សហរដ្ឋអាមេរិកគឺជាទីផ្សារធំរបស់កម្ពុជា ដោយ៨ខែដើមឆ្នាំ២០២៥ ទំហំនាំចេញកម្ពុជាទៅទីផ្សារនេះមានតម្លៃ៨,៣១ពាន់លានដុល្លារ ប៉ុន្តែការវិនិយោគអាមេរិកមានតិចតួច ទើបកម្ពុជាកំពុងតែរៀបចំផែនការទាក់ទាញវិនិយោគពីទីផ្សារនេះបន្ថែមទៀត ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជាកំពុងបន្តពង្រឹងការចូលរួម និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក តាមរយៈការរៀបចំផែនការ និងយុទ្ធសាស្ត្រដើម្បីទាក់ទាញវិនិយោគបន្ថែម។ នៅក្នុងកម្មវិធីស្តីពី
«ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក» ដែលបានរៀបចំ នៅថ្ងៃទី២ ខែ
តុលា ឆ្នាំ២០២៥ លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាមានសមត្ថភាពរក្សាបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារអាមេរិក ដែលពាក់ព័ន្ធដោយការបញ្ចុះអត្រាពន្ធបដិការដល់ត្រឹម១៩% ពីរដ្ឋបាលសហរដ្ឋអាមេរិក។
លោកបានបន្តថា កត្តានេះបានជួយបង្កើនទំនុកចិត្តដល់វិនិយោគិន និងរក្សាបាននូវឱកាសក្នុងការនាំចេញហើយកម្ពុជាកំពុងបន្តប្រើប្រាស់ឱកាសនេះ ដើម្បីពង្រឹងការចូលរួមរបស់វិនិយោគិនអាមេ
រិក និងការធ្វើពាណិជ្ជកម្មទ្វេភាគី។ វេទិកានេះ ចូលរួមដោយអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជាផ្នែកឯកជន ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈម និងរកយុទ្ធសាស្ត្រថ្មីៗ សម្រាប់ទាក់ទាញវិនិយោគ។ ផែនការនេះ នឹងផ្តោតលើការថែរក្សាទីផ្សារដែលមានស្រាប់ ពង្រីកការនាំចេញ និងបង្កើតសក្តានុពលថ្មីៗ ក្នុងវិស័យសេដ្ឋកិច្ចចម្រុះ។
វេទិកានេះ ក៏ត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការរៀបចំផែនការអនាគត ដើម្បីធានាថា កម្ពុជានឹងបន្តកាន់កាប់ភាពទាក់ទាញ សម្រាប់វិនិយោគ និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក៏ដូចជាជាមួយទីផ្សារអន្តរជាតិទៀតផង។
ចែករំលែកព័តមាននេះ