រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយដែលបង្កឡើងដោយរថយន្តម៉ាកអ៊ីស៊ុយហ្ស៊ុយកង់១០ធុនធំមួយគ្រឿង បើកក្នុងល្បឿនលឿនដាច់ហ្វ្រាំងជ្រុលបុករះ និងកិនម៉ូតូចំនួន២គ្រឿង ដែលកំពុងធ្វើដំណើរតាមដងផ្លូវបណ្តាលឱ្យម៉ូតូអូសកៀបក្រោមកង់រថយន្តរងការខូចខាត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខនឹងភោជនីយដ្ឋានសម្បត្តិ មាន ហេង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៧ និង២៥នាទីព្រឹក ថ្ងៃទី០៨ ឧសភា ២០១៥ ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេសង្គេតឃើញយុវជន៤នាក់ ជិះម៉ូតូ២គ្រឿងផ្សេងគ្នា ដែលមួយគ្រឿងម៉ាកសង់C១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1L-0243 បើកបរដោយយុវជនម្នាក់តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច និងមួយគ្រឿងទៀតម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DD-0744 ជិះគ្នា៣នាក់ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅស្របគ្នា និងក្នុងល្បឿនធម្មតាដូចគ្នា ។
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តខាងលើ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-5863 បើកបរដោយបុរសម្នាក់ បើកចេញពីផ្លូវបេតុងបំណងឆ្ពោះឡើងទៅផ្លូវជាតិលេខ១ ក្នុងល្បឿនយ៉ាងលឿន ខណៈនោះរថយន្តបានដាច់ហ្វ្រាំងធ្វើឱ្យជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមស៊េរីឆ្នាំ២០១០ ដែលបើកបរដោយយុវជនម្នាក់ បណ្តាលឱ្យម្ចាស់ម៉ូតូខ្ទាតចូលក្រោមកង់រថយន្តកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមដូចគ្នា ដែលបើកបរដោយយុវជន៣នាក់យ៉ាងពេញទំហឹង បណ្តាលឱ្យយុវជន២នាក់រងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល ។
ចំណែករថយន្តបង្កនៅតែមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុកផ្ទប់នឹងរបងភោជនីយដ្ឋាន សម្បត្តិមាន ហេង នាំទាំងម៉ូតូជនរងគ្រោះកៀបជាប់ក្រោមកង់រថយន្តពេញទំហឹងកៀបជាប់នឹងរបងទើបទៅមុខលែងរួច ។ ភ្លាមៗនោះ បុរសជាម្ចាស់រថយន្តបង្កបានបើកទ្វារចេញមកខាងក្រៅ ហើយព្យាយាមរត់គេចខ្លួនបាត់ស្រមោលតែម្តង ។ ចំណែកម៉ូតូទាំង២គ្រឿង មួយគ្រឿងត្រូវរងការខូចខាតទាំងស្រុង និងមួយគ្រឿងទៀតរងការខូចខាតបន្តិចបន្តួច ។
រីឯយុវជន៣នាក់ មាន២នាក់ដែលរងរបួសធ្ងន់ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនមកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ៕
ចែករំលែកព័តមាននេះ