ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៧ មីនា ២០១៥ នេះ ស្ថាប័នតុលាការបានអញ្ជើញសមត្ថកិច្ចចរាចរណ៍ដែលរងការបាញ់គំរាមមកធ្វើការបំភ្លឺ និងបញ្ជាឱ្យអនុរក្សពន្ធនាគារនាំខ្លួនជនដៃដល់មកតុលាការដើម្បីសាកសួរបន្ថែមទៀត។
គួររំលឹកថា ជនសង្ស័យក្នុងករណីបាញ់គំរាមសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺចំនួន៣៣គ្រាប់នាពេលកន្លងមកត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីរូបគេបានចូលសារភាពនៅស្នងការនគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃ១០ មីនា ២០១៥នេះ។
លោកវរសេនីយ៍ឯកសោម បូរ៉ា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ការចូលបង្ហាញខ្លួនរបស់លោក ជឹង ស៊ីណាត បន្ទាប់ពីសមត្ថកិច្ចបានប្រើយុទ្ធសាស្ត្រជាច្រើន ដើម្បីអន្ទងលួងលោមចិត្តរបស់គេ។ មន្ត្រីនគរបាលបានប្រើយុទ្ធសាស្ត្រតាមរយៈមិត្តភក្តិរបស់លោក ជឹង ស៊ីណាត ដោយប្រើយុទ្ធសាស្ត្រអប់រំចិត្តសាស្ត្រ ហើយពន្យល់តាមច្បាប់ថា ទោសទណ្ឌនៃការបាញ់នេះ បើចូលខ្លួនទទួលស្គាល់នូវទោសកំហុសនឹងអាចធូរស្រាលជាងការគេចវេស ។
បន្ទាប់ពីមានការពន្យល់ទាំងចិត្តសាស្ត្រ និងផ្លូវច្បាប់ ទើបលោក ជឹង ស៊ីណាត ចូលបំភ្លឺនាព្រឹកនេះតែម្តង ហើយកម្លាំងនគរបាលរាជធានីភ្នំពេញ បានទាក់ទងមកលោក និងកំលាំងជំនាញដើម្បីទទួលជនបង្កការបាញ់បោះអនាធិបតេយ្យរូបនេះទៅតុលាការដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ