រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់យ៉ាងអាណោចអាធ័មនៅលើកំណាត់ផ្លូវជាតិលេខ២ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូស្មាសមួយគ្រឿងឌុបគ្នាធ្វើដំណើរពីក្រុងតាខ្មៅឆ្ពោះមករាជធានីភ្នំពេញ ហើយជួបគ្រោះថ្នាក់ចរាចរនៅចំណុចមុខរោងចក្រផលិតស្បៀងក្រៀម ផ្លូវជាតិលេខ២ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង០២នាទីរសៀល ថ្ងៃទី១៧ ឧសភា ២០១៥ ។ នគរបាលចរាចរណ៍មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ គាសាន លាន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិថ្មី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកបើកបរ និងម្នាក់ទៀតឈ្មោះ ប៉ែន ស៊ីនឿន ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកជិះពីក្រោយ ហើយពួកគេ បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S 4868 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ក្នុងល្បឿនលឿន លុះមកដល់ចំណុចមុខរោងចក្រផលិតស្បៀងក្រៀមក៏បានវាក់ជាមួយម៉ូតូស្តូពីមួយគ្រឿងកំពុងជិះឆ្លងផ្លូវ ធ្វើឱ្យជនរងគ្រោះភ័យស្លន់ស្លោកជាន់ហ្វ្រាំងម៉ូតូមិនទាន់ រេចង្កូតជ្រុលដួលម៉ូតូបោកផ្ទប់ទៅនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យបុរសជាអ្នកឌុបបោកក្បាលនឹងរបាំងថ្មបែកលលាដ៏ដេកផ្កាប់មុខស្លាប់យ៉ាងអណោចអាធ័មក្នុងថ្លុកឈាម ចំណែកបុរសម្នាក់ទៀតដែលជិះម៉ូតូខ្ទាតជិត១០ម៉ែត្រ រងរបួសត្រង់ស្មា ហើយម៉ូតូក៏ត្រូវរងការខូចខាតផងដែរ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីមានករណីនេះម្ចាស់ម៉ូតូស្តូពីបានជិះគេចខ្លួនបាត់ដោយសារឃើញម្ចាស់ម៉ូតូស្មាសមានអ្នកស្លាប់ និងរងរបួស ។ សមត្ថកិច្ចបញ្ជាក់ថា ចំពោះហេតុការណ៍នេះម៉ូតូស្មាស់មិនបានបុកម៉ូតូស្តូពីទេ គឺដោយសារម្ចាស់ម៉ូតូស្មាសបានទាញចង្កូតម៉ូតូគេចទើបរេចង្កូតដួលតែម្តងទៅ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ