ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ស្រុក​លើក​ដែក ដេញ​ទូក​នេសាទ​វៀតណាម ២៤គ្រឿង​ចេញពី​តំបន់​អភិរក្ស

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កាលពី​ថ្ងៃ​ទី​៣ មីនា កន្លង​ទៅ​ថ្មី​ៗ​នេះ កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​លើក​ដែក មាន​នគរបាល ប៉េ​អឹ​ម យោធា ជលផល និង​សហគមន៍​សរុប​២១​នាក់​

ខេត្តកណ្តាល ៖ កាលពី​ថ្ងៃ​ទី​៣ មីនា កន្លង​ទៅ​ថ្មី​ៗ​នេះ កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​លើក​ដែក មាន​នគរបាល ប៉េ​អឹ​ម យោធា ជលផល និង​សហគមន៍​សរុប​២១​នាក់​ដឹកនាំ​ដោយ​លោក សោម ផល្លា អភិបាលរង​ស្រុក បាន​ចុះ​រុះរើ​និង​បណ្តេញ​ទូក​នេសាទ​ជនជាតិ​វៀតណាម ២៤​ទូក ដែល​ចូល​មក​រស់នៅ​លើ​ផ្ទៃ​បឹង​តំបន់​អភិរក្ស​ការពារ​ពូជ​ត្រី​ត្រពាំង​ធំ នៃ​សហគមន៍​នេសាទ​លេខ​១១ ស្ថិត​ក្នុង​ឃុំ​សណ្តារ ស្រុក​លើក​ដែក ។

លោក មាស សាន់ នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​លើក​ដែក បានឱ្យ​ភ្នាក់ងារ​កោះសន្តិភាព​ដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​អភិបាល​ខេត្តកណ្តាល និង​ការ​ដឹកនាំ​បញ្ជា​អនុវត្ត​របស់​លោក ឃ្លាំង វណ្ណ​ធុ​ល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល បានឱ្យ​តាម​បណ្តា​ស្រុក​ដែល​មាន​កន្លែង​អភិរក្ស​ជលផល​ត្រូវ​យកចិត្តទុកដាក់​ការពារ​បង្ក្រាប​រាល់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ដូច​ជា​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់ ស្បៃ​មុង បាច​ថ្នាំ ដាក់​សម្រាស់ ។​ល​។ ជា​ពិសេស​ការ​សាងសង់​លំនៅ​ឋាន​រស់នៅ​អនាធិបតេយ្យ​លើ​តំបន់​ការពារ​អភិរក្ស​ពូជ​ត្រី ត្រូវ​តែ​បង្ក្រាប​បណ្តេញចេញ​ជា​ដាច់ខាត​ដើម្បី​កុំឱ្យ​រំខាន​ដល់​ពូជ​ត្រី ។

ហេតុ​ដូច្នេះ​ហើយ​ទើប​កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ដឹកនាំ​ដោយ​លោក សោម ផល្លា អភិបាលរង​ស្រុក តំណាង​ឱ្យ​លោក​អភិបាលស្រុក តែងតែ​ចុះ​អនុវត្ត​ជា​បន្តបន្ទាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​តាម​ការ​ណែនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ។

លោក មាស សាន់ បាន​បន្ត​ទៀត​ថា ការ​បណ្តេញ​ទូក​នេសាទ​ជនជាតិ​វៀតណាម​ទាំង​២៤​ទូក​ដែល​មក​រស់នៅ​លើ​ផ្ទៃ​បឹង​តំបន់​អភិរក្ស​ការពារ​ពូជ​ត្រី​ត្រពាំង​ធំ នៃ​សហគមន៍​នេសាទ​លេខ​១១​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​លួច​នេសាទ​ត្រី​ក្នុង​តំបន់​អភិរក្ស និង​បញ្ចៀស​ការ​បំពុលបរិស្ថាន​តំបន់​អភិរក្ស ។

លោក​បញ្ជាក់​បន្ថែម​ថា តំបន់​អភិរក្ស​សហគមន៍​នេសាទ​លេខ​១១​នេះ តែងតែមាន​ជនជាតិ​វៀតណាម ចូល​មក​អុកឡុក​នេសាទ​ត្រី​ស្ទើរតែ​រៀង​រាល់​ឆ្នាំ ហើយ​ពួក​គេ​មិន​ខ្លាច​សមត្ថកិច្ច​ទេ ថែម​ទាំង​ហ៊ា​ន​តតាំង​ដេញ​ព័ទ្ធ​សមត្ថកិច្ច​វិញ​ក៏​មាន​ដែរ ។ ជាក់ស្តែង​ដូច​ជា​ករណី​ប៉ុន្មាន​ខែ​មុន​នេះ ទូក​ជនជាតិ​វៀតណាម​ប្រហែល​៣០០​ទៅ​៤០០​ទូក​សរុប​ជា​មនុស្ស​ប្រហែល​៧០០​នាក់ បាន​នាំ​គ្នា​សម្រុកចូល​នេសាទ​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​សហគមន៍​នេសាទ​លេខ​១១ ថែម​ទាំង​លើកគ្នា​មក​ព័ទ្ធ​រោង​សហគមន៍​ធ្វើ​ឱ្យ​កងកម្លាំង​ភ័យ​រត់​ឡើងគោក​បាតជើង​ស​ព្រាត​ទាំង​ព្រលឹង​ចុង​សក់​ទៀត​ផង​។ ទោះបី​យ៉ា​ង​ណា អនុវត្ត​តាម​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ស្រុក កម្លាំង​បាន​ទិញ​បន្លា​លួស​រាប់​តោន​រាយ​ជុំវិញ​តំបន់​អភិរក្ស​ដើម្បី​ការពារ​ពូជ​ត្រី ៕