រាជធានីភ្នំពេញ ៖ រថយន្តទេសចរណ៍ដឹកអ្នកដំណើរជនជាតិវៀតណាមមកពីប្រទេសវៀតណាមបានបើកជែងរថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុកអូសម៉ូតូជាប់១គ្រឿងក្រោមរថយន្តធ្វើឲ្យអ្នកជិះម៉ូតូខ្ទាតចេញក្រៅបោកក្បាលកំពិតមុខស្លាប់ ហើយរថយន្តបានបើកទៅបុករ៉ឺម៉កម៉ូតូ១គ្រឿងទៀតផ្លោងស្ត្រីចំណាស់ម្នាក់បាក់កស្លាប់ និងរងរបួសធ្ងន់-ស្រាល៥នាក់ទៀតកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅមុខសាលាបឋមសិក្សាក្តីតាកុយ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ព្រះសីហនុ 3A-1530 ជារថយន្តទេសចរណ៍ដឹកអ្នកដំណើរពីប្រទេសវៀតណាមពេញមកប្រទេសកម្ពុជា ដោយធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន ហើយមានរថយន្តទេសចរណ៍អមដំណើរមកជាមួយជាច្រើនគ្រឿងទៀត លុះមកដល់ចំណុចខាងលើរថយន្តបង្កបានព្យាយាមបើកជែងរថយន្តទេសចរណ៍ដូចគ្នាបណ្តាលឲ្យរេចង្កូតទៅខាងឆ្វេងបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-7104 ជិះម្នាក់ឯងពីកើតទៅលិច ច្រាសទិសគ្នា បណ្តាលឲ្យម៉ូតូអូសជាប់ក្រោមរថយន្ត ចំណែកអ្នកបើកម៉ូតូផ្លោងបោកកញ្ចក់រថយន្តខ្ទាតចេញក្រៅកំពិតមុខ និងបែកក្បាលស្លាប់នៅកន្លែងកើតហេតុ និងម៉ូតូ២គ្រឿងទៀតដែលជិះទន្ទឹមគ្នាបណ្តាលឲ្យដួលតែរងរបួសស្រាល ម្ចាស់ម៉ូតូបានលើកជិះម៉ូតូចេញទៅបាត់អស់ ហើយរថយន្តបង្កនៅតែមិនទាន់អស់ល្បឿនបានបើកទៅបុករ៉ឺម៉កម៉ូតូ១គ្រឿងទៀតបើកនៅខាងមុខម៉ូតូជិះគ្នា៦នាក់ បណ្តាលឲ្យខ្ទាតស្ត្រីចំណាស់ម្នាក់បោកនឹងកញ្ចក់រថយន្តបាក់កស្លាប់ អ្នកបើករ៉ឺម៉កម៉ូតូនិងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ និងស្រាល២នាក់ ចំណែករ៉ឺម៉កម៉ូតូក្រឡាប់ខូចខាតស្ទើរទាំងស្រុង រីឯអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
សពអ្នកជិះរ៉ឺម៉កម៉ូតូដែលស្លាប់មានឈ្មោះវ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរចុងភៅតាមរោងការ-បុណ្យ រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និងសពអ្នកបើកម៉ូតូ ង៉ាំ ប៊ុនថន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកឌីហ្សាញ (កាត់តរូបភាព) ស្នាក់នៅភូមិព្រែធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ចំណែគអ្នកបើករថយន្តបង្កមានឈ្មោះសុខ សាន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិល្វាឯម ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
ក្រោយពេលពិនិត្យសាកសពរួចហើយ សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យរៀងៗខ្លួន ចំណែករថយន្តបង្កបែកកញ្ចក់ខាងមុខខ្ទេច រួមជាមួយម៉ូតូ និងរ៉ឺម៉កម៉ូតូ ព្រមទាំងអ្នកបើកបររថយន្តបង្កត្រូវបានយកទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ