រាជធានីភ្នំពេញ ៖ បុរសជនសង្ស័យជាចោរឆក់កាបូបពីរនាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបាន ក្រោយពីពួកគេជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីអ្នកធ្វើដំណើរតាមផ្លូវម្នាក់ បានហើយជិះម៉ូតូគេចខ្លួន ទៅបុកនឹងរថយន្តរ៉ង់រ៉ូវែរមួយគ្រឿងដួល ។ ករណីនេះបានកើតឡើងកាលពីម៉ោង១និង៥២នាទីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ នៅចំណុចខាងមុខផ្ទះលេខ៦B ផ្លូវលេខ៣០២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលបានឃាត់ខ្លួននេះមានទី១ឈ្មោះម៉េង ពិសី អាយុ១៩ឆ្នាំ ជាអ្នកធ្វើសកម្មភាពឆក់ និងទី២ឈ្មោះហេង សុភ័ក្រ អាយុ២១ឆ្នាំ មានមុខរបរជាអ្នកលក់កាហ្វេ ជាអ្នកបើកបរម៉ូតូធ្វើសកម្មភាព ពួកគេមានទីលំនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានជិះម៉ូតូម៉ាកឌ្រឺមសង់សេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BL-២៣៩៣ មួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះមានឈ្មោះកែវ ខេមរិន្ទ អាយុ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅពេលដែលកំពុងតែជិះម៉ូតូមួយគ្រឿងម៉ាកណិច ព៌ណស ពាក់ស្លាកលេខភ្នំពេញ១BL-៨២៩២ តែម្នាក់ឯងទៅផ្ទះ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានធ្វើដំណើរតាមម៉ូតូតែម្នាក់ឯង ចេញពីកន្លែងធ្វើការ សំដៅទៅផ្ទះ ក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯង លុះដល់កន្លែងកើតហេតុ ក៏មានជនសង្ស័យពីរនាក់ ជិះម៉ូតូមមួយគ្រឿង មកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបពីនារីរងគ្រោះទៅបាត់តែម្តង ។ ពេលដែលឆក់កាបូបពីនារីរងគ្រោះបានហើយ ជនសង្ស័យទាំងពីរនាក់ក៏ព្យាយាមជិះម៉ូតូដើម្បីរត់គេច ពីកន្លែងកើតហេតុ លុះដល់ចំណុចភ្លើងស្តុបផ្លូវបំបែកលេខ២៩៤និងផ្លូវព្រះនរោត្តម ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុនោះ ក៏បានទៅបុកនឹងរថយន្តម៉ាករ៉ង់រ៉ូវែរដួលតែម្តង ។ ពួកគេទាំងពីរនាក់ត្រូវបានក្រុមប្រជាពលដែលបានឃើញហេតុការណ៏នោះនាំគ្នាស្ទុះទៅចាប់ និងវាយម្នាក់មួយដៃ មួយជើង ឡើងទ្រមខ្លួន ទើបយកទៅប្រគល់អោយកម្លាំងនគរបាលរព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដែលនៅប្រចាំការជិតនោះទៅ ។
កាបូបត្រូវបានប្រគល់ជូនទៅនារីរងគ្រោះវិញ ចំណែកឯជនសង្ស័យជាចោរឆក់ទាំងពីរនាក់ ត្រូវបានបញ្ចូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ជាបន្តទៅទៀត៕
ចែករំលែកព័តមាននេះ