រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តដឹកដីធុនធំកិនស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម កាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី៣០ មេសា ២០១៥ តាមបណ្តោយផ្លូវលេខ៣៧១ ក្បែររោងចក្រអេសអិល ក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលមានគ្រោះថ្នាក់នេះ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធុនC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z 0250 ឌុបបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ទិសដៅពីកើតទៅលិច លុះជិះហួសច្រកទ្វាររោងចក្រ អេស អិល បានប្រហែលជាង២០០ម៉ែត្រ ស្រាប់តែចាប់ហ្វ្រាំងគេចអ្នកដើរឆ្លងផ្លូវ បណ្តាលឱ្យដួល ហើយជើងទាំងពីរកៀបជាប់នឹងម៉ូតូ ចំណែក ពាក់កណ្តាលខ្លួនរហូតដល់ក្បាលត្រូវរថយន្តដឹកដីធុនធំមួយគ្រឿងកំពុងបើកលឿនមកពីក្រោយកិនខ្ទេចបណ្តាលស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាមតែម្តងទៅ ។
ចំណែកបុរសជាភ្ញៀវដែលជិះម៉ូតូពីក្រោយមិនមានរងរបួសទេ ដោយសារពេលដួលម៉ូតូរូបគាត់ខ្ទាតទៅខាងចិញ្ចើមផ្លូវ។ ប្រភពដដែលបានបន្តថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានបើករថយន្តគេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាជិះម៉ូតូដេញឃាត់បាននៅចម្ងាយពីកន្លែងកើតហេតុប្រមាណជាង៣០០ម៉ែត្រ អ្នកបើកបរភ័យស្លន់ស្លោក៏ចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណសពទេ ដោយសារនៅជាប់ខ្លួនរបស់សពមិនមានប័ណ្ណសម្គាល់ខ្លួនឡើយ ចំណែកអ្នកជិះម៉ូតូពីក្រោយមាន ឈ្មោះ មាស ប៊ី ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៤ សង្កាត់អូរឬស្សី ខណ្ឌ៧មករា ត្រូវសមត្ថកិច្ចឱ្យត្រឡប់ទៅផ្ទះវិញ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ