ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នកញៀន​ល្បែងស៊ីសង​០៧​នាក់​នៅ​ស្រុក​ក្រគរ​ឲ្យ​អង្គុយ​លេង​កណ្ដាល​ថ្ងៃ​​​

10 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​៖​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​នៅ​ស្រុក​បាកាន​សមត្ថកិច្ច​ធ្លាប់​ឃាត់ខ្លួន​អ្នកលេង​ល្បែងស៊ីសង​(​អាប៉ោង​)​ចំនួន​០៣​នាក់​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​រួច​ហើយ​បាន​ដាក់​ឲ្យ​លេង​កណ្ដាល​ថ្ងៃ​អង្គុយ​លើ​ស័ង្កសី​ម្ដង​រួច​ទៅ​

ខេត្តពោធិ៍សាត់​៖​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​នៅ​ស្រុក​បាកាន​សមត្ថកិច្ច​ធ្លាប់​ឃាត់ខ្លួន​អ្នកលេង​ល្បែងស៊ីសង​(​អាប៉ោង​)​ចំនួន​០៣​នាក់​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​រួច​ហើយ​បាន​ដាក់​ឲ្យ​លេង​កណ្ដាល​ថ្ងៃ​អង្គុយ​លើ​ស័ង្កសី​ម្ដង​រួច​ទៅ​ហើយដោយ​សារ​តែ​ពុំ​មានការ​រាងចាល​។ ​ឥឡូវនេះ​នៅ​ស្រុក​ក្រគរ​បាន​ឃាត់ខ្លួន​អ្នកលេង​ល្បែងស៊ីសង​(​បៀរ​)​ចំនួន​០៧​នាក់​ទៀត​ ហើយក៏បាន​ដាក់​ឲ្យ​លេង​កណ្ដាល​ថ្ងៃ​អង្គុយ​លើ​ស័ង្កសី​ដូច​ស្រុក​បាកាន​អ៊ីចឹង​ដែរ​។

លោក​វរសេនីយ៍ត្រី​ឯម រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា អ្នកលេង​​ល្បែងស៊ីសង​ទាំង​០៧​នាក់​នេះ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​២៣​ មេសា​ ​២០១៥​ នៅ​ភូមិ​សាន្ត​ស ​ឃុំ​អ​ន្សា​រ​ចំបក់ ​ស្រុក​ក្រគរ​។​ ​​លោក​ឯម រុន​ ឲ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃ​នោះ ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ភ្លាម​លោក​បាន​ចាត់​ឲ្យ​លោក​អនុសេនីយ៍ឯក​ម៉ោ​ល សុទ្ធ​ អធិការរង​ទទួល​បន្ទុក​យុ​ត្តិ​ធម៌​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក ប៉ុស្តិ៍​ក្បាល​ត្រាច ​និង​ប៉ុស្តិ​អ​ន្សា​រ​ចំបក់​រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ជា​បន្ទាន់​។​

ក្រៅពី​ឃាត់​អ្នកលេង​ល្បែងស៊ីសង​ទាំង​០៧​នាក់​នេះ​សមត្ថកិច្ច​​ក៏បានរឹប​អូស​​វត្ថុ​តាង​មួយ​ចំនួន​មាន​បៀរ កម្រាល និង​ម៉ូតូ​ចំនួន​០៨​គ្រឿង​ផង​ដែរ ​ខ​ណៈ​ដែល​ប៉ុន្មាន​នាក់​ទៀត​រត់គេច​ខ្លួន​អស់​។​ លោក​អធិការ​បន្ត​ទៀត​ថា​ ក្រុម​អ្នក​លេងបៀ​រទាំង​ប៉ុន្មាន​នាក់​នេះ​សមត្ថកិច្ច​​​បាន​ហាមប្រាម​ និង​អប់រំ​ណែនាំ​ប៉ុន្មាន​លើក​ប៉ុន្មាន​សារ​មក​ហើយ​ តែ​នៅ​តែ​មិន​រាងចាល​ទាល់តែ​សោះ​។​

មក​ដល់​លើក​នេះ​អនុវត្តន៍​តាម​បទបញ្ជារ​របស់​លោកស្នងការ​នគរបាល ​និង​លោក​អភិបាលខេត្ត​ គឺ​តម្រូវ​ឲ្យ​អ្នកលេង​បៀរ​ទាំងអស់​អង្គុយ​លេង​លើ​ស័ង្កសី​កណ្ដាល​ថ្ងៃ​រហូត​ទ្រាំ​លែង​បាន​ទើប​ឲ្យ​ឈប់​ ​រួច​ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​ជា​លើក​ចុង​ក្រោយ​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង​ចាប់ពី​ពេល​នេះ​ទៅ​ បើ​ពុំ​មានការ​រាងចាល​ទេ​ លើក​ក្រោយ​នឹង​អនុវត្តន៍​តាម​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​។

គួរ​រំលឹក​ថា​នេះ​ជា​លើក​ទី​២​ហើយ​នៅ​ខេត្តពោធិ៍សាត់​ដែល​សមត្ថកិច្ច​ចាប់​បាន​អ្នកលេង​ល្បែងស៊ីសង​(​បៀរ​អាប៉ោង​)​យក​មក​ឲ្យ​អង្គុយ​លេង​លើ​ស័ង្កសី​កណ្ដាល​ថ្ងៃ​ដើម្បី​ឲ្យ​រាងចាល​ដែល​លើក​ទី​មួយ​នៅ​ស្រុក​បាកាន​។​ ការ​ធ្វើ​បែប​នេះ​មានការ​រិះគន់​ពី​មហាជន​ថា​ជា​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​មនុស្សជាតិ​ទៅ​វិញ ព្រោះថា​ទោស​កំហុស​នីមួយ​ៗ​សុទ្ធតែ​មានច្បាប់​កំណត់​ត្រឹមត្រូវ​ ដូច្នេះ​ត្រូវ​អនុវត្តន៍​ទៅ​តាម​ច្បាប់​​ ​មិន​គួរ​ធ្វើ​បែប​នេះ​​ទេ​៕ ​