រាជធានីភ្នំពេញ ៖ នាងខាត់ សុឃីម បានផ្ទុះជម្លោះតវ៉ាជាមួយម្ចាស់កំពង់ដព្រែកលៀប ដោយនាងចោទថាទារថ្លៃឆ្លងហួសហេតុ ខណៈពេលរូបនាង និងក្រុមការងារធ្វើដំណើរទៅសម្តែងក្នុងពិធីមង្គលការមួយនៅតំបន់កោះដាច់ ។
នាងខាត់ សុឃីម ចាត់ទុកការទារថ្លៃពីម្ចាស់កំពង់ដនោះហួសហេតុមិនសមរម្យទៅនឹងតម្លៃធម្មតាទូទៅ ។ នាងព្រមាននឹងបើកកកាយអំពីរឿងនោះក្នុងពេលដែលនាងនឹងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ផ្សេងៗ ។
នាងខាត់ សុឃីម បានសរសេរសារបង្ហាញឱ្យដឹងរឿងនោះនៅលើទំព័រហ្វេសប៊ុក ហើយនាងបានបកស្រាយតាមសារព័ត៌មានអេឡិចត្រូនិកនៅក្នុងស្រុកមួយថា រឿងហេតុនោះបានកើតឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ក្នុងពេលនាង និងក្រុមការងារបើករថយន្តដឹកឆាកមានទម្ងន់ប្រមាណ២តោនកន្លះឆ្លងនៅកំពង់ដព្រែកលៀប ហើយត្រូវម្ចាស់ដទារថ្លៃ១០០ដុល្លារក្នុងមួយជើង ។ នាងមិនបានដឹងអំពីតម្លៃឆ្លងដនៅកន្លែងនោះគេគិតយ៉ាងម៉េចទេ ប៉ុន្តែសម្រាប់រថយន្តក្រុមការងាររបស់នាង គឺគេយក៣ម៉ឺនរៀល និងសម្រាប់រថយន្តប្រភេទមួយតោនកន្លះ គេយក៤៥.០០០រៀល ។
នាងខាត់ សុឃីម ឲ្យដឹងថា ជម្លោះបានកើតឡើង បន្ទាប់ពីរថយន្តដឹកឆាករបស់នាងធ្វើដំណើរដល់កំពង់ដ ហើយត្រូវម្ចាស់ដកំណត់ទារប្រាក់មួយជើង១០០ដុល្លារ ដោយសារម្ចាស់ដនោះឃើញរថយន្តក្រុមការងាររបស់នាងសំពីងសំពោងពេក ប៉ុន្តែក្នុងខណៈពេលនោះនាងសុំឲ្យម្ចាស់ដយកត្រឹមតែ២០ ឬ៣០ដុល្លារបានហើយ ព្រោះកន្លងមកពេលក្រុមការងាររបស់នាងដឹកឆ្លងស្ពាននៅកន្លែងណា ឬទៅឆ្លងដនៅកន្លែងណាក៏គេគិតជាប្រភេទរថយន្ត២តោនកន្លះដែរ ប៉ុន្តែម្ចាស់ដនោះនៅតែមិនព្រមយក ដោយនៅតែទាមទារថ្លៃឆ្លងចំនួន១០០ដុល្លារក្នុងមួយជើងដដែល ហើយបាននិយាយដោយខ្លីថា «បើមិនឆ្លងក៏មិនអីដែរ »។
នាងខាត់ សុឃីម បញ្ជាក់ថា ក្នុងពេលម្ចាស់ដទារនាងចំនួន១០០ដុល្លារនោះ មានអ្នករត់ម៉ូតូឌុប និងអ្នកឆ្លងទៅជាមួយបានជួយអង្វរជំនួសនាងដែរ ប៉ុន្តែម្ចាស់ដនៅតែមិនព្រមចុះថ្លៃ ហើយនិយាយបែបឈ្លើយដាក់នាងថែមទៀតផង ។
ក្នុងខណៈពេលនោះនាងខាត់ សុឃីម និងក្រុមការងារសម្រេចបើករថយន្តដឹកឆាកទៅឆ្លងនៅកំពង់ចម្លងក្ដីចាស់ដែលស្ថិតនៅស្ពានទី៩ តាមបណ្ដោយផ្លូវជាតិលេខ៦វិញ បន្ទាប់ពីបានផ្ទុះជម្លោះនោះមក ។ នៅពេលទៅដល់កំពង់ចម្លងក្ដីចាស់ ម្ចាស់ដទារពីនាងខាត់ សុឃីម តែ១ម៉ឺនរៀលប៉ុណ្ណោះសម្រាប់រថយន្តដឹកឆាក ដែលខុសគ្នាដាច់ទាំងស្រុងពីកំពង់ដព្រែកលៀប។ នាងខាត់ សុឃីម បានព្រមាននឹងបើកកកាយអំពីរឿងហេតុនោះឲ្យគេឯងដឹង នៅពេលនាងចូលរួមក្នុងកម្មវិធីទូរទស្សន៍ ម្តងៗ ដើម្បីកុំឲ្យម្ចាស់ដចេះតែទារថ្លៃឆ្លងហួសហេតុពេក ៕
ចែករំលែកព័តមាននេះ