ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ខេត្ត​កំពុង​សួរនាំ​ជន​សង្ស័យ​៨នាក់ ករណី​​លួច​ដុត​ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត​

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ​៖ ជន​សង្ស័យ​​មួយ​ក្រុម ​ដែល​​លួច​ដុត​ខ្លោងទ្វារ​​អង្គរ​​សង្ក្រាន្ត ត្រូវ​​សមត្ថ​កិច្ច​​ឃាត់ខ្លួន​​បញ្ជូន​ទៅ​​តុលាការ ​ដើម្បី​​ធ្វើការ​សួរនាំ ​ក្រោយ​ពី​មានការ​​លួច​ដុត​​កាលពីវេលា​​យប់​ថ្ងៃ​ទី​០៧ ​មេសា​ ២០១៥ ​កន្លងមក និង​បាន​​សាងសង់​ជា​ថ្មី​ម្តងទៀត ​​តាម​រចនា​​បថ​

ខេត្ត​សៀម​រាប ​៖ ជន​សង្ស័យ​​មួយ​ក្រុម ​ដែល​​លួច​ដុត​ខ្លោងទ្វារ​​អង្គរ​​សង្ក្រាន្ត ត្រូវ​​សមត្ថ​កិច្ច​​ឃាត់ខ្លួន​​បញ្ជូន​ទៅ​​តុលាការ ​ដើម្បី​​ធ្វើការ​សួរនាំ ​ក្រោយ​ពី​មានការ​​លួច​ដុត​​កាលពីវេលា​​យប់​ថ្ងៃ​ទី​០៧ ​មេសា​ ២០១៥ ​កន្លងមក និង​បាន​​សាងសង់​ជា​ថ្មី​ម្តងទៀត ​​តាម​រចនា​​បថ​ដើម​​របស់​ខ្មែរ​​រួចរាល់​​ជា​​ស្ថា​​​​ពរ ប៉ុន្តែ​​មិន​បាន​លេង​​ពណ៌​ដូច​មុន​​នោះ​​ទេ​ ។

ហេតុ​ការណ៍​​ដាក់​តាំង​ខ្លោងទ្វារ​​អង្គរ​សង្ក្រាន្ត​ជា​​ថ្មី​ម្តងទៀត​នោះ​ ធ្វើ​ឡើងជា​មួយ​គ្នា​​និង​​សមត្ថកិច្ច​ឃាត់ខ្លួន​​ជនសង្ស័យ​ទាំង​៨​នាក់ ​​កាល​ពី​ថ្ងៃ​ទី​០៧​ ដល់​ថ្ងៃ​ទី១០​ ​មេសា​ ​២០១៥  ទើប​​សមត្ថកិច្ច​បញ្ជូន​ខ្លួន​​អ្នក​ទាំងនោះ​​មក​តុលាការ​ ដើម្បី​សួរនាំ​បន្ត​ ។

លោក​សោម រតនា អ្នក​នាំពាក្យ ស.ស.យ.ក បាន​​មាន​ប្រសាសន៍​​ឱ្យ​​ដឹង​កាលពី​​រសៀល​ថ្ងៃ​ទី​​១០ ​មេសា នេះ ថា បន្ទាប់​ពី​​មាន​គេ​​លួច​ដុត​កាលពី​យប់​ថ្ងៃ​ទី​០៧ ​មេសា ​២០១៥ កន្លង​ទៅ ឥឡូវនេះ​​ខ្លោងទ្វារ​ស្វាគមន៍​​អង្គរ​សង្ក្រាន្ត​ថ្មី ​បាន​សាងសង់​រួចរាល់​​ហើយ ដើម្បី​ត្រៀម​​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​​ជាតិ ដែល​ខិត​ជិត​​មក​ដល់​ក្នុង​ពេល​​ដ៏​ខ្លី​ខាង​មុខ​​នេះ ​។

លោក​​បន្ត​​ថា ទាក់ទង​​នឹង​ខ្លោងទ្វារ​​ចាស់ បើ​ទោះជា​អ្នក​ជំនាញ​បាន​បញ្ជាក់​ច្បាស់​ពី​រចនា​ប​ថខ្មែរ​​ពិត​ៗ​នៅ​លើ​ខ្លោងទ្វារ​ចូល​​ព្រឹត្តិការណ៍​អង្គរ​​សង្ក្រាន្ត​ក៏​ដោយ ក្នុង​សា្មរ​​តី​មហា​គ្រួសារ​​ខ្មែរ​យើង​ ក៏​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​មួយ​​ក្រុម​ណា​មានការ​អាក់អន់​ចិត្ត​ត្រឹមតែ​ចំពោះ​ការ​តុប​តែង​លំអ​នោះ​ឡើយ ដូច្នេះ​ក្រុម​ការងារ​បាន​​ព្យាយាម​កែ​លំអ​ខ្លោងទ្វារ​ថ្មី​ឱ្យ​​បាន​ប្រសើរ​ជាង​​នេះ ដោយ​មិន​មាន​លេង​ពណ៌​​ដូច​មុន​​នោះ​ទេ គឺ​ដាក់​ពណ៌​ដោយ​មាន​សុភាព​​រាបសារ​ជាង​មុន ​។

​សមត្ថ​កិច្ច​​បាន​បញ្ជូន​ជន​សង្ស័យ​​ទាំង​៨​នាក់​យក​មក​តុលាការ ​ដើម្បី​សួរ​នាំ​បន្ត​ពី​ករណី​​លួច​ដុត​ខ្លោងទ្វារ​អង្គរ​​សង្ក្រាន្ត​​នេះ ប៉ុន្តែ​សមត្ថ​កិច្ច​​បាន​​បញ្ជាក់​​ថា ករណី​នេះ​​សុំ​មិន​ទាន់​ឱ្យ​​អ្នក​សារព័ត៌មាន​ធ្វើការ​ចេញ​ផ្សព្វផ្សាយ​​នោះ​ទេ  ព្រោះ​សមត្ថកិច្ច​កំពុង​តាម​ដាន​​បន្ត ​។ ​តាម​ប្រភព​​ចេញពី​តុលាការខេត្ត​​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១០ មេសា​ នេះ​ថា ចំពោះ​ជនសង្ស័យ​ទាំង​​៨​នាក់​នេះ​ ដែល​បាន​លួច​​ដុត​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នោះ​ គឺ​ខាង​អយ្យការ​ចោទ​​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​​សាធារណៈ ​ឬ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​​ដទៃ ដែល​មាន​ស្ថាន​​ទម្ង​ន់​ទោស​ ។​

ប្រភព​បាន​​បន្ត​ថា ប៉ុន្តែ​ករណី​នេះ​ ទៅ​ជា​រឿង​នយោបាយ​វិញ​ គឺ​បាន​ន័យ​ថា ​ជនសង្ស័យ​ទាំង​៨​នាក់​ ទៅ​ជា​ទោ​សនយា​បាយ​​ដែល​មាន​ស្ថាន​​ទម្ងន់ទោស​ដូច​គ្នា​ ។ ​រីឯ​ប្រពន្ធ​លោក​ជួប ចាម​ បាន​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​​នៅ​មុខ​តុលាការ​ខេត្តសៀមរាប​​ ប្រាប់​កោះ​សន្តិ​ភាព​នៅ​រសៀល​ថ្ងៃ​ទី​១០​ មេសា ​នេះ​ ថា ប្តី​របស់ខ្ញុំ​យប់​នោះ​ គាត់​បាន​ទៅ​យាម​នៅ​ផ្សារ​ដើម​​ក្រឡាញ់ តែ​មានឈ្មោះសុង និង​ឈ្មោះ​ម៉ា​ប់ គាត់​ឃើញ​ភ្លើង​ឆេះ​​ខ្លោងទ្វារ​អង្គរ​​សង្ក្រាន្ត រួច​ក៏​ទូរស័ព្ទ​ហៅ​​ប្តី​នាង​ខ្ញុំ ពេល​នោះ​ប្តី​ខ្ញុំ​ក៏​ឆ្លើយ​មក​វិញ​​ថា ឆេះ​ៗ​ទៅ ​អញ​អត់​បាន​ទៅ​ទេ កំពុង​យាម​អីវ៉ាន់​គេ​​ខ្លាច​បាត់ បន្ទាប់​មក​ឈ្មោះ​សុង និង​ឈ្មោះ​ម៉ា​ប់​ ក៏​ទៅ​ប្រាប់​ប៉ូលិស​នៅ​យាម​ជិត​នោះ​ថា ​មាន​ភ្លើង​ឆេះ​ខ្លោងទ្វារ​អង្គរ​​សង្ក្រាន្ត លុះ​ព្រឹក​ថ្ងៃ​ទី​៧ ​មេសា​ ក៏​ឃើញ​មាន​សមត្ថកិច្ច​មក​ហៅ​សុង​ និង​ម៉ា​ប់ យក​មក​កន្លែង​ ដើម្បី​សួរនាំ  រួច​ក៏​ទៅ​ហៅ​ប្អូនស្រី​នាង​ខ្ញុំ​​ឈ្មោះ​ចំរើន ហើយ​ខ្ញុំ​​ក៏​ទៅ​ជាមួយ​ប្អូន​ទៅ​កន្លែង​​ប៉ូលិស ត្រូវជា​ម្តេច​និង​ឈ្មោះ​សុង​ និង​ម៉ា​ប់ ​ហើយ​ពាក់ព័ន្ធ មាន​ប្រើ​ទូរស័ព្ទ​ជាមួយ​​សុង​ទេ នាង​ខ្ញុំ​ប្រាប់​ថា​អត់​​ទេ​។

​អ្នកស្រី​បាន​​បន្ត​ថា នាង​ខ្ញុំ​នៅ​លក់​តាំងពី​ថ្ងៃ​រហូត​​ដល់​យប់​​ខ្ញុំ​ដាំបាយ​ហូប ឃើញ​សុង​​ និង​ម៉ា​ប់ ​ពេល​នោះ​នៅ​ជុំ​ជាមួយ​នាង​ខ្ញុំ​នៅ​ពី​ម៉ោង​៧ ​ទៅ​ម៉ោង​៩​យប់  រួច​សមត្ថកិច្ច​បាន​​សួរ​ទៀត​ថា នៅ​ច​ម្លោះ​ពី​ម៉ោង​៩​យប់​នោះ​ តើ​ឈ្មោះ​សុង​ និង​ម៉ា​ប់​នោះ​ ទៅ​ណា​ទៀត​ ។​អ្នក​ស្រី​បាន​បន្ត​​ទៀត​​ថា ក្រោយមក​សមត្ថកិច្ច​ ក៏​បាន​ឱ្យ​ខ្ញុំ​ទូរស័ព្ទ​ហៅ​​ប្តី​នាង​ខ្ញុំ​ចូល​មក​បំភ្លឺ ពេល​នោះ​សមត្ថកិច្ច​បាន​​ឃុំ​ប្តី​នាង​ខ្ញុំ​តាំងពី​ថ្ងៃ​ទី​០៧​​ មេសា រហូត​មក​ដល់​ថ្ងៃ​ទី​១០​ មេសា នេះ ទើប​សមត្ថកិច្ច​បញ្ជូន​មក​​តុលា​ការ ​។

​​ពួក​ខ្ញុំ​សូមឱ្យ​​តុលាការ​ជួយ​រក​យុត្តិធម៌​ជូ​ន​​ពួក​គាត់​ទាំង​៨​នាក់​ផង​ ។​ ចំពោះ​ក្រុម​សាច់ញាតិ​ជនសង្ស័យ​ទាំង​៨​នាក់ ​បាន​នាំ​គ្នា​មក​រៀបរាប់​នៅ​មុខ​តុលាការ​ប្រាប់​អ្នក​កាសែត​ថា បងប្អូន​ដែល​រស់នៅ​ក្នុង​អង្គរក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក​ទាំ​ងអស់​ មិន​មានការ​ចោទ​ប្រកាន់​ដូច​ពាក្យ​សមត្ថកិច្ច ​និង​តុលាការ​ចោទ​ពី​បទ​លួច​​ដុត​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នេះ​ទេ​ ។ ​តែ​បងប្អូន​ទាំង​៨​នាក់ ​ដែល​តុលាការ​ហៅ​​ទៅ​សួរនាំ​នេះ​ មាន​​​១-ឈ្មោះ​បិត ឈឿ​ង ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជាហ្ម​ដំរី​នៅ​អង្គរ​ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ​​២-​ឈ្មោះជួប ចាម ភេទ​ប្រុស​ អាយុ៤១​ឆ្នាំ ជា​សន្តិសុខ ​​៣-​ឈ្មោះ​ឆ​ន ម៉ា​ប់ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជា​ហ្មដំរី ​​៤-​ឈ្មោះ​ស៊ាំ សុង ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ ជារត់រ៉ឺម៉ក​កង់​បី ​​៥-​ឈ្មោះវឿ​ន វុន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ ជាបុគ្គលិក​អូ​តែ​ល ​​​៦-​​ឈ្មោះ​ឈឿ​ម កង ភេទ​ប្រុស​អាយុ៣៤​ឆ្នាំ​ ជា​កម្មករ​សំណង់ ​​៧-​ឈ្មោះញ៉ា​ញ់ ផល អាយុ៣៥​ឆ្នាំ​ ជា​កម្មករ​សំណង់ និង​​​៨-​ឈ្មោះ​គឿ​ង ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់ អ្នក​ទាំង​៨​នាក់​នេះ ​រស់នៅ​ក្នុង​អង្គរ ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​ ។

​គួរ​បញ្ជាក់​​ផង​ដែរ​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់ ​ត្រូវ​បាន​តុលាការ​កំពុង​សាកសួរ​នាំ​នោះ​​មក​ដល់​ម៉ោង​នេះ មិន​ទាន់​ដឹង​ថា ជន​សង្ស័យ​​ទាំង​៨​នាក់ ​ត្រូវ​តុលាការ​ដោះ​លែង​ប៉ុន្មាន​នាក់​ និង​ដាក់គុក​ប៉ុន្មាន​នាក់​នោះ​ទេ​ ៕