ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី៩ មីនា នៅខាងមុខផ្សារភ្នំព្រឹក បន្ទាប់ពីមានបណ្ដឹងចោទប្រកាន់ថា មានការរំលោភបំពានផ្លូវភេទទៅលើកុមារី អាយុ១២ឆ្នាំ ម្នាក់ រហូតបានសម្រេច នៅក្នុងភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក គ្រាដែលឌុបនាងទៅមើលឆាកកំប្លែង ។
អធិការរងស្រុកភ្នំព្រឹកលោកសារ៉េត វិសេដ្ធ បានប្រាប់ថា ជនសង្ស័យឈ្មោះជ្រី សុផៃ អាយុ២២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក រីឯកុមារីរងគ្រោះអាយុ១២ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ។ លោកអធិការរងបានបញ្ជាក់ថា អ្នករត់ម៉ូតូឌុបរូបនេះ ត្រូវសង្ស័យថា បានចាប់ក្មេងស្រីរំលោភសេពសន្ធវៈនៅយប់ថ្ងៃទី៨ មីនា នៅក្នុងភូមិអូរតាប៉ុន ត្រង់ចំនុចផ្លូវបំបែកស្ងាត់មួយកន្លែង គ្រាដែលឌុបនាងទៅមើលឆាកកំប្លែង ដែលសម្ដែងនៅក្បែរផ្សារភ្នំព្រឹក ។ លុះនៅព្រឹកថ្ងៃទី៩ មីនា ក៏ត្រូវឃាត់ខ្លួន ក្រោយពីអាណាព្យាបាលរបស់នាងដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ។
អ្នករត់ម៉ូតូឌុបបានសារភាពអំពីកំហុសរបស់ខ្លួនប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានចាប់បង្ខំនាងរំលោភសេពសន្ធវៈមែន នូវពេលឌុបនាងដល់កន្លែងស្ងាត់ ត្រង់ផ្លូវបំបែកមួយកន្លែង នៅក្នុងភូមិ ឃុំខាងលើ ។ ជនសង្ស័យរូបនេះបានបញ្ជាក់ថា ខ្លួនបានឌុបនាងចេញពីផ្ទះថា ទៅមើលការប្រគុំតន្រ្តី នៅផ្សារភ្នំព្រឹក តែពេលដល់ចំនុចផ្លូវបំបែក ដែលស្ងាត់ខ្លួន ក៏ឈប់ម៉ូតូក្បែរផ្លូវរួចចាប់នាងរំលោភ លុះស្អែកឡើង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដងទៅ ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យត្រូវបានបញ្ជូនមកដល់ស្នងការដ្ឋានខេត្តហើយ ហើយក៏កំពុងសួរនាំបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ទៅតុលាការដែរ ៕
ចែករំលែកព័តមាននេះ