ​រូប​នេះ​វាយ​ខ្លួន​សន្លប់​ក្នុង​ទឹក​ណាមួយ បើ​ទោះជា ឃី​ម បូ​រ៉ា អាច​នឹង​បន្ធូរ​ដៃ​ជួយ​ឱ្យ ថុ​ល មក​រា ទទួល​បាន​ឱកាស​ឡើង​ក្តី ។ ទោះជា​ការ​ប្រកួត​ក្នុង​ជុំ​ចុង​ក្រោយ​កីឡាករ​ឃី​ម បូ​រ៉ា ប្រឹង​បន្ធូរ​ដៃ​ឱ្យ ថុ​ល មក​រា ប៉ុន្តែ​វា​ក៏​មិន​ងាយ​នោះ​ដែរ ដែល​កីឡាករ​ជើង​ខ្លាំង​ឃី​ម បូ​រ៉ា ហ៊ាន​រហូត​ដល់​ថ្នាក់​ជួយ​ឱ្យ​កីឡាករ​ថុ​ល មក​រា ឈ្នះ​ខ្លួន​ក្នុង​ទឹក​ទី​២ ឬ​ទី​៣ ដើម្បី​ទម្លាក់​មាស ច័ន្ទ​មាន នោះ ។ បើ​ការ​ធ្វើ​ចាញ់​ហាក់​មិន​សម​ទំនង គឺ​ពិតជា​ធ្វើ​ឱ្យ​មាន​ភាព​មិន​ប្រក្រតី​កើតឡើង ។ ដូច្នេះ​ច្បាស់​ណាស់​ថា ដែល ថុ​ល មក​រា ដាច់ខាត​ត្រូវ​តែ​ប្រឹង​ស៊ី មាស ច័ន្ទ​មាន ហើយ​ច្បាស់​ដូច​គ្នា​ថា មាស ច័ន្ទ​មាន ពិតជា​ប្រឹង​ស៊ី​ថុ​ល មក​រា វិញ​ដូច​គ្នា​។ រវាង​អ្នក​ទាំង​ពីរ​កាលពី​វគ្គ​១ កីឡាករ​មាស ច័ន្ទ​មាន ល្អ​ជាង ប៉ុន្តែ​សម្រាប់​ជុំ​នេះ កីឡាករ​ថុ​ល មក​រា បាន​បង្កើន​សមត្ថ​ភាពល្អ​ជាង
បន្ទាប់​ពី មាស ច័ន្ទ​មាន ត្រូវ​គេ​ឃើញ​រាង​មើល​ស្រាល​សិស្ស​ប្អូន ហើយ​ទម្លាក់​ដៃ​បណ្ដោយ​ឱ្យ​ការ​ប្រកួត​៣​លើក​ចាញ់​ទាំង​៣​លើក ។ គូ​នេះ​អ្នក​ណា​ក៏​ប៉ាន់ស្មាន​ដូច​គ្នា​ថា អ្នក​ឈ្នះ និង​ចាញ់​ពិតជា​ត្រូវ​ទ្រម​ខ្លួន ។ ស្រួល​មិន​ស្រួល​អាច​បែក​រយះ​ច្រើន​កន្លែង​ម្ខាង​ៗ​ផង​ដោយសារ​តែ​អ្នក​ណា​ក៏​ត្រូវការ​ឈ្នះ​ដាច់ខាត​ដូច​គ្នា ។

ងាក​មក​កាន់​កីឡាករ​លាស់ យី​ន វិញ ថ្វី​ដ្បិតថា​គេ​មានសំណាង​ឈ្នះ​២​ប្រកួត​រួច​ទៅ​ហើយ ប៉ុន្តែ​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ គឺជា​សញ្ញា​យ៉ាង​សំខាន់​សម្រាប់​កំណត់​ជោគវាសនា​របស់​គេ​ដូច​គ្នា ។ នៅ​២​ប្រកួត​ចុង​ក្រោយ​គេ​ត្រូវ​ប៉ះ ឱម សំរេច ដែល​មាន​ពិន្ទុ​នៅ​បាត​តារាង និង​ប៉ះ​ជាមួយ​កីឡាករ​សូត្រ ប៊ុ​ន​ធី ដែល​ជា​ជើង​ខ្លាំង​ឈរ​នៅ​កំពូល​តារាង ។ ផ្អែក​តាម​ការ​វិភាគ​បើ​ទោះជា សូត្រ ប៊ុ​ន​ធី បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ ក៏​ពិតជា​មិន​បណ្ដោយ​ឱ្យ លាស់ យី​ន ឈ្នះ​នៅ​ជុំ​ចុង​ក្រោយ​នោះ​ដែរ ។ ដូច្នេះ​មាន​ន័យ​ថា បើ​គេ​មិន​អាច​ស៊ី ឱម សំរេច នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ទេ គឺ​ស្មើនឹង​ប្រឈម​ធ្លាក់​ដូច​គ្នា ដោយសារ​តែ​កីឡាករ​មាស ច័ន្ទ​មាន និង​កីឡាករ​ថុ​ល មក​រា ដែល​ដាច់ខាត​ត្រូវ​តែ​ឈ្នះ​២​ប្រកួត​ម្នាក់​ដែរ​នោះ នឹង​មាន​ពិន្ទុ​ស្មើ​ខ្លួន ហើយ​ជម្រើស​យក​អ្នកមាន​ក្រេ​ឌី​ត​ល្អ​ដើម្បី​ឡើង​ទៅ​បន្ត ។ ក្នុង​ករណី​ដែល​មាន​ពិន្ទុ​ស្មើ មាស ច័ន្ទ​មាន និង​ថុ​ល មក​រា កីឡាករ​លាស់ យី​ន អាច​មិនមែន​ជា​អ្នក​បាន​ឡើង​នោះ​ទេ ដោយសារ​តែ​កីឡាករ​ដែល​ជា​គូបដិបក្ខ​ពិតជា​ប្រឹង​ដណ្ដើម​យក​ក្រេ​ឌី​ត​សម្រាប់​ប្រជែង​ឡើង​ទៅ ។ កីឡាករ​លាស់ យី​ន ត្រូវ​តែ​ប្រឹង​រលាស់​ខ្លួន​យកឈ្នះ​ដាច់ខាត​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​អាច​ច្បាស់​១០០% បន្ត​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ គាប់​ជួន​ជា​កីឡាករ​ឱម សំរេច បើ​ឈ្នះ​លើក​នេះ និង​ឈ្នះ​លើក​ក្រោយ ក៏​ជា​កីឡាករ​ដែល​មាន​សង្ឃឹម​ម្នាក់​ផង​ដែរ ទើប​ការ​ប្រកួត​របស់​លាស់ យី​ន គឺ​ពិត​មិន​ស្រួល​ប៉ុន្មាន​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ ។ យ៉ាងណា​ក៏​ដោយ កីឡាករ​ឱម សំរេច ពិតជា​មិន​ប្ដូរ​យកឈ្នះ​លាស់ យី​ន នោះ​ទេ ដោយសារ​ទី​១ លាស់ យី​ន ល្អ​ជាង ទី​២ បើ​ឈ្នះ​លើក​នេះ ក៏​ត្រូវ​ប្រឹង​ឈ្នះ​កីឡាករ​មាស ច័ន្ទ​មាន នៅ​ជុំ​ចុង​ក្រោយ​មួយទៀត​ដែល​ពិតជា​ទៅ​មិន​រួច ។

ដោយឡែក​សម្រាប់​កីឡាករ​ផ​ន ប៊ុ​ន​ម៉ៅ វិញ គេ​មិនមែន​ជា​គូប្រកួត​ដែល​ការ​ត្រូវ​ឈ្នះ​ដើម្បី​យក​ពិន្ទុ​ឡើង​ទៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍ K-Cement នេះ​ទេ ប៉ុន្តែ​គេ​គឺជា​កីឡាករ​ល្បីឈ្មោះ និង​ជា​ជើង​ចាស់​ដែល​ត្រូវការ​ឈ្នះ​ដើម្បី​អាច​បន្ត​ទីផ្សារ​នៅ​លើ​សង្វៀន បន្ទាប់​ពី​សម្រេចចិត្ត​ត្រឡប់​មក​កាន់ការ​ប្រកួត​វិញ ។ នៅ​ថ្ងៃ​សៅរ៍​នេះ គេ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ម៉ូ រ​ដ្ឋា ដែល​ជា​ជើង​ខ្លាំង​ម្នាក់ និង​ជា​កីឡាករ​ស៊េរី​ក្រោយ ។ អ​ញ្ចឹ​ង​បើ​ចាញ់ គឺ​មិន​ត្រឹមតែ​ត្រូវ​អាម៉ាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ត្រូវ​បាត់ឈ្មោះ និង​បាត់បង់​ទីផ្សារ​ឡើង​ប្រកួត​នោះ​ផង​សម្រាប់​ជំហាន​បន្តបន្ទាប់ ។ កីឡាករ​ជើង​ចាស់​ដែល​វិល​ត្រឡប់​ក្រោយ​ត្រូវ​គេ​មើលឃើញ​ថា មានការ​គាំទ្រ​តែ​ក្នុង​ករណី​ឈ្នះ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ចាញ់​អ្វី​ក៏​រលាយ​អស់​ដែរ ។ ត្រង់នេះ​ហើយ​ដែល​កីឡាករ​រូប​នេះ​ត្រូវ​តែ​ប្ដូរ​កណ្ដាប់ដៃ​ដោយ​ការ​ស្ទុះស្ទា​ឱ្យ​បាន​ដាច់ខាត ដើម្បី​យកឈ្នះ​កីឡាករ​ម៉ូ រ​ដ្ឋា ក្នុង​ពេល​ដែល ម៉ូ រ​ដ្ឋា ក៏​ត្រូវការ​ឈ្នះ​ជើង​ចាស់​រូប​នេះ​ដូច​គ្នា ។ ផ​ន ប៊ុ​ន​ម៉ៅ ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​ពិសេស​ទី​៥ ឬ​ហៅ​ថា​ជា​គូ​កិត្តិយស បន្ទាប់​ពី​គូ​ស៊ីសាច់ហុតឈាម​ទាំង​៣​គូ​របស់ K-Cement ត្រូវ​បញ្ចប់ ។

សរុប​មក​ការ​ប្រដាល់​នៅ​ថ្ងៃ​សៅរ៍​នេះ​ហាក់​បាន​ផ្ដល់​សម្ពាធ​ឱ្យ​កីឡាករ​ទាំង​៤​ត្រូវ​បង្កើន​កម្លាំង​ដៃ​ប្រកួត​លក្ខណៈ​ស៊ីសាច់ហុតឈាម​យ៉ាង​ខ្លាំង ដោយ​មិន​ចាំបាច់​ភ័យ​រឿង​អ្នក​ណា ប្រកួត​មិន​អស់ដៃ ឬ​ត្រូវ​លក់ខ្លួន​នោះ​ឡើយ​។ ជា​ពិសេស​គូប្រកួត មាស ច័ន្ទ​មាន និង​ថុ​ល មក​រា គឺ​ពិតជា​បើក​ឆាកប្រយុទ្ធ​កាច​សាហាវ ដោយសារ​តែ​អ្នក​ឈ្នះ​មានឱកាស​ឡើង ហើយ​អ្នក​ចាញ់​ត្រូវ​ធ្លាក់​ដែល​ពិបាក​នឹង​ចាំ​អ៊ុត​មើល​សំណាង​ក្នុង​ជុំ​ចុង​ក្រោយ ៕