ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើក​សវនាការ​សំណុំរឿង​ឪពុក​ម្តាយ​ថោ​ង សា​រ៉ាត់ ខែ​ក្រោយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ត្រូវ​ចោទ​ថោ​ង ចំរើន និង​អ្នកស្រី កែវ សារី ជា​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ដែល​កំពុង​គេចខ្លួន​បាន​ប្រាប់​ឱ្យ​ដឹង​ថា អាច​នៅ​ថ្ងៃ​ទី​៥ ឬ​ទី​៦​ដើម​ខែមេសា​ខាង​មុខ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ត្រូវ​ចោទ​ថោ​ង ចំរើន និង​អ្នកស្រី កែវ សារី ជា​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ដែល​កំពុង​គេចខ្លួន​បាន​ប្រាប់​ឱ្យ​ដឹង​ថា អាច​នៅ​ថ្ងៃ​ទី​៥ ឬ​ទី​៦​ដើម​ខែមេសា​ខាង​មុខ សាលាដំបូងរាជធានី​គ្រោង​និង​បើក​សវនាការ​លើ​សំណុំរឿង​កូនក្តី​របស់​លោក​ពាក់ព័ន្ធ​បទល្មើស​រក្សា​ទុក និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

ជន​ត្រូវ​ចោទ​ឈ្មោះ ថោ​ង ចំរើន និង​ប្រពន្ធ​ឈ្មោះ កែវ សារី ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​អំ​ទ្បុ​ង​ចុងឆ្នាំ​២០១៤ នៅ​ភូមិ​គ្រឹះ​របស់​ពួក​គាត់ ដែល​ពេល​នោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឆែកឆេរ​រក​ចាប់ខ្លួន​ឧកញ៉ា ថោ​ង សា​រ៉ាត់ ជា​កូន​ដែល​ពាក់ព័ន្ធ​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​លើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ យ៉ាង​សាហាវព្រៃផ្សៃ និង​ដ៏​រន្ធត់​នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​មួយ​កន្លែង​ក្បែរ​អាង​ទឹក​ពហុ​កី​ទ្ប​ដ្ឋា​ន​ជាតិ​អូ​ទ្បាំ​ពិ​ក ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េ​ត សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៤ ។

មានការ​កត់​សម្គាល់ថា ក្រោយ​កើត​មាន​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ ជាង​១​ស​ប្តា​ហ៍ ពោល​គឺ​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៤ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ វែកមុខ​ក្រុម​ឃាតករ​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ និង​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​រួច​ហើយ​ដែរ ។ ការ​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដំបូង បាន​ចំនួន​៤​នាក់​ក្នុង​នោះ​៣​នាក់​ជា​អង្គរក្ស​និង​ម្នាក់​ទៀត​គឺ​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ដែល​កំពុង​ជិះ​រថយន្ត​ឆ្លងកាត់​ស្ពាន ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ ក្រោយ​ពេល​ឃាត់ខ្លួន​ក៏​បាន​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ពេល​ទៅ​ដល់​ស្នងការដ្ឋាន​នគរបាល​មិន​បាន​១​ដង្ហើមចង្រិត​ផង ស្រាប់តែ​មានការ​ដោះ​លែង​ឧកញ៉ា ថោ​ង សា​រ៉ាត់ ឱ្យទៅ​ផ្ទះ​វិញ លុះ​ពេល​រសៀល​ថ្ងៃ​ដដែល ឪពុក​ម្តាយ​ឧកញ៉ា​ថោ​ង សា​រ៉ាត់ បាន​ធ្វើ​សន្និសីទកាសែត​ចង់​បង្ហាញ​ពី​ភាព​ស្អាតស្អំ រួម​ទាំង​ការ​បដិសេធ​ថា កូនប្រុស​ពួក​គាត់​(​ថោ​ង សា​រ៉ាត់​) មិន​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ​នោះ​ទេ ។ ជន​ត្រូវ​ចោទ​ឈ្មោះ ថោ​ង ចំរើន អ្នកស្រី កែវ សារី ក៏​បាន​ចោទប្រកាន់​ធ្ងន់​ៗ​ទៅ​លើ​សមត្ថកិច្ច ហើយ​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សម្តី​ផ្សាយ​ជា​សាធារណៈ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ តែ​មុន​នេះ​ប្រមាណ​ជា​៣​ទៅ​៤​ម៉ោង​ឧកញ៉ា​ថោ​ង សា​រ៉ាត់ អាច​បាន​ផ្លោះ​របង​ជិះទូក​ទៅ​កាន់​ប្រទេស​ជិតខាង​បាត់​ទៅ​ហើយ​ដែរ​។ ក្រោយ​ពី​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​វេលា​ល្ងាច​បន្តិច សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​នគរបាល​ក្រសួងមហាផ្ទៃ បាន​បង្កើត​គណៈកម្មការ​១​ចុះ​ទៅ​ឆែកឆេរ​បុរី​៩៩៩ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បាន​រក​ឃើញ​អាវុធ​ខ្លី​និង​វែង​ចំនួន​៦​ដើម និង​សម្ភារ​យោធា​១​ចំនួន​ទៀត ទើបត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់ ក្រោយមក​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ប្តី​ប្រពន្ធ​២​នាក់​នោះ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ក្រោយ​ពី​មានការ​ឃុំខ្លួន​លោក ថោ​ង ចំរើន និង​អ្នកស្រី កែវ សារី ជា​ឪពុក​ម្តាយ​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ម្ចាស់​បុរី​៩៩៩ និង​ជា​ថៅកែ​សាច់​ប៉ា​តេ​មាន​ជ័យ បាន​និង​កំពុង​លាក់ខ្លួន​ពួន​អាត្មា​មិនដឹង​នៅ​ទីណា​នោះ ស្រាប់តែ​លេចមុខ​ឧកញ៉ា ថោ​ង សា​រ៉ាត់ តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​គេ​បង្ហោះ និង​ចែកចាយ​សម្តី​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ចំនួន​៣​លើក​មក​ហើយ ។ ក្នុង​ចន្លោះ​ពេល​ជាង​៤​ខែ​ក្រោយ ពី​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ សកម្មភាព​ក្នុង​សំណុំរឿង​នេះ បាន​មាន​រូបភាព​បែក​ការណ៍​ជា​បន្តបន្ទាប់ ដូច​ជា​សុខ​ៗ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា​ថោ​ង សា​រ៉ាត់ មិន​ប្រក្រតី ។ ការ​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ថ្លែង​ចំហរ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត ដែល​ប្រតិកម្ម​នោះ​បាន​ឈាន​ដល់​ការ​ដក​តំណែង​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចាប់ខ្លួន​លោក​ឧត្តមសេនីយ៍​យោធា​ម្នាក់​ជា​គ្រូអូមអាម និង​ជា​មនុ​ស្សសិ្ន​ទ្ធ​និង​លោក​អាំង មាលតី ដែល​បាន​ស្នើ​សុំ​អង្គភាព​យក​ជាប់​តាម​ខ្លួន​ខុស​ពី​ការងារ​ជំនាញ​។ ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​ពី​បទ​ជ្រាតជ្រែក​ការងារ​សាធារណៈ និង​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ខ​.​ម​ក្លែងក្លាយ ។ នៅ​មានរឿង​ទៀត​ដូច​ជា ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ​ដោះ​លែង​ជន​ត្រូវ​ចោទ​ថោ​ង ចំរើន និង​អ្នកស្រី កែវ សារី ពួក​គាត់​ត្រូវ​ជាប់​កាតព្វកិច្ច​១០​ចំណុច ដែល​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។ សុខ​ៗ​បែរជា​២​នាក់​ប្តី​ប្រពន្ធ​នោះ​នាំ​គ្នា​ជួល​រថយន្ត​សង្គ្រោះ​១​គ្រឿង ធ្វើ​ជា​ដាក់​សេរ៉ូម​ចេញ​ទៅ​បំណង​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ទាំង​យប់ ដែល​ទ​ង្វើ​នេះ​ជា​ប្រការ​ខុស​ឆ្លង​និង​ច្បាប់​ហាមឃាត់​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ ក៏​ត្រូវ​សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​ចាប់ខ្លួន​ទាំង​យប់​នៅ​ជិត​ស្ពាន​ស្ទឹង​ស្លូត​ត្រើយ​ខាងកើត​អ្នក​លឿង​ក្នុង​ខេត្តព្រៃវែង ហើយ​ក៏​ត្រូវ​បាន​នាំ​ទៅ​ដាក់​ពន្ធនាគារ​វិញ ។ បន្ទាប់​មក​ទៀត ក្រោយ​ពី​២​នាក់​ប្តី​ប្រពន្ធ​ជាប់​ឃុំ​ចៅក្រម​ស៊ើបអង្កេត​បាន​អនុញ្ញាត​ឱ្យ​អនុរក្ស​ពន្ធនាគារ​នាំ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​មក​សាកសួរ ក្នុង​នោះ​ក៏​មាន​វត្តមាន​អ្នកស្រី តាំង គឹ​ម​ឆេ​ង ភរិយា​ជន​រង​គ្រោះ​ចូល​បំភ្លឺ​ជូន​តុលាការ​ដែរ ។

អ្នកស្រី​ជា​ភរិយា​សព​លោក​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ បាន​ទាមទារ​ដល់​ស្ថាប័ន​តុលាការ​ជួយ​រក​យុត្តិធម៌ ផ្តល់​ភាព​កក់ក្តៅ​ក្នុង​នាម​អ្នកស្រី​ជា​ជន​រង​គ្រោះ ។ ក្នុង​នោះ​អ្នកស្រី​បាន​ទាមទារ​សំណង​រដ្ឋប្បវេណី​ពី​ក្រុម​ឃាតករ​ជា​មេខ្លោង ក្នុង​ទឹកប្រាក់​ចំនួន​៥០​លាន​ដុល្លារ​អា​មេ​រិ​ក និង​បក្សពួក​ជា​ជន​ដៃដល់​ក្នុង​ម្នាក់​ចំនួន​១០​លាន​ដុល្លារ​អា​មេ​រិ​ក ។ មេខ្លោង​សំដៅលើ​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​បក្សពួក​ជា​ជន​ដៃដល់ ព្រមទាំង​អ្នកសមគំនិត​ចំនួន​៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​មាន ១-​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ២-​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៣-​ឈ្មោះ កូយ ច័ន្ទ​ថុ​ល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៤-​ឈ្មោះ លី សៅ ហៅ​វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ម្នាក់​ទៀត​ជា​អ្នក​ផ្តល់​មធ្យោបាយ​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ។ ក្រុម​ឃាតករ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បិទ​ការ​ស៊ើបអង្កេត​នៅ​ទ្បើ​យ​ទេ និង​នៅ​កំពុង​បន្ត​តាម​នីតិវិធី ។ ដោយ​ទ្បែ​ក​តែ​សំណុំរឿង​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ជិត​ដល់​ថ្ងៃ​បើក​សវនាការ​លើ​អង្គសេចក្តី​ហើយ ដែល​គេ​និយាយ​ថា មិន​ទាក់ទិន​ដល់​ការ​ចោទ​ជុំវិញ​ករណី​ឃាតកម្ម​នេះ​ទេ ៕