ខេត្តត្បូងឃ្មុំ ៖ រង្វង់មូលផ្សារតំបែរបានឆក់ជីវិតលោកនាយកវិទ្យាល័យ ហ៊ុន សែន តំបែរ ឈ្មោះស៊ន សុភី អាយុ៤៧ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី២២ មេសា ២០១៥ ស្ថិតនៅភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន អធិការនគរបាលស្រុកតំបែរបានប្រាប់ឱ្យដឹងថា កាលពីវេលាល្ងាចថ្ងៃខាងលើ មានកម្មវិធីជប់លៀងមួយនៅអង្គភាពយោធាក្នុងស្រុកតំបែរ ដោយមានមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធជាច្រើននាក់បានទៅចូលរួមយ៉ាងអធិកអធម ។
លោកបន្តថា ក្នុងពេលនោះ លោកគ្រូសុភី នាយកវិទ្យាល័យហ៊ុន សែន តំបែរ ក៏ឃើញមានវត្តមានក្នុងពិធីនោះដែរ រហូតដល់ដល់ពេលយប់ នៅពេលដែលរូបលោកបានបើករថយន្ត ដើម្បីត្រឡប់ទៅផ្ទះវិញក្នុងទិសដៅពីត្បូងទៅជើង ចម្ងាយប្រហែលជា៣០ម៉ែត្រ លោកបានឃើញម៉ូតូម៉ាកឌ្រីម១គ្រឿងរបស់លោកនាយកកំពុងតែបើកពីខាងមុខ ដោយប្រើប្រាស់ល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករង្វង់មូលផ្សារតំបែរពេញទំហឹង ហើយម៉ូតូបានផ្លោងឡើងលើកម្ពស់ប្រហែល៣ម៉ែត្រ រួចបានធ្លាក់មកវិញ ពេលឃើញលោកគ្រូសុភី បានស្លាប់ដោយបែកក្បាលធ្លាយខួរចេញក្រៅគួរឱ្យរន្ធត់ ។
ចំពោះមូលហេតុនេះ គឺដោយសារប្រើប្រាស់ល្បឿនលើសកម្រិត ហើយលោកគ្រូមានផ្ទុកជាតិអាល់កុល ទើបគេចរង្វង់មូលមិនទាន់បុកលាន់ដូចរន្ទះ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ។
ចែករំលែកព័តមាននេះ