រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលគេស្គាល់ថា ជាអតីតយុវជនស្ម័គ្រចិត្តសម្តេចតេជោ បានជិះម៉ូតូបុកបង្គោលថ្មបោកក្បាលស្លាប់ ខណៈពេលធ្វើដំណើរត្រឡប់មកពីចូលរួមមង្គលការគេ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ មេសា ២០១៥ នៅចំណុចវិថីកែវចិន្តា មុខស្ថានីយរដ្ឋាករទឹក ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះជៀវ ប៊ុនហេង ភេទប្រុស អាយុ២៤ឆ្នាំ ជាអតីតយុវជនស្ម័គ្រចិត្តសម្តេចតេជោក្រុមលេខ១០៣ និងជាយុវជនសង្កាត់ជ្រោយចង្វារ មានទីលំនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស្ទែប ពណ៌សលាយខ្មៅ ធ្វើដំណើរមកពីចូលរួមជប់លៀងមង្គលការក្នុងទិសដៅពីត្បូងទៅជើងក្នុងបំណងទៅផ្ទះ ពេលមកដល់ចំណុចកើតហេតុជាផ្លូវកោងក្បែរមាត់ទន្លេស្រាប់តែជ្រុលចង្កូតទៅបុកបង្គោលថ្មដែលគេដាក់បាំងកុំឱ្យធ្លាក់ទន្លេបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សពត្រូវក្រុមគ្រួសារបញ្ជូនទៅតម្កល់ធ្វើបុណ្យនៅវត្តប្រជុំសាគរ ហៅវត្តថ្មី។ គួរបញ្ជាក់ថា ក្នុងពិធីបុណ្យសពនោះ លោកឃ្លាំង ហួត បានចូលរួមឧបត្ថម្ភថវិកាចំនួន១លានរៀលដល់គ្រួសារសពជនរងគ្រោះផងដែរ៕
ចែករំលែកព័តមាននេះ