ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភ្នំភ្លើង CALBUCO ប្រទេស​ស៊ី​លី​និង​អា​ហ្ស​ង់​ទី​ន​ប្រកាស​អាសន្ន​ខណៈ​ថា​បញ្ចេញ​ផេះ​ខ្លាំង​បំផុត

9 ឆ្នាំ មុន

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​២​លើក​នៃ​ភ្នំភ្លើង​ស៊ី​លី CALBUCO កាលពី​ថ្ងៃ​ទី​២២​និង​២៣​មេ​សា ក្រោយ​ពី​ភ្នំភ្លើង​នោះ​ពុំ​មាន​សកម្មភាព​សោះ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ នាំ​ឱ្យ​មានការ​ជម្លៀស​មនុស្ស

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​២​លើក​នៃ​ភ្នំភ្លើង​ស៊ី​លី CALBUCO កាលពី​ថ្ងៃ​ទី​២២​និង​២៣​មេ​សា ក្រោយ​ពី​ភ្នំភ្លើង​នោះ​ពុំ​មាន​សកម្មភាព​សោះ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ នាំ​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​៥០០០​នាក់ ហើយ​គេ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​នៅ​តំបន់​ភាគ​ខាងត្បូង​ស៊ី​លី​ជា​តំបន់​ទេសចរណ៍​និង​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន​ជិតខាង​មក​ពី​ការ​បញ្ចេញ​ផេះ​ខ្លាំង​បំផុត ។

មាន​កម្ពស់​២០០៣​ម៉ែត្រ​ហើយ​ស្ថិត​នៅ​ជាប់់មាត់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ចម្ងាយ​១៣០០​គ​.​ម ខាងត្បូង​រដ្ឋធានី​សាន់​ទី​យ៉ា​ហ្គោ ភ្នំភ្លើង​នោះ​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ មេ​សា នៅ​តែ​បញ្ចេញ​ផ្សែង​និង​ផេះ​ខ្លាំង​ក្នុង​កម្ពស់​រហូត​ដល់​១៥​គ​.​ម ។ ទោះជា​មានកំ​អែរ​ភ្នំភ្លើង​ជះ​ឡើង​លើ​មេឃ​នា​ពេល​យប់​តែ​ហាក់​ពុំ​ទាន់​មានការ​ហូរ​កំ​អែរ​មក​លើ​ចង្កេះភ្នំ​នៅឡើយ​នា​ថ្ងៃ​ទី​២៣ មេ​សា ។ ផ្ទុយ​ទៅ​វិញ ស្រទាប់​ផេះ​យ៉ាង​ក្រាស់​បាន​គ្របដណ្តប់​លើ​តំបន់​ជុំវិញ​ភ្នំភ្លើង​រហូត​ដល់​គេ​ប្រើ​គ្រឿងចក្រ​ដើម្បី​ឈូស​ផេះ​ចេញពី​តាម​ផ្លូវថ្នល់​ទាំងឡាយ ។

រដ្ឋាភិបាល​ស៊ី​លី ដែល​ពុំ​រៀបរាប់​ពី​អ្នក​រង​គ្រោះ​នៅឡើយ បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ក្នុង​តំបន់​ទេសចរណ៍​ដ៏​សំខាន់​នេះ​របស់​ប្រទេស ។

នៅ​ភាគ​ខាងត្បូង​ប្រទេស​អា​ហ្ស​ង់​ទី​ន​អាជ្ញាធរ​ក្រុង BARILOCHE ជាទី​ក្រុង​ទេសចរណ៍​មួយ​ស្ថិត​នៅ​ចម្ងាយ​១០០​គ​.​ម​ពី​ភ្នំភ្លើង​ក៏​ចេញ​ការ​ប្រកាស​អាសន្ន​ដែរ​ហើយ​ស្នើ​ដល់​ប្រជាជន​ឱ្យ​នៅ​ក្នុងផ្ទះ​កុំ​ចេញ​ក្រៅ​មក​ពី​វត្តមាន​នៃ​ផេះភ្នំភ្លើង ។

ប្រធានាធិបតី​ស៊ី​លី​លោកស្រី MICHELLE BACAELET មុន​ពេល​មក​កាន់​តំបន់​ភ្នំភ្លើង​នា​រសៀល​ថ្ងៃ​ទី​២៣ មេ​សា ថ្លែង​ថា យើង​ពុំ​ដឹង​ថា តើ​បែប​នោះ​ត្រូវ​វាយតម្លៃ​យ៉ាងណា​ឡើយ ។  វា​ជារ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​មួយ ។

ចំណែក​លោក MAHMUD ALEY អនុ​រដ្ឋ មន្ត្រី​មហាផ្ទៃ​ស៊ី​លី​និយាយ​ថា ទោះបី​យ៉ាងណា ក្នុង​ករណី​មានការ​ផ្ទុះ​ខ្លាំង​ថ្មី​ទៀត​យើង​គិត​ថា វា​នឹង​ពុំ​មាន​ឥទ្ធិពល​ហួស​ពី​តំបន់​ដែល​យើង​បាន​កំណត់​ក្នុង​រង្វង់​២១​គ​.​ម ជុំវិញ​ភ្នំភ្លើង​នោះ​ឡើយ ។ 

លោកស្រី​ប្រធានាធិបតី​ព្យាករណ៍​ថា អាច​មានការ​ហូរ​កំ​អែរ​ភ្នំភ្លើង​ដែល​អាច​រំលាយ​ព្រិល​នាំ​ឱ្យ​ស្ទឹង​ទាំងឡាយ​មានទឹក​ជោរជន់ ។ ផេះ​អាច​បំផ្លាញ​ដំណាំ​ដាំ​ដុះ​ធ្វើ​ឱ្យ​ស្ទះ​ដល់​ការងារ ទេសចរណ៍ ពិសេស​នាំ​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព​ប្រជាជន ។ លោកស្រី​អំពាវនាវ​ដល់​ប្រជាជន​ឱ្យ​ពាក់​ម៉ាស់​ការពារ ៕