ខេត្តស្វាយរៀង ៖ អ្នកបើកបររថយន្តក្រុងជនជាតិវៀតណាមដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់និងរបួសធ្ងន់ស្រាល៣៩នាក់នៅស្រុកស្វាយទាប បានត្រូវក្រុមហ៊ុនធានារ៉ាប់រងមួយមកធានានៅក្រៅឃុំ ប៉ុន្តែប្រជាពលរដ្ឋដែលត្រូវជាសាច់ញាតិជនរងគ្រោះនិងមន្រ្តីរាជការមួយចំនួនបានស្នើមិនឲ្យមានការដោះលែង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះទៀតថា ក្រោយពេលបង្កគ្រោះថ្នាក់អ្នកបើកបរឈ្មោះ ង្វៀង វ៉ាន់ទឹង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិយិនធឹង ឃុំធឹងធើយ ស្រុកត្រាអូ ខេត្តវីនឡុង ត្រូវបានប៉ូលិសឃាត់ខ្លួននិងបញ្ជូនទៅអធិការស្រុកស្វាយទាប ប៉ុន្តែព័ត៌មាននេះហាក់មានការលាក់លៀមពីសមត្ថកិច្ចក្រោយមានក្រុមហ៊ុនធានារ៉ាប់រងមិនទាន់ស្គាល់អត្តសញ្ញាណ(ឈ្មោះក្រុមហ៊ុនធានារ៉ាប់រង)មកធានាដោះលែងនៅក្រៅឃុំ ដែលប្រភពខ្លះថាបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត តែនៅស្នងការដ្ឋាននគរបាលខេត្តអត់ឃើញជនបង្កគ្រោះថ្នាក់ មិនដឹងនៅទីណាពិតបា្រកដ ។
ដោយឡែកតួលេខអ្នកស្លាប់គិតត្រឹមម៉ោង៣និង១៥នាទីរសៀលនេះ កើនដល់១៨នាក់ របួសធ្ងន់ស្រាល២១នាក់ (ស្រាលម្នាក់) ។
បើសិនមានព័ត៌មានថ្មីៗបន្ថែមជុំវិញហេតុការណ៍ដ៍សែនរន្ឋត់ខាងលើនេះ គេហទំព័រកោះសន្តិភាពនឹងតាមដានហើយផ្សាយជាបន្តបន្ទាប់នាពេលបន្តិចទៀតនេះ និងនៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ