ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី ស្រី​ខួច បើក​ឆាក​ប្រកួត​ប្រដាល់​សាកល​អន្តរជាតិ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​លើក​ទី​មួយ​ដែល​កីឡាការិនី​វ័យក្មេង​នាង វី ស្រី​ខួច ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ជ្រើស​ឲ្យ​ទៅ​ចូលរួម​ប្រកួត​ប្រដាល់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​ស​ប្ដា​ហ៍​នេះ ។

រាជធានី​ភ្នំពេញ ៖ ជា​លើក​ទី​មួយ​ដែល​កីឡាការិនី​វ័យក្មេង​នាង វី ស្រី​ខួច ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ជ្រើស​ឲ្យ​ទៅ​ចូលរួម​ប្រកួត​ប្រដាល់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​ស​ប្ដា​ហ៍​នេះ ។ មក​ទល់​នឹង​ថ្ងៃ​ទី​២២ មេ​សា​នេះ មិន​មាន​សេចក្ដីរាយការណ៍​ណាមួយ​បញ្ជាក់​ថា នាង​ប៉ះ​ប្រកួត​ជាមួយ​កីឡាការិនី​បរទេស​ណាខ្លះ និង​មាន​លទ្ធផល​បែប​ណា​នៅឡើយ​ទេ ប៉ុន្តែ​អ្វី​ដែល​មានការ​ចាប់អារម្មណ៍ គឺ​នាង​បាន​ឡើង​ប្រដាល់​សាកល​អន្តរជាតិ​លើក​ដំបូង បន្ថែម​ពីលើ​ភាព​ល្បីល្បាញ​ក្នុង​ការ​ប្រកួត​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ។

វី ស្រី​ខួច បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​តាំងពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៨ មេ​សា​ម្ល៉េះ ដោយ​ការ​ប្រកួត​ដែល​នាង​ចូលរួម​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ថ្ងៃ​ទី​២០ មេ​សា ម្សិលម្ង៉ៃ ។ ការ​ប្រកួត​នេះ​ស្ថិត​ក្នុង​ព្រឹត្តិការណ៍ President Cup នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​កម្តៅ​សាច់ដុំ​ដល់​កីឡាករ​-​កីឡាការិនី​ប្រដាល់​សាកល​ទាំងអស់​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ពេល​ដ៏​ខ្លី ។ យោង​តាម​ការ​បញ្ជាក់​របស់​លោក​រាជ សុ​ផែន សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​អះអាង​ថា ដំណើរ​ចេញ​ប្រកួត​របស់​កីឡាការិនី វី ស្រី​ខួច បាន​អមដំណើរ​ដោយ​កីឡាករ​ចំនួន​៥​រូប​រួម​មាន កីឡាករ​សុខ ទូច ទៅ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ។ កីឡាករ​ពេជ្រ តុលា ទៅ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម កីឡាករ​ពេជ្រ ម្ទេសខ្មាំង ទៅ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម កីឡាករ​វ៉ែន រ​ដ្ឋា ទៅ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម និង​កីឡាករ​សាក់ ម៉ៃ​សួន ទៅ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម ។

កីឡាករ​-​កីឡាការិនី​ទាំងអស់​ដែល​បង្ហាញមុខ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ត្រូវ​ប្រកួត​ជា​លក្ខណៈ​ប្រដាល់​សាកល​ទាំងអស់ ខណៈ​ដែល​អ្នក​ទាំង​៦​តំណាង​ឲ្យ​កម្ពុជា គឺជា​បេក្ខភាព​ត្រូវ​បញ្ជូន​ទៅ​កាន់ការ​ប្រកួត​ស៊ី​ហ្គេ​ម​តែ​ម្ដង​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ខាង​មុខ ។ លោក​ចាត់​ទុក​ថា ដំណើរ​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​លើក​នេះ​ជា​ការ​កម្តៅ​សាច់ដុំ ឆ្ពោះទៅ​កាន់​វិ​ថី​អភិវឌ្ឍន៍​បទ​ពិសោធន៍​របស់​ខ្លួន​កាន់តែ​ប្រសើរ​នៅ​ពេល​បង្ហាញខ្លួន​ប្រកួត​ស៊ី​ហ្គេ​ម ។ ព្រឹត្តិការណ៍ President Cup ដែល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ លោក​ថា​មិន​ច្បាស់​ពី​រឿង​រៀបចំ​លើក​ទី​ប៉ុន្មាន​នោះ​ទេ ដោយ​គ្រាន់តែ​បានដឹង​ថា ប្រទេស​ម្ចាស់ផ្ទះ​មាន​បំណង​ដកស្រង់​យក​បទ​ពិសោធន៍​ពី​កីឡាករ​-​កីឡាការិនី​ផ្នែក​ប្រដាល់​សាកល​ទាំងអស់​ដើម្បី​ពង្រឹង​វិស័យ​ប្រដាល់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ទាំងមូល​មុន​ឈាន​ទៅ​ដណ្ដើម​មេដាយ​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​សិង្ហ​បុរី ដែល​រៀបចំ​ធ្វើ​ក្នុង​ខែមិថុនា​ខាង​មុខ ។

លោក​ថា ព្រឹត្តិការណ៍ President Cup មានការ​ចូលរួម​ដោយ​ប្រទេស​ទាំង​១១​នៅ​ក្នុង​តំបន់​អាស៊ាន និង​មានការ​ប្រគល់​មេដាយ​សម្រាប់​តំណែង​ជើងឯក បើ​ទោះ​មិន​ច្បាស់​តើ​ប្រទេស​ដែល​បាន​ចូលរួម គឺ​គ្រប់​ទាំង​១១​ដូច​ការ​ចង់បាន​ឬ​យ៉ាងណា ។ លោក​រាជ សុ​ផែន បន្ត​ទៀត​ថា ការ​ប្រកួត​ទាំងមូល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៦ មេ​សា បន្ទាប់​ពី​អាច​រក​ឃើញ​កីឡាករ​-​កីឡាការិនី​ដែល​ជា​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​នីមួយ​ៗ​នៅ​វគ្គ​ចុង​ក្រោយ ។ អ្វី​ដែល​លោក​បានដឹង​ពី​ព្រឹត្តិការណ៍ President Cup គឺ​បណ្ដា​ប្រទេស​ដែល​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ឲ្យ​ចូល​ប្រកួត គឺ​សុទ្ធតែ​បាន​ត្រៀម​ទុក​ជើង​ខ្លាំង​ល្អ​ៗ​នៅ​ក្នុង​ប្រភេទ​ប្រដាល់​សាកល​ដែល​សុទ្ធតែ​ជា​ក្ដី​សង្ឃឹម​របស់​បណ្ដា​ប្រទេស​នៅ​អាស៊ាន ។ ងាក​មក​កាន់​កីឡាការិនី​វី ស្រី​ខួច វិញ លោក​រាជ សុ​ផែន ប្រាប់​ថា កាលពីមុន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​កំណត់​យក វី ស្រី​ឆាយ នោះ​ទេ ដោយសារ​តែ​មើលឃើញ​ថា កណ្ដាប់ដៃ​របស់​នាង​មាន​ទម្ងន់​ធ្ងន់​ល្អ​សមជា​អ្នក​ប្រដាល់​ផ្នែក​សាកល ។ ប៉ុន្តែ​មក​ពី​គីឡូ​របស់​នាង​ហាក់​នៅ​ស្ទើរ​ពេក ទើប​ខាង​សហព័ន្ធ​សម្រេច​ប្ដូរ​ដាក់ វី ស្រី​ខួច វិញ ដែល​នាំ​ឲ្យ​នាង​បាន​ក្លាយជា​កីឡាការិនី​តំណាង​ជាតិ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​មួយ​នេះ​ដោយ​មានមុខ​ទៅ​ប្រកួត​នៅ​ស៊ី​ហ្គេ​ម​ក្នុង​ខែមិថុនា​នោះ​ផង ។

លោក​មិន​ហ៊ាន​ជឿ​ថា សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា​នឹង​មាន​លទ្ធផល​ល្អ​ប្រសើរ​នោះ​ទេ ដោយសារ​តែ​ការ​ប្រកួត​ទាំងមូល គឺ​បាន​ចែក​ពូ​ល​ជាមួយនឹង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ផ្សេង​ទៀត ហើយ​ធ្វើការ​ប្រកួត​គ្នា​វិល​ជុំ​រហូត​ទាល់តែ​អាច​រក​ឃើញ​អ្នកមាន​ពិន្ទុ​នាំមុខ​ធ្វើ​ជា​ម្ចាស់​ជើងឯក​របស់ President Cup តាម​ប្រភេទ​ទម្ងន់​នីមួយ​ៗ​។ គាប់​ជួន​ជា​ធនធាន​កីឡាករ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជា​ម្ចាស់ផ្ទះ និង​របស់​ប្រទេស​ថៃ​សុទ្ធតែ​ល្អ​សម្រាប់​ការ​ប្រដាល់​សាកល​នោះ​ផង ទើប​ក្ដី​សង្ឃឹម​សម្រាប់​ការ​ដណ្ដើម​បាន​មេដាយមាស មិនមែន​ជា​រឿង​ងាយស្រួល ។ ទោះបី​យ៉ាងណា លោក​រំពឹង​ថា កីឡាករ​ពេជ្រ ម្ទេសខ្មាំង អាច​នឹង​មាន​សង្ឃឹម​ខ្ពស់​ដោយសារ​តែ​ល្អ​ខាង​ផ្នែក​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ក៏​ល្អ​ក្នុង​ការ​ប្រើ​កណ្ដាប់​សម្រាប់​ការ​ប្រដាល់​សាកល​ផង​ដែរ​។ ចំពោះ វី ស្រី​ខួច លោក​ក៏​មានការ​រំពឹង​ច្រើន​ផង​ដែរ បើ​ទោះជា​នាង​ត្រូវ​គេច​មិន​ផុត​ពី​ការ​ប្រឈម​ដ៏​ខ្លាំងក្លា​ពី​សំណាក់​ដៃគូ​បរទេស ។

វី ស្រី​ខួច បាន​អះអាង​ថា ខ្លួន​ចូល​ហ្វឹកហាត់​ច្រើន​ស​ប្ដា​ហ៍ ដោយ​មុន​ព្រឹត្តិការណ៍ President Cup ចាប់ផ្ដើម​មួយ​ថ្ងៃ នាង​និង​មិត្ត​រួម​ក្រុម​ក៏​បាន​ហ្វឹកហាត់​សម​កម្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នោះ​ដែរ ។ មហាជន​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​លទ្ធផល​របស់​តំណាង​កម្ពុជា​ទាំង​៦ រូប​សម្រាប់​ការ​ប្រដាល់​សាកល​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដែល​ជា​ម្ចាស់ផ្ទះ ។ បើ​ទោះជា​មានការ​ប៉ាន់​ស្មានថា ម្ចាស់ផ្ទះ​នឹង​ទទួល​បាន​មេដាយ​សម្រាប់​ព្រឹត្តិការណ៍​នេះ​នាំមុខ ក៏​កីឡាករ​កម្ពុជា និង​កីឡាករ​មក​ពី​ប្រទេស​ផ្សេង​ទៀត ក៏​ទំនងជា​អាច​ឆក់​បាន​មេដាយមាស​ក្នុង​ប្រភេទ​ទម្ងន់​ណាមួយ​មិន​ចាញ់​គ្នា​ដែរ ។ ចាំ​មើល​តើ​កីឡាប្រដាល់​សាកល​កម្ពុជា​មាន​វាសនា​ល្បីល្បាញ និង​លេចធ្លោ​ដូច​កីឡា​តេ​ក្វា​ន់​ដូ និង​ប៉េតង់​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​ដែរ​ឬទេ ?