ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំភ្លឺរ​បស់បង​ប្អូនស្រី​ម្នាក់ ទើប​ឈាន​រក​ឃើញ​សព​ក្នុង​រថយន្ត​លិច​ទឹក​ប្រឡាយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ស​មួយ​គ្រឿង​ដែល​បើក​ធ្លាក់​ក្នុង​ប្រឡាយ​ទឹក​នោះ ត្រូវ​បាន​ស្ទូច​ឡើង​ផុត​ពី​ទឹក​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ មីនា ក្រោម​ក្រសែភ្នែក​មនុស្ស​ម្នា​ចោមរោម​តាមដាន​ហេតុការណ៍​នេះ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ស​មួយ​គ្រឿង​ដែល​បើក​ធ្លាក់​ក្នុង​ប្រឡាយ​ទឹក​នោះ ត្រូវ​បាន​ស្ទូច​ឡើង​ផុត​ពី​ទឹក​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ មីនា ក្រោម​ក្រសែភ្នែក​មនុស្ស​ម្នា​ចោមរោម​តាមដាន​ហេតុការណ៍​នេះ​រាប់​សិប​នាក់ រួម​ជាមួយ​កម្លាំង​សមត្ថកិច្ច ។ ការ​ស្ទូច​រថយន្ត​ធ្លាក់ទឹក​ប្រឡាយ​នេះ ក៏​បាន​រក​ឃើញ​សព​ស្ត្រី​អ្នកបើកបរ​ម្នាក់​ផង​ដែរ ។

ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ​នេះ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា នាង​និង​រថយន្ត​បាន​បាត់ដាន​តាំងពី​យប់​ថ្ងៃ​ទី​២១ មីនា មក​ម្ល៉េះ មិនដឹង​ថា ទៅ​ទីណា​នោះ​ទេ ហើយ​ក៏​បាន​តាម​រក​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ មីនា ទើប​ដឹង​ថា​នាង​បើករថយន្ត​ធ្លាក់ទឹក​ប្រឡាយ​ដែល​មាន​ជម្រៅ​ជ្រៅ​លិច​រថយន្ត​បាត់​ទៅ​ក្នុង​បាត​ប្រឡាយ ។

លោក ឯម ប៊ុ​ន​ធឿ​ន អាយុ​៤៨​ឆ្នាំ ត្រូវជា​ឪពុក​ស្ត្រី​រង​គ្រោះ មាន​ប្រសាសន៍​ថា កូនស្រី​ដែល​រង​គ្រោះ​នេះ​ឈ្មោះ ឯម ស្រី​ហ៊ា​ង អាយុ​២៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ទាំង​វ័យក្មេង បន្ទាប់​ពី​ប្តី​របស់​នាង​ធ្វើ​កងរាជអាវុធហត្ថ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តមណ្ឌលគិរី​មុន​នេះ​ជាង​១​ឆ្នាំ ។ លោក​បន្ត​ថា នាង​មានស្រុក​កំណើត​នៅ​ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាមរ ខេត្តព្រៃវែង មានមុខ​របរ​លក់​គ្រឿងសម្អាង និង​កាហ្វេ​នៅផ្ទះ​ជួល​ម្តុំ​សំណង់​១២ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ជុំវិញ​ហេតុការណ៍​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​កើតឡើង ត្រូវ​បាន​ប្រភព​ព័ត៌មាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ មីនា នាង​និង​ក្រុម​គ្រួ​សារបាន​ទៅ​ចូលរួម​ពិធីជប់លៀង​នៅ​ហាង​មួយ​ទល់មុខ​ទីបញ្ជាការ​ត្រែទ័ព​។ លុះ​ចេញពី​កម្មវិធី នាង​និង​ប្អូនស្រី​ម្នាក់​បាន​ជិះ​រថយន្ត​ឡិច​ស៊ី​ស RX ៣០០ ពណ៌​ស របស់​នាង​ចេញ​មក​ក្នុង​អាការ​ស្រវឹង ។ តាំងពី​ពេល​នោះ​មក ស្រាប់តែ​បាត់​នាង​រហូត​មក មិនដឹង​ថា នាង​ទៅ​ណា​នោះ​ទេ ។ តែ​អ្វី​ដែល​ឈាន​ដល់​ការ​ស្វែងរក​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​ក្នុង​ប្រឡាយ​ទឹក គឺ​បាន​ទទួល​ព័ត៌មាន​ពី​បងប្អូន​ស្រី​ម្នាក់ ដែល​ជិះ​រថយន្ត​មក​ជាមួយ​និយាយ​ថា ពេល​នោះ​ស្រី​ហ៊ា​ង មាន​សភាព​ស្រវឹង បាន​ជិះ​រថយន្ត​តាម​ផ្លូវ​លេខ​២០០១ រួច​បត់​ចូល​ផ្លូវលំ​មួយ ក៏​ធ្លាក់​ក្រឡុក​ធ្វើ​ឱ្យ​នាង​បោក​ក្បាល​របួស ។ ដោយសារ​មានការ​ភ័យ​ខ្លាច នាង​បាន​សុំ​ចុះ​ពី​រថយន្ត ហើយ​ស្រី​ហ៊ា​ង ក៏​បន្ត​បើករថយន្ត​ទៅ​មុខ​ទៀត​ក្នុង​ល្បឿន​លឿន ។ ការ​តាម​រក​នៅ​ចំណុច​ផ្លូវ​ដែល​អ្នក​ជិះ​ជា​មួ​យ​សុំ​ចុះ ហើយ​បាន​ឈរ​មើលឃើញ​នាង ឯម ស្រី​ហ៊ា​ង បើករថយន្ត​ចេញ​ទៅ​យ៉ាង​លឿន ។

តាមតម្រាយ​ផ្លូវ​បាន​បង្ហាញ​ថា ផ្លូវ​ដែល​នាង​បើករថយន្ត​ចេញ​ទៅ គឺ​ត្រូវ​តែ​បត់​ឆ្វេង ឬ​បត់​ស្តាំ ព្រោះ​នៅ​ខាង​មុខជា​ប្រឡាយ​ទឹក​ពោធិ​សំពៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​សំរោង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ ដោយសារ​តែ​មាន​មន្ទិល​ថា នាង ឯម ស្រី​ហ៊ា​ង ដែល​បើករថយន្ត​ហើយ​បាត់​ខ្លួន​នោះ​អាច​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ទើប​នៅ​ថ្ងៃ​ទី​២៣ មីនា ក៏​សម្រេចចិត្ត​ប្តឹង​ប៉ូលិស​។ នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ក្រោយ​ពី​ទទួល​បាន​បណ្តឹង ប៉ូលិស​ក៏​បាន​តាមដាន​រក​នៅ​ចំណុច​ផ្លូវ​ក្បែរ​ប្រឡាយ ក៏​ប្រទះ​ឃើញ​ស្នាម​ដាន​កង់​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​។ ក្រោយ​ពី​សន្មត់​ថា រថយន្ត​អាច​បើក​ធ្លាក់ទឹក​ប្រឡាយ ខាង​ប៉ូ​លិ​ស​ក៏​បាន​ស្នើ​ឱ្យ​ក្រុម​គ្រួសារ​សុំ​អន្តរាគមន៍​ពី​កង​ឆត្រយោង​៩១១ ដើម្បី​ចុះ​រាវ​។ ក្នុង​រយៈពេល​១០​នាទី ក៏​បាន​រក​ឃើញ​រថយន្ត​ដែល​លិច​ក្នុង​ទឹក​ប្រឡាយ ទើប​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​រថយន្ត​ចេញពី​ក្នុង​ទឹក ដែល​មាន​គេ​ឈរ​មើល​កកកុញ ។

ក្រោយ​ពី​ស្ទូច​រថយន្ត​ឡើង​មក​ដាក់​លើ​មាត់​ប្រឡាយ ទើប​ដឹង​ថា នាង ឯម ស្រី​ហ៊ា​ង បាន​ស្លាប់​ទៅ​ហើយ ដោយ​រថយន្ត​បែក​កញ្ចក់​មុខ​ដំបូល​រថយន្ត​មាន​លក្ខណៈ​ក្រពឹត​បន្ដិច ឯ​ស្លាក​លេខ​រថយន្ត​ពីមុខ​របូត​បាត់ ។ ទោះបីជា​យ៉ាង ណា លក្ខខណ្ឌ​ទូទៅ​ថា នាង​ប្រហែលជា​ស្លាប់​ដោយ​បើករថយន្ត​ក្រឡាប់​ធ្លាក់​ប្រឡាយ​ក្ដី ក៏​មន្ត្រី​ប៉ូលិស​និយាយ​ថា មិន​ទាន់​អាច​និយាយ​បាន​ថា ស្លាប់​ដោយ​ប្រការ​ណាមួយ​នោះ​ទេ ។ តាម​ការ​ត្រួតពិនិត្យ​ឃើញ​ថា រថយន្ត​ដាក់​លេខ​អក្សរ D បង្ហាញ​ថា កំពុង​ធ្វើ​ដំណើរ​និង​ភ្លើង​ហ្វា​នៅ​បើក ។

សព​របស់​នាង​ត្រូវ​បាន​សមត្ថកិច្ច​រក្សា​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ធ្វើ​កោសល្យវិច័យ ។ សព​របស់​នាង​ឯម ស្រី​ហ៊ា​ង មាន​ធុំក្លិន​ទៅ​ហើយដោយ​សារ​តែ​ស្លាប់​តាំងពី​ថ្ងៃ​ទី​២១ មីនា និង​ទើបតែ​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៣ មីនា ដែល​មិន​អាច​នាំ​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​បាន​ទេ និង​ត្រូវ​បូជា​នៅ​វត្ត​ទឹកថ្លា បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួចរាល់ ៕