រាជធានីភ្នំពេញ៖សិស្សប្រុសនៃវិទ្យាល័យជាស៊ីមសាមគ្គីម្នាក់ត្រូវប៉ូលិសចាប់ឃាត់ខ្លួន ខណៈពេលដែលម្តាយខាងស្រីប្តឹងថាល្បួងចាប់រំលោភកូនស្រីរបស់គាត់ដែលទើបតែមានអាយុ១៥ឆ្នាំ រហូតមានផ្ទៃពោះ២ខែទៅហើយនោះ ។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សិស្សប្រុសដែលរងការចោទប្រកាន់មានឈ្មោះម៉ែន កុសល អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១១ នៃវិទ្យាល័យជាស៊ីមសាមគ្គី ។
តាមការឲ្យដឹងពីម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថាកាលពីថ្ងៃទី១៥ ខែមីនាគាត់បានឃើញកូនស្រីរបស់គាត់ផឹកថ្នាំ ហើយនាងមានអាការៈស្លេកស្លាំង ភ្លាមនោះគាត់បានយកបន្ទះថ្នាំដែលកូនស្រីគាត់លេបទៅសួរពេទ្យ ពេលនោះពេទ្យបានប្រាប់គាត់ថាជាថ្នាំរំលូតកូន ។ នៅពេលនោះគាត់បានត្រឡប់មកផ្ទះវិញ ក៏ដេញដោលសួរនាំកូនស្រីរបស់គាត់បានប្រាប់ថា នាងបានជ្រុលជ្រួសស្រឡាញ់គ្នាជាមួយសិស្សប្រុសខាងលើ ហើយថែមទាំងមានផ្ទៃពោះ២ខែទៅហើយ ។ ដោយមិនចង់បំបែកបំបាក់កូន គាត់បានទូរស័ព្ទទៅសិស្សប្រុសខាងលើ ហើយសុំលេខទូរស័ព្ទម្តាយក្មេងប្រុស ដើម្បីពិភាក្សាគ្នារឿងក្មេងៗ ។ ប៉ុន្តែម្តាយខាងប្រុសបែរជាមិនព្រម ហើយបានជម្រុញម្តាយខាងស្រីថាទៅប្តឹងក៏ប្តឹងទៅហើយបានបិទទូរស័ព្ទតែម្តង ។
ជាមួយគ្នានោះនៅថ្ងៃកើតហេតុខាងលើគាត់មកពីផ្សារវិញ ស្រាប់តែឃើញឈ្មោះម៉ែន កុសល នៅក្នុងបន្ទប់គេងរបស់កូនគាត់ គាត់ក៏ទាំញ់ទ្វារបិទ ហើយចាក់សោរជាប់ ទើបប្តឹងទៅប៉ូលិសចុះមកធ្វើការឃាត់ខ្លួនតែម្តង ។
ក្រោយកើតហេតុឪពុកម្តាយខាងប្រុសបានកំពុងធ្វើការសម្របសម្រួលជាមួយម្តាយឪពុកខាងស្រី ដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ