ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលាបឋម​​រើស​គ្រាប់​តេ​ឡង់​ទៅ​ដំ​លេង ​ផ្ទុះ​ឡើង​កក្រើក​របួសធ្ងន់៤​នាក់

9 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​សិស្សសាលា​បឋម​សិក្សា​ពង្រ​ ចំនួន​៤​នាក់ ​បាន​រង​របួស​ជា​ទម្ងន់ ដោយសារ​ពួក​គេ បាន​រើស​គ្រាប់ មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់ ​ប្រភេទ ​គ្រាប់​តេ​ឡង់​ ទៅ​វាយ​លេង

ខេត្តសៀមរាប​ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​សិស្សសាលា​បឋម​សិក្សា​ពង្រ​ ចំនួន​៤​នាក់ ​បាន​រង​របួស​ជា​ទម្ងន់ ដោយសារ​ពួក​គេ បាន​រើស​គ្រាប់ មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់ ​ប្រភេទ ​គ្រាប់​តេ​ឡង់​ ទៅ​វាយ​លេង បណ្តាល​ឲ្យ​ផ្ទុះ​ឡើង​ កក្រើក​វាលស្រែ​ក្បែរ​អតីត​បន្ទាយ​ទាហាន ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ រីឯ​កុមា​រា​រង​គ្រោះ​ទាំង​៤​នាក់ ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប ​។  
          
ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១០​ព្រឹក ​ថ្ងៃ​ទី​២៤ មីនា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ពង្រ​១ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប និង​មាន​ចំងាយប្រមាណ១៥០​ម៉ែត្រ ពីសា​លា​បឋម​សិក្សា​ពង្រ ដែល​ជា​កន្លែង ដែល​សិស្ស​រង​គ្រោះកំពុង​សិក្សា ​។
             
លោក​វរសេនីយ៍ទោ តូច សាកល អធិការ​នគរបាល​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ប្រាប់​កោះសន្តិភាព ​នៅ​រសៀល​ថ្ងៃ​ទី​២៥ មីនា ​នេះ​ថា កុមា​រា​រង​គ្រោះ​ទាំង​៤ ដែល​រង​របួសធ្ងន់ មាន​ទី​១ ​ឈ្មោះជា ចិត្ត អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ពង្រ​ ទី​២ ​ឈ្មោះហេង ស៊ា​ង​ហៃ អាយុ​១២​ឆ្នាំ មានទីលំនៅ​ភូមិ​ពពេល​ ទី​៣ ឈ្មោះដា​ វុ​ធ អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពង្រ​១ និង​ទី​៤ ​ឈ្មោះហ៊ុន រឿ​ន អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពេល ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ​។ ក្មេង​រង​គ្រោះរៀន​ជុំ​គ្នា នៅ​សាលា​បឋម​សិក្សា​ពង្រ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​​ ។

​លោក​បន្ត​ថា គ្រោះ​ថា្ន​ក់​ផ្ទុះ​គ្រាប់​នេះ គឺ​នៅ​ពេល​ដែល​គ្រូឲ្យ​សិស្ស​ចេញលេង ហើយ​ក្មេង​ទាំង​៤​ បាន​ធ្វើ​ដំណើរ​ទៅ​លេង​ក្រោយ​ផ្ទះ​ប្រជាជនឈ្មោះ ឆឹង កន ដែល​មាន​ចំងាយ ខាងជើង​សាលា​ពង្រ ប្រមាណ​១៥០​ម៉ែត្រ ហើយ​ក្មេង​ប្រុសឈ្មោះ ដា ​វុ​ធ ក៏​បានឃើញ​គ្រាប់​តេ​ឡង់ ចាស់​មួយ​គ្រាប់ ហើយ​ក៏​យក​មក​ឲ្យ កុមារ​ឈ្មោះជា ចិត្ត ទុក​លក់​ឲ្យ​អ្នកទិញ​អេ​ត​ចាយ ។ បន្ទាប់​មកឈ្មោះ ជា ចិត្ត ក៏​បាន​យក​ដំបង មួយ​កំណាត់​មក​ដំ ទើប​បណ្តាល​ឲ្យ​គ្រាប់​តេ​ឡង់​នោះផ្ទុះ​ឡើង ហើយ​កុមារ​ទាំង​៤ ដែល​ឈរ​ក្បែរ​នោះ រង​របួសធ្ងន់​ទាំងអស់​គ្នា ​។ ក្រោយ​ពី​ការ​ផ្ទុះ​គ្រាប់ អ្នកស្រុកក៏​បានរ​ត់ទៅ​កាន់កន្លែង​កើតហេតុ ក៏​ឃើញ​កុមា​រា​ទាំង​៤​នាក់ រង​របួស​ដេករណូករណែល ក៏​នាំ​គ្នា​ដឹក​មក​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ៕