រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្តទេសចរណ៍ឱ្យក្រុមហ៊ុនមួយ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ ថ្ងៃទី១៧ មីនា នៅមុខផ្ទះលេខ១៣៥C ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ទាក់ទិននឹងករណីខាងលើនេះ ត្រូវបានប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថឱ្យដឹងថា ជនម្នាក់នេះឈ្មោះ ម៉ល សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបររថយន្តដឹកអ្នកដំណើរ ឱ្យក្រុមហ៊ុនសួគ៌ទេសចរណ៍ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងជាអតីតយោធា ។
ជុំវិញការចាប់ខ្លួននេះ តាមប្រភពព័ត៌មានបានបន្តថា កាលពីអំឡុងឆ្នាំ២០១៤ ឈ្មោះ ម៉ល សីហា បានលួងលោមស្ត្រីម្នាក់ ជាអាជីវកររកស៊ីដឹកទំនិញតាមរថយន្តរបស់ខ្លួន ដោយការដាក់ថ្នាំសណ្តំ រួចរំលោភបានសម្រេចនៅក្នុងរថយន្ត ដែលសកម្មភាពនោះបានប្រព្រឹត្តនៅខាងក្រោយព្រះបរមរាជវាំង ។ ក្រោយពីដាក់ថ្នាំរំលោភបានសម្រេច ស្ត្រីរងគ្រោះពិតជាមានការឈឺចាប់ ប៉ុន្តែពេលនោះនាងមិនបាននិយាយប្រាប់អ្នកណាទេ សូម្បីប្តីរបស់ខ្លួន ក៏មិនឱ្យដឹងដែរ ។
មិនយូរប៉ុន្មានរឿងរ៉ាវដែលនារីរងគ្រោះបានខិតខំលាក់បាំងខ្លាចអាម៉ាស់អាស្រូវកេរ្តិ៍ ស្រាប់តែឈ្មោះ ម៉ល សីហា បែរជាបង្កើតរឿងនោះឡើងវិញ ពោលគឺជំរិតទារប្រាក់តាមរយៈការជួបផ្ទាល់ និងតាមទូរស័ព្ទជាច្រើនលើក សរុបអស់ជាង១ម៉ឺនដុល្លារទៅហើយ ដើម្បីបិទបាំងការពារកិត្តិយស ។ ការជំរិតទារប្រាក់របស់ជនសង្ស័យនេះ គឺបានប្រើឧបាយកល ថា បើមិនឱ្យប្រាក់តាមការទាមទាររបស់ខ្លួនទេ ខ្លួននឹងយករូបភាពដែលបានរួមរ័ក ជាមួយគ្នា នៅក្នុងរថយន្ត បង្ហោះតាមហ្វេសប៊ុកឱ្យគេឃើញគ្រប់គ្នា ពិសេសឱ្យប្តីរបស់នាងបានដឹង ។ ល្បិចអាក្រក់របស់ជននេះ បានគំរាមថា ខណៈពេលខ្លួនដាក់ថ្នាំសណ្តំរួចរំលោភនាងនៅក្នុងរថយន្តនោះ ខ្លួនបានប្រើប្រាស់ កាមេរ៉ាចាប់ជាប់ក្នុងរថយន្ត ថតរូបភាពបានទាំងអស់ ដូច្នោះខ្លួននឹងយករូបភាពនោះបង្ហោះឱ្យគេឃើញគ្រប់គ្នា តាមហ្វេសប៊ុក ។ ចំណុចខ្សោយដែលស្ត្រីរងគ្រោះត្រូវបង់ប្រាក់ឱ្យឈ្មោះ ម៉ល សីហា គឺនៅត្រង់ការចាញ់បោកថា ពេលរួមភេទនោះ គេបានលួចថតជាកាមេរ៉ាវីដេអូ និងមានរូបភាពទាំងអស់ ។ ប្រការនោះហើយ បានជាស្ត្រីរងគ្រោះសុខចិត្តលេបក្រួសលេបថ្ម ឱ្យលុយជាហូរហែតាមការទាមទារពីជនត្រូវចោទ ។
ការជំរិតទារប្រាក់នេះ នៅតែមិនឆ្អែតឆ្អន់ ហើយកាលពីថ្ងៃទី១៧ មីនា ជននេះបានទូរស័ព្ទ ជំរិតទារប្រាក់ចំនួន៨ម៉ឺនដុល្លារ ដោយនិយាយថា បើឱ្យប្រាក់៨ម៉ឺនដុល្លារអាមេរិក នោះខ្លួនយកទៅទិញរថយន្តប្រកបមុខរបររកស៊ីខ្លួនឯងហើយ តែបើមិនបានទេ ដាច់ខាតខ្លួននឹងបង្ហោះរូបភាពរួមរ័ក នៅក្នុងរថយន្តនោះឱ្យប្តីនាងបានឃើញ ។
ការជំរិតទារប្រាក់រហូតដល់៨ម៉ឺនដុល្លារអាមេរិកនេះ ធ្វើឱ្យជនរងគ្រោះស្ទើរគាំងបេះដូងសន្លប់ ដោយមិនដឹងទៅរកប្រាក់ឯណា រាប់ម៉ឺនដុល្លារ ទៅឱ្យជនទុរយសនេះ ។ ប្រភពបន្តថា ការជំរិតទារប្រាក់លើកមុនៗ ១ពាន់ ២ពាន់ដុល្លារ ក៏ចេះតែលួចលាក់ពីប្តីយកទៅឱ្យគេទៅ តែលើកនេះ ច្រើនសន្ធឹកសន្ធាប់ ដូច្នេះពិតជាគ្មានផ្លូវយកប្រាក់ឱ្យជនទុរយសនេះទៀតឡើយ ។
ស្ត្រីរងគ្រោះបានសម្រេចចិត្តយករឿងនេះប្រាប់ប្តីថា មានជនឧក្រិដ្ឋទូរសព្ទ័ជំរិតទារប្រាក់ ចំនួន៨ម៉ឺនដុល្លារអាមេរិក បើមិនឱ្យគេទេ គេនឹងបង្ហោះរូបភាពរួមរ័កជាមួយគ្នា ដែលពាក្យសម្តីទាំងអស់នេះ ជនរងគ្រោះមិនអាចនៅលាក់បាំងចំពោះប្តីបានទៀតឡើយ ។ ក្រោយពីប្តីបានដឹងសាច់រឿងអស់ហើយ ក៏បានយករឿងទាំងអស់នេះទៅប្តឹងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះគ្រប់គ្រាន់ហើយ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កងកម្លាំងឱ្យចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេះជាបន្ទាន់ ។ លោកបានប្រើប្រាស់មន្ត្រីយុត្តិធម៌ជំនាញព្រហ្មទណ្ឌ គឺលោកវរសេនីយ៍ទោ ផាន់ ដារ៉ាវុធ អនុប្រធានមន្ទីរស្រាវជ្រាវសន្តិសុខ និងព័ត៌មាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនកំហូចម្នាក់នេះ នៅពេលទៅទទួលយកប្រាក់តាមការកំណត់ ។
ប្រភពព័ត៌មានបន្តទៀតថា ជនឈ្មោះ ម៉ល សីហា បានគំរាមជំរិតទារប្រាក់ពីជនរងគ្រោះ នាវេលាព្រឹកថ្ងៃទី១៧ មីនា ចំនួន៨ម៉ឺនដុល្លារអាមេរិក ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបសមត្ថកិច្ចរៀបចំឱ្យជនរងគ្រោះ រកប្រាក់បានជាង២ពាន់ដុល្លារអាមេរិកយកទៅប្រគល់ឱ្យ ។ ខណៈនោះសមត្ថកិច្ចក៏បានតាមប្រមាញ់ចាប់ខ្លួន នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ មីនា នោះដែរ ។
ក្រោយពីត្រូវចាប់ខ្លួនជនឈ្មោះ ម៉ល សីហា សារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដូចដែលជនរងគ្រោះប្តឹងមែន ។ ជនជាប់សង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ