ខេត្តកំពង់ឆ្នាំង ៖ រថយន្តប្រភេទសណ្តោងកុងតឺន័រមួយគ្រឿង បានបើកខុសផ្លូវជ្រុលមកខាងឆ្វេងដៃទៅបុកផ្ទប់ដើមចំប៉ី និងធ្លាក់បែកលូ ទើបទៅមុខលែងរួច សំណាងល្អដែរ មិនមានអ្នកណាម្នាក់រងរបួសនោះទេ ដែលហេតុការណ៍នេះកើតឡើងកាលពីម៉ោង១២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ឧសភា ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩០និងលេខ៩១ ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3C-0353 បើកបរដោយបុរសឈ្មោះងឹម នឿន អាយុ៣២ឆ្នាំ មានទីលំនៅស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ អ្នកបើកបរបានបើករថយន្តចេញពីរាជធានីភ្នំពេញ ទៅខេត្តបាត់ដំបង ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តបានរលត់ម៉ាស៊ីន បណ្តាលឱ្យគាំងចង្កូតហ្វ្រាំងមិនជាប់ ហើយបានជ្រុលមកឆ្វេងដៃបុកនឹងដើមចំប៉ី និងធ្លាក់លូតែម្តង ។
ក្រោយពេលកើតហេតុ គេឃើញមានការខូចខាតដូចជាបែកបំពង់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូធ្លាយទឹកពេញថ្នល់ បែកលូទឹករបស់មន្ទីរសាធារណការ ចំណែករថយន្តវិញ បានដាច់កង់មុខទាំងសងខាង និងដាច់រទីលទៀតផង សំណាងល្អអ្នកបើកបរ និងព្រូម្នាកទៀត មិនមានរងរបួសនោះទេ ។ រថយន្តខាងលើបានទុកនៅកន្លែងកើតហេតុមួយយប់ ហើយនៅវេលាព្រឹកថ្ងៃទី០៩ ឧសភា នេះ សមត្ថកិច្ចបានយករថយន្តមកស្ទូចរថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ការ ដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ