ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់បានចាប់រំលោភនារីជាកម្មការិនីរោងចក្រ រហូតបានសម្រេចចំនួន២លើក ហើយគេចខ្លួនបាត់ ធ្វើឣោយនារីរងគ្រោះស្វែងរកការជួយឣន្តរាគមន៍ ពីសមត្ថកិច្ច ក្នុងករណីរំលោភសេពសន្ថវៈមកលើរូបនាងនេះ ។
ករណីរំលោភសេពសន្ថវៈនេះ កើតឡើងនៅម៉ោង១១ ថ្ងៃទី១៩ មីនា ២០១៥ នៅបន្ទប់ផ្ទះជួលរបស់នារីរងគ្រោះ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នារីគ្រោះមានឣាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅខេត្តកំពត ។ រីឯជនសង្ស័យមានឈ្មោះ តូ ណា ភេទប្រុស ឣាយុ២១ឆ្នាំរស់នៅភូមិសង្កែជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នារីរងគ្រោះបានរៀបរាប់ឣោយដឹងនៅព្រឹកថ្ងៃទី២០ មីនា ២០១៥ នេះថា មុនពេលកើតហេតុ ពេលនាងត្រឡប់មកពីធ្វើការ ដល់បន្ទប់ផ្ទះជួល នៅម៉ោងកើតហេតុខាងលើ ស្រាប់តែឈ្មោះ តូ ណា បានចូលមកក្នុងបន្ទប់របស់នាង ហើយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ មកលើរូបនាងទាំងកំរោល បើទោះជានាងបានសំពះឣង្វរយ៉ាងណា ក៏ឈ្មោះនេះ មិនព្រមដែរ ។ នារីរងគ្រោះបន្តថា ក្រោយរំលោភបានសម្រេចម្តងហើយ រូបគេ(តូ ណា)មិនបានដោះលែងនាងឡើយ ថែមទាំងបន្តចាប់ខ្ទប់មាត់នាងជាប់រហូត ហើយក៏ធ្វើសកម្មភាពចាប់រំលោភជាលើកទី២ ពេលនោះនាងបានស្រែកឣោយឣ្នកជិតខាងជួយដែរ តែមិនមានឣ្នកណា ឮ និងចាប់ឣារម្មណ៍ឡើយ ធ្វើឣោយគេមានឱកាសរំលោភនាងរហូតបានសម្រេច ។
នារីរងគ្រោះបន្តទៀតថា ក្រោយរំលោភនាងហើយ ឈ្មោះនេះ បាននិយាយលួងលោមនាងថា កុំបាច់ប្តឹងប្តល់ធ្វើឣ្វី ចាំគេទទួលខុសត្រូវ មូលហេតុដែលគេធ្វើបែបនេះ ដោយសារតែស្រលាញ់នាងខ្លាំងពេក ។ ពេលនោះនាងបានសួរតបថា បើស្រលាញ់ម្តេចមិនចូលស្តីដណ្តឹងរៀបការឣោយត្រឹមត្រូវ?
ក្រោយពីនារីរងគ្រោះនិយាយរួច(តូ ណា)នេះ បាគេចខ្លួនចេញបាត់ទៅ ។ ទើបនារីរងគ្រោះមកប្តឹងឈ្មោះ តូ ណា ឣោយសមត្ថកិច្ចជួយ ស្វែងរកចាប់ខ្លួនជនសង្ស័យនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋខ្លះលើកឡើងថា ករណីនេះឣាចជាការត្រូវរ៉ូវគ្នា ដល់ពេលនិយាយគ្នាមិនត្រូវ រឿងរៀបការ ខាងប្រុសដាក់មេប្រូចបាត់ ខាងស្រីក៏ដាក់ពាក្យបណ្តឹង រឿងចាប់រំលោភសេពសន្ថវៈតែម្តង ។ តែទោះជាយ៉ាងណាមជ្ឈដ្ឋានប្រជាពលរដ្ឋខ្លះទៀត បានលើកឡើងថា ទោះជាការត្រូវរ៉ូវគ្នាក៏ដោយ ឫជាការរំលោភក៏ដោយ តើឣស់លោកសមត្ថកិច្ចដែលទទួលពាក្យបណ្តឹង ហើយមានចំណាត់ការបែបណា ចំពោះជនម្នាក់នេះ ខណៈដែលបានស្គាល់ឈ្មោះ និងកន្លែងរស់នៅបែបនេះទៅហើយនោះ?
ចែករំលែកព័តមាននេះ