ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ជិក​ក្រុម​តន្ត្រី​ម្នាក់ត្រូវ​ជន​ទំនើងវាយបែកក្បាល​ ព្រោះ​ខឹង​មិន​លេង​បទ​ញាក់​ឲ្យ​រាំ

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ភ្ញៀវ​ទំនើង​ម្នាក់ត្រូវ​បាន​នគរបាលស្រុក​កោះធំឃាត់ខ្លួន​ក្រោយ​ពី​ធ្វើសកម្មភាពអុកឡុកក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មីរបស់​អ្នក​ភូមិបង្កចលាចល​ក្នុង​ពិធីដោយយក​ខ្សែ​ក្រ​វាត់វាយ​បែកក្បាល​សមាជិក​ក្រុម​

ខេត្តកណ្តាល ៖ ភ្ញៀវ​ទំនើង​ម្នាក់ត្រូវ​បាន​នគរបាលស្រុក​កោះធំឃាត់ខ្លួន​ក្រោយ​ពី​ធ្វើសកម្មភាពអុកឡុកក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មីរបស់​អ្នក​ភូមិបង្កចលាចល​ក្នុង​ពិធីដោយយក​ខ្សែ​ក្រ​វាត់វាយ​បែកក្បាល​សមាជិក​ក្រុម​តន្ត្រី​ឱ្យ​រង​របួសធ្ងន់​ម្នាក់ ព្រោះតែ​ខឹងក្រុម​តន្ត្រីមិន​លេង​បទ​ញាក់​ឲ្យ​រាំ​កាលពីវេលា​ម៉ោង​៩​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ​មីនា ស្ថិត​ក្នុងភូមិ​ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុកកោះធំ ។

លោក​វរសេនីយ៍ត្រី មុ​យ ចាន់​ពេជ្រ អធិការ​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ជន​ទំនើង​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ ថៅ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ។ ចំណែក​ជន​រងគ្រោះជា​សមា​ជិក​វង់​តន្ត្រីសម័យ​មានឈ្មោះ ស្រ៊ា ដែន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ រង​របួស​បែកក្បាល​ចំនួន​២​កន្លែង​ដេរ​១០ ថ្នេរ​ និង​កំពុង​ដេក​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ប្រ​តិ​ប ​ស្រុក​កោះធំ  ។

លោក​អធិការ​បាន​បន្ត​ថា ​មុន​ពេល​កើតហេតុ​នៅផ្ទះ​របស់​ឈ្មោះ​ប៉េង ថូ ភេទប្រុស អាយុ​៤៥​ឆ្នាំ មាន​រៀបចំ​ពី​ធី​ឡើង​គេហដ្ឋាន​ថ្មី ដោយ​បាន​ជួល​ក្រុម​តន្ត្រីសម័យ​ទៅ​ច្រៀង​កំដរ​ភ្ញៀវ​ក្នុង​កម្មវិធី ។ ពី​ធី​ឡើងផ្ទះ​ថ្មី​នេះ​ដែរ​ក៏​មាន​វត្តមាន​ជន​ដៃដល់​ចូលរួមជា​ភ្ញៀវ​កិត្តិយស​ផង​ដែរ ។ បន្ទាប់​ពី​ភ្ញៀវ​ពិសា​ភោ​ជនី​អាហារ និង​ផឹកស្រា​ស្រវឹង​ស្រឿង​ៗ រួច​មកក៏​មាន​ភ្ញៀវ​ជា​ច្រើន​ឡើង​រាំ​លេង​កំសាន្ត​រួម​ជាមួយ​ជន​ដៃដល់​ផង​ដែរ ពេល​កំពុង​រាំ លេង​កំសាន្ត​នោះ​មាន​ភ្ញៀវ​ជា​ក្រុម​ក្មេង​ស្ទាវ​រក​ឈ្លោះប្រកែក​គ្នា ដោយសារ​រាំ​បទ​ញាក់ជាន់​ជើង​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ឃើញ​សភាពការណ៍​មិនសូវ​ស្រួល​ម្ចាស់​កម្មវិធី ក៏​បាន​ប្រាប់​ទៅ​កាន់​ក្រុម​តន្ត្រីសម័យ​កុំ​ឲ្យ​លេងភ្លេង​ច្រៀង​បទ​ញាក់បន្ត​ទៀត ព្រោះ​ខ្លាចមានរឿង​បង្កចលាចល​ក្នុង​កម្មវិធី ។ នៅ​គ្រា​ដែល​ក្រុម​តន្ត្រីសម័យ​ច្រៀង​បទ​រាំវង់​បាន​២បទ​ជន​ដៃដល់​ក៏បាន​សំណូមពរ​ឲ្យ​ច្រៀង​បទ​ញាក់ តែ​ដោយសារ​មានការ​ហាមឃាត់​ពីម្ចាស់​កម្មវិធី ក្រុម​តន្ត្រីសម័យ​មិន​បាន​ច្រៀង​តាម​សំណូមពរ​នោះ​ទេ ទើប​ធ្វើ​ឲ្យ​ជន​ដៃដល់កើតក្តី​ក្តៅក្រហាយ​ទាញ​យក​ខ្សែ​ក្រ​វាត់​ពី​ចង្កេះ​វាយប្រហារ​ទៅ​លើសមាជិក​ក្រុមតន្ត្រីសម័យ​ម្នាក់ឈ្មោះ​ស្រ៊ា ដែន បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ខ្លួន ព្រោះតែ​ខឹងមិន​លេង​បទ​ញាក់​តាម​ការ​សុំ​របស់​ខ្លួន​។

ជនសង្ស័យ​ត្រូវ​បាននគរបាល​ស្រុក​កោះធំចាប់ខ្លួន​ភ្លាម​ៗ និង​កសាងសំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​បន្ត​តាមច្បាប់ ៕​