ខេត្តកំពង់ឆ្នាំង ៖ យុវសិស្សម្នាក់ក្នុងចំណោមសិស្ស៣នាក់ ត្រូវបានសិស្សមួយក្រុមផ្សេងទៀតកាប់ប្រហារនឹងដាវសាំម៉ូរៃ បណ្តាលឱ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ហើយត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរខេត្តជាបន្ទាន់ ខណៈដែលសិស្សជាជនដៃដល់បានគេចខ្លួនបាត់អស់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី១៨ មីនា ២០១៥ នៅលើផ្លូវជាតិលេខ៥ ជិតស្ថានីយប្រេងឥន្ទនៈតេឡា ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង គ្រាដែលសិស្សរងគ្រោះ ចេញពីសាលាមានគ្នា៣នាក់ជិះម៉ូតូត្រឡប់មកផ្ទះវិញ។
តាមការឱ្យដឹងពីយុវសិស្សឈ្មោះ ពេជ ឧត្តម អាយុ១៨ឆ្នាំ មានទីលំនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុកបរិបូរណ៍ ជាសិស្សថ្នាក់ទី១១E នៃវិទ្យាល័យក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា យុវសិស្សរងគ្រោះ មានឈ្មោះ ផន លឹមហ៊ួ អាយុ១៨ឆ្នាំ មានទីលំនៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ជាសិស្សថ្នាក់ទី១១D វិទ្យាល័យក្រុងកំពង់ឆ្នាំងជាមួយគ្នា ។
មុនពេលកើតហេតុរូបគេ និងសិស្សរងគ្រោះបានជិះម៉ូតួមានគ្នា៣នាក់ជាសិស្សជាមួយគ្នា ត្រឡប់ពីសាលាមកផ្ទះវិញដោយជនរងគ្រោះជាអ្នកជិះក្រោយគេស្រាប់តែមកដល់ចំណុចកើតហេតុ មានម៉ូតូ៧-៨គ្រឿង មានមនុស្សជាង១០នាក់ បិទម៉ាស់មុខ បានជិះដេញពីក្រោយ ហើយបានកាប់មកលើជនរងគ្រោះមួយដាវសាំម៉ូរ៉ៃ បណ្តាលឱ្យរងរបួសរយះប្រមាណ៧សង្ទីម៉ែត្រ ហើយភ្លាមៗរូបគេបានប្រញាប់ដឹកមិត្តភក្តិរងគ្រោះមកកាន់មន្ទីរពេទ្យខេត្ត ចំណែកជនដៃដល់ គឺជាសិស្សសាលាវិទ្យាល័យព្រះបាទសុរាម្រឹតបានគេចខ្លួនបាត់អស់ ។
លោក ម៉ា យន់ មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំង បាននិយាយថា ដើមរឿងគឺនៅព្រឹកថ្ងៃទី១៨ មីនានេះ មានសិស្សវិទ្យាល័យក្រុងកំពង់ឆ្នាំង ( សាលាទួលក្រាំង) មួយក្រុមបានទៅវាយសិស្សសាលាវិទ្យលាល័យព្រះបាទសុរាម្រឹតមុន បន្ទាប់មកសិស្សសាលាវិទ្យាល័យព្រះបាទសុរាម្រឹត បាននាំគ្នាមកកាប់សិស្សវិទ្យាល័យក្រុងកំពង់ឆ្នាំងវិញដើម្បីសងសឹក តែត្រង់ថាកាប់ចំគូទំនាស់ត្រូវ ឬមិនចំនោះ មិនទាន់ដឹងនៅឡើយទេសម្រាប់សិស្សរងគ្រោះវិញបានប្រាប់ថា មិនដែលមានទំនាស់ជាមួយពីណាទេ ។ ចំណេកមុខសញ្ញាក្រុមជនដៃដល់សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណខ្លះហើយ ដែលជាអ្នកហែហមដំណើរមកលួចកាប់ប្រហារនេះ ៕
ចែករំលែកព័តមាននេះ