រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ មីនា នេះ លោកឃ្លាំង ហួត បានកោះអញ្ជើញក្រុមអ្នករត់ទូក.ដដែលឆ្លងទៅកោះដាច់ ត្រើយខាងកើតស្ពានជ្រោយចង្វារមកជួបប្រជុំគ្នាដើម្បីណែនាំម្ចាស់ទូក.ដឱ្យយកតម្លៃគោរពតាមសៀវភៅបន្ទុក បើមិនស្តាប់តាមទេ អាជ្ញាធរនឹងចាត់វិធានការបិទអាជីវកម្ម។
ការកោះអញ្ជើញម្ចាស់ទូកដរមកធ្វើការណែនាំនេះបានធ្វើឡើង បន្ទាប់ពីមានបាតុភាពរវាងម្ចាស់ទូកដ និងអ្នកនាងខាត់ សុឃីម ដែលជាតារាសិល្បៈល្បីឈ្មោះម្នាក់ ខាត់ សុឃីម ឈ្លោះជាមួយម្ចាស់ដព្រែកលៀបរឿងទារថ្លៃឆ្លងចំនួន100ដុល្លារក្នុងមួយជើង កាលពីថ្ងៃសៅរ៍កន្លងមក ពីរឿងម្ចាស់ដ.យកថ្លៃឆ្លងដរថយន្តអ្នកនាងខាត់ សុឃីម មួយជើង១០០ដុល្លារលើសសៀវភៅបន្ទុក។
ក្នុងអង្គប្រជុំនោះដែរ លោកឃ្លាំង ហួត បានធ្វើការណែនាំម្ចាស់ទូកដ ដោយឯកភាពគ្នាឱ្យធ្វើអាជីវកម្មចម្លងដចាប់ពីម៉ោង៤ទៀបភ្លឺដល់ម៉ោង៨យប់សម្រាប់ថ្ងៃធម្មតា ចំពោះថ្ងៃបុណ្យអាចដល់ម៉ោង១១យប់ និងណែនាំឱ្យម្ចាស់ដ បិទតម្លៃឱ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក បើមិនដូច្នោះទេ អាជ្ញាធរនឹងបិទអាជីវកម្មបណ្តោះអាសន្ន។
ទាក់ទិននឹងការយកតម្លៃរថយន្តអ្នកនាងខាត់ សុឃីម នេះត្រូវបានម្ចាស់ទូកដ និងអាជ្ញាធរឱ្យដឹងថា ដោយសាររថយន្តរបស់នាងលើសចំណុះ គឺ តទ្រុង សរុបទៅមានចំណុះប្រហែល៦តោនលើសសៀវភៅបន្ទុក។
បើតាមម្ចាស់ទូកដឈ្មោះសាម ព្រឿង អាយុ៦៥ឆ្នាំ បានឱ្យដឹងថា រថយន្តរបស់អ្នកនាងខាត់ សុឃីម កាលពេលឆ្លងលោកបានទារថ្លៃ១០០ដុល្លារពិតមែន តែក្រោយមកបានសម្របសម្រួលគ្នានៅសល់តែ៥០ដុល្លារទេ ដោយសាររថយន្តដឹកធ្ងន់លើសចំណុះ។
ក្នុងអង្គប្រជុំនោះដែរ ម្ចាស់ទូកដបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរដើម្បីយកតម្លៃតាមសៀវភៅបន្ទុក។ គួរបញ្ជាក់ថា កន្លងមកទូកដព្រែកលៀប កោះដាច់នេះកើតមានបាតុភាពជាញឹកញាប់ ដោយសារម្ចាស់ដយកតម្លៃលើសសៀវភៅបន្ទុក។
បើតាមសៀវភៅបន្ទុកបានឱ្យដឹងថា រថយន្តធុនតូចឆ្លងមួយជើងតម្លៃ៦.០០០រៀល រថយន្តធុនមធ្យមតម្លៃ១០.០០០រៀល ដោយឡែកម៉ូតូ៥០០រៀល រីឯកង់២០០រៀល៕
ចែករំលែកព័តមាននេះ