រាជធានីភ្នំពេញ ៖ មានការជួនដំណឹងពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្តលើផ្ទៃប្រទេសឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១០ មេសា ២០១៥ នេះ លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង និងជានាយស្នងការយុត្តិធម៌នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្តលើផ្ទៃប្រទេស នឹងរៀបចំធ្វើសន្និសីទកាសែតមួយបង្ហាញពីសកម្មភាព ដែលកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងបញ្ចេញមហិទ្ធរិទ្ធលើតៃកុងឡានដឹកស្រូវ ។
តាមប្រភពបានឱ្យដឹងថា លោកនាយឧត្តមសេនីសៅ សុខា ក្នុងនាមជាមេបញ្ជាការគ្រប់គ្រងកងរាជអាវុធហត្ថទូទាំងប្រទេស មិនកាន់ជើងបុគ្កលអាវុធហត្ថណាអនុវត្តខុសឆ្គង និងពីវិន័យកងរាជអាវុធហត្ថនោះទេ ដូច្នោះបើបុគ្គលធ្វើខុសនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង ។ លោកមេបញ្ជាការស្រឡាញ់ និងយកចិត្តទុកដាក់បំផុតចំពោះនាយពលអាវុធហត្ថដែលចេះគោរពវិន័យ និងបម្រើការងារស្មោះត្រង់ជូនជាតិមាតុភូមិ និងប្រជាជន ។
សន្និសីទនេះ នឹងត្រូវលាតត្រដាងពីការពិតនូវសកម្មភាពទាំងឡាយ ដែលកម្លាំងអាវុធហត្ថមួយក្រុមនៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងកំពុងរងនូវការចោទប្រកាន់រឿងដេញតាមជាន់.កតៃឡានដឹកស្រូវ កាលពីពាក់កណ្តាលខែមីនា ២០១៥ កន្លងទៅ ស្ថិតនៅចំណុចស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលសកម្មភាពនោះបានធ្វើឱ្យមជ្ឈដ្ឋានបាត់បង់ជំនឿលើសមត្ថកិច្ចកងរាជអាវុធហត្ថ ដែលជាអ្នកអនុវត្តច្បាប់ បែរជាជាន់.ករាស្ត្រ ។
គួររំលឹកថា រថយន្តយីឌុបដឹកស្រូវ១គ្រឿង ត្រូវបានក្រុមសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង តាមប្រមាញ់ដូចដេញចាប់ចោរប្លន់ដោយមានការបាញ់សន្ធាប់អស់ប្រមាណជាង១០គ្រាប់ផងដែរ និងបានចាប់អ្នកបើកបររួមជាមួយព្រូឡានម្នាក់វាយដំទាត់ធាក់ឱ្យដេកផ្ទាល់ដីជាន់ក្បាលញិញដូចសត្វធាតុរហូតដល់សន្លប់ ទើបនាំយកទាំងមនុស្សនិងរថយន្តទៅប្រគល់ឱ្យអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរចាត់ការបន្ត ។
ហេតុការណ៍មហាអាក្រក់បំផុតនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ មីនា នៅតាមដងផ្លូវពីចំណុចក្បែរផ្សារអូររាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មកដល់ផ្លូវជាតិលេខ៨ ក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
រថយន្តដែលត្រូវសមត្ថកិច្ចដេញតាមនិងមានការផ្ទុះអាវុធផងនោះ ជារថយន្តយីឌុបដឹកស្រូវខ្នាតយក្សពាក់ ស្លាកលេខកំពង់ចាម 3A -3419 បើកបរដោយឈ្មោះ ណេន ស៊ីដា ភេទប្រុស អាយុ៣០ឆ្នាំ និងព្រូឡានម្នាក់ទៀតដែលរួមដំណើរឈ្មោះ ធឿន ណើប ភេទប្រុស អាយុ២០ឆ្នាំ ។
ចំពោះមូលហេតុដែលនាំឱ្យមានការដេញប្រមាញ់រថយន្តដឹកស្រូវខាងលើនេះ ត្រូវបានសមត្ថកិច្ចមួយចំនួនអះអាងខុសៗគ្នា អ្នកខ្លះថាមកពីរថយន្តនេះបុកមនុស្សស្លាប់២នាក់ នៅកំពង់ចាមទើបសមត្ថកិច្ចដេញតាមចាប់ ។ អ្នកខ្លះទៀតថា មកពីរថយន្តនេះ បើកបុកបារាសសមត្ថកិច្ចដែលដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅអូររាំងឪ ។
ចែករំលែកព័តមាននេះ